ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា បន្តធ្វើការងារជាមួយជប៉ុនបន្ថែមទៀត លើវិស័យការពារជាតិ
24, Apr 2022 , 4:39 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក Kishida Fumio នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្នុងទីក្រុងគឹម៉ាមូតូ ប្រទេសជប៉ុន។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក Kishida Fumio នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្នុងទីក្រុងគឹម៉ាមូតូ ប្រទេសជប៉ុន។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
ក្នុងជំនួប  ផ្ទាល់មុខជាមួយលោក Kishida Fumio នាយករដ្ឋមន្រ្តីជប៉ុន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជា នឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយជប៉ុនបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេច បានជម្រាបលោក លោក Kishida Fumio កម្ពុជា នៅតែស្វាគមន៍នាវាជើងទឹកជប៉ុន បើបន្តធ្វើដំណើរទៅទស្សនកិច្ច និងចូលចតនៅកំពង់ផែរបស់កម្ពុជា។

 
លោក Kishida Fumio ថ្លែងទៅកាន់សម្តេច ហ៊ុន សែន ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានការរីកចម្រើនជាបន្តបន្ទាប់ ពិសេសវិស័យសន្តិសុខ និងវិស័យការពារជាតិ។ ជាមួយគ្នានេះ លោក បានអរគុណកម្ពុជា ដែលអនុញ្ញាត និងទទួលនាវាជើងទឹកជប៉ុន ដែលចូលចតនៅចតនៅកំពង់ផែរបស់កម្ពុជាកន្លងមក។
 
លោកនាយករដ្ឋមន្រ្តីជប៉ុន ចាត់ទុកការទទួលស្វាគមន៍នាវាជើងទឹកជប៉ុន ថាជាការរួមចំណែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ លោក ថែមទាំងប្រកាសបន្តគាំទ្រការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តទៀត។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា ការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។ 
 
សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅចូលរួម​កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្នុងទីក្រុងគឹម៉ាម៉ូតុ ​(Kumamoto) ​ប្រទេសជប៉ុន។ ក្រៅពីចូលរួមក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបញ្ហាទឹក មេដឹកនាំកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំជប៉ុន។ 
 
នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ ចាកចេញពីជប៉ុន មកកាន់មាតុភូមិវិញ។ មេដឹកនាំកម្ពុជា បានប្រកាសប្រាប់ប្រជាជនលើទំព័រហ្វេសប៊ុកថា ការចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបញ្ហាទឹកនេះ គឺទទួលបានភាពជោគជ័យ៕  
 
 
 
 

Tag:
 កម្ពុជា-ជប៉ុន
  វិស័យការពារជាតិ
  ហ៊ុន សែន
  Kishida Fumio
© រក្សាសិទ្ធិដោយ thmeythmey.com