អន្តរជាតិ
បារាំង ចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីជុំចុងក្រោយ
24, Apr 2022 , 8:19 pm        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី ម៉ារីន ឡឺ ប៉ែន ។រូបភាព៖ AFP
លោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី ម៉ារីន ឡឺ ប៉ែន ។រូបភាព៖ AFP
បារាំង នៅថ្ងៃទី២៤ ខែមេសា បានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីជុំចុងក្រោយហើយ។ នៅជុំចុងក្រោយនេះ បេក្ខជនពីររូប ដែលមាន លោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី ម៉ារីន ឡឺ ប៉ែន ត្រូវប្រជែងយកតំណែងប្រធានាធិបតី សម្រាប់អាណត្តិ ៥ឆ្នាំខាងមុខ។

 
បន្ទាប់ពីការបោះឆ្នោតជុំទីមួយ បារាំង បានរកឃើញបុគ្គលពីររូប ដែលត្រូវប្រជែងយកតំណែងកំពូលរបស់ប្រទេស នោះគឺលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកស្រីម៉ារីន ឡឺ ប៉ែន។ អ្នកទាំងពីរ គឺជាគូប្រជែងចាស់នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង កាលពីឆ្នាំ ២០១៧ កន្លងទៅ។ 
 
ក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ លោកម៉ាក្រុង ត្រូវបានរំពឹងថា អាចនាំមុខលោកស្រី ឡឺ ប៉ែន តែបន្តិចបន្តួចប៉ុណ្ណោះ។ កាលពីបោះឆ្នោតជុំទីមួយ នៅថ្ងៃទី១០ ខែមេសា លោកម៉ាក្រុងទទួលបាន សំឡេងគាំទ្រ២៧,៦ភាគរយ ខណៈលោកស្រីឡឺ ប៉ែនមាន ២៣,៤ភាគរយ។ អ្នកតាមដានការបោះឆ្នោតប្រធានាធិបតីបារាំង បានយល់ថា លោក ម៉ាក្រុង នឹងអាចការពារតំណែងរបស់ខ្លួនសម្រាប់អាណត្តិទីពីរ។ ប្រសិនបើលោក ម៉ាក្រុង អាចឈ្នះការបោះឆ្នោតលើកនេះ លោកនឹងក្លាយជាប្រធានាធិបតីបារាំងដំបូង ក្នុងរយៈពេល ២០ឆ្នាំ មកនេះ ដែលអាចកាន់តំណែងនៅអាណត្តិទីពីរ។ 
 
ទន្ទឹមនេះ អ្នកជំនាញបានអះអាងថា ប្រជាជនបារាំង អាចនឹងចេញទៅបោះឆ្នោតតិច ដោយសារមិនពេញចិត្តលោកម៉ាក្រុង ដែលមានអាចសម្រេចការសន្យារបស់ខ្លួនកន្លងមក មានចរិតអំនួត និងជាប្រធានាធិបតីរបស់អ្នកមាន ខណៈលោកស្រី ឡឺ ប៉ែន ត្រូវបានចោទថា មាននិន្នាការទៅរករុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 
 
សូមបញ្ជាក់ថា តាមការស្រង់មតិរបស់សារព័ត៌មានPOLITICO  នៅថ្ងៃទី២១ ខែមេសា កន្លងមក លោកម៉ាក្រុង អាចទទួលបានសំឡេងគាំទ្រប្រមាណ ៥៥ភាគរយ ខណៈលោកស្រី ឡឺប៉ែន អាចទទួលបាន ៤៥ភាគរយ សម្រាប់ការបោះឆ្នោតថ្ងៃទី២៤ ខែមេសា។ នេះជាចំនួន ដ៏ប្រកៀកប្រកិតមួយ បើធៀបនឹងការបោះឆ្នោតបារាំងក្នុងឆ្នាំ ២០១៧ កន្លងទៅ។ នៅក្នុងឆ្នាំ ២០១៧ លោក ម៉ាក្រុង បានយកឈ្នះលោកស្រី ឡឺប៉ែន ក្នុងសំឡេង ៦៦,១ភាគរយ ទល់នឹង៣៣,៩ភាគរយ៕ 
 

Tag:
 បារាំង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com