អន្តរជាតិ
លោកហ្សេលេនស្គី នឹងស្នើអាវុធធ្ងន់ធ្ងន់ពីមន្រ្តីជាន់ខ្ពស់អាម៉េរិក ដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែន
24, Apr 2022 , 5:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមេសា បានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែន អាចទទួលបានអាវុធធ្ងន់ធ្ងរ ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ដែលត្រូវធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងថ្ងៃទី២៤ ខែមេសា។

 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ត្រូវធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងថ្ងៃទី២៤ ខែមេសា។ នេះជាទស្សនកិច្ចរបស់មន្រ្តីអាម៉េរិកមកអ៊ុយក្រែនលើកដំបូង បន្ទាប់ពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេស។ ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងកៀវ ក្នុងថ្ងៃទី២៣ ខែមេសា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែន នឹងជជែកជាមួយមន្រ្តីជាន់ខ្ពស់អាម៉េរិក ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
«ថ្ងៃស្អែក យើងនឹងជជែកពីបញ្ជីអាវុធជាក់លាក់ ដែលសំខាន់សម្រាប់យើង រួមទាំងនីតិវិធីដឹកជញ្ជូន»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អ៊ុយក្រែនចង់បានអាវុធធ្ងន់ធ្ងរបន្ថែមទៀត។ បើតាមលោក ហ្សេលេនស្គី វាសំខាន់ណាស់សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានអាវុធជាច្រើន ដោយសារ ប្រសិនបើអ៊ុយក្រែនមានវា អ៊ុយក្រែន អាចដណ្តើមយកដែនដី ដែលគ្រប់គ្រងដោយរុស្ស៊ីមកវិញបាន។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែលនោះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានយល់ឃើញថា ក្រុងមូស្គូ អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែស្របគ្នានេះ លោកក៏មិនជឿដែរថា ក្រុងមូស្គូ អាចប្រើអាវុធបែបនោះ មកលើអ៊ុយក្រែន។ កន្លងមក រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានថ្លែងថា រុស្ស៊ី នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ។ 
 
ក្រៅពីការស្នើសុំអាវុធ លោក ហ្សេលេនស្គី បានបង្ហាញការសោកស្តាយ ចំពោះការវាយប្រហាររបស់រុស្ស៊ី នៅក្រុង Odesa ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨នាក់បាត់បង់ជីវិត ក្នុងនោះរួមទាំងក្មេងអាយុ ៣ខែផងដែរ។
 
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកនៅអ៊ុយក្រែនក្នុងពេលនេះ ធ្វើឡើងស្របពេលរុស្ស៊ី បានផ្តោតការវាយប្រហាររបស់ខ្លួន នៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយប្តេជ្ញាគ្រប់គ្រងតំបន់នោះឱ្យបានពេញលេញ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com