ជាតិ
ក្រុម​អ្នកជំនាញប្រើឧបករណ៍GPR ស្កេនរកសំណង់បុរាណកប់ក្នុងដីនៅរមណីយដ្ឋានកោះកេរ
24, Apr 2022 , 9:39 pm        
រូបភាព
សកម្មភាពស្កេននៅរមណីយដ្ឋាន​ប្រាសាទកោះកេរ
សកម្មភាពស្កេននៅរមណីយដ្ឋាន​ប្រាសាទកោះកេរ
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយសាកលវិទ្យាល័យ The University of British Columbia ប្រទេសកាណាដា បានចាប់ផ្ដើម​ស្រាវជ្រាវក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយប្រើប្រាស់ឧបករណ៍ Ground Penetrating Radar (GPR)។ ការស្រាវជ្រាវនេះ នឹងស្កេនរករចនាសម្ព័ន្ធសំណង់បុរាណមួយចំនួនដែលកប់ក្នុងស្រទាប់ដី រួមទាំងស្វែងយល់ពីការតាំងទីរបស់មនុស្សនាសម័យបុរាណ​។



អាជ្ញាធរជាតិព្រះវិហារ បន្តសហការជាមួយស្ថាប័នអន្តរជាតិលើការសិក្សាស្រាវជ្រាវពីបុរាណវិទ្យានៅ​ក្នុង​រមណីយដ្ឋាន​កោះកេរ។ នៅថ្ងៃទី១៩ មេសាកន្លងទៅ អាជ្ញាធរជាតិព្រះវិហារ និង​សាកលវិទ្យាល័យ The University of British Columbia បានចាប់ផ្ដើមចុះសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា ដោយប្រើប្រាស់ឧបករណ៍ GPR ដើម្បីស្កេន។
 
ក្រុមអ្នកជំនាញ  នឹងស្កេននៅទីតាំងចន្លោះពីប្រាសាទធំ ដល់អណ្តូងព្រេង ឬរាជវាំងបុរាណ ដើម្បីសិក្សាស្វែងយល់ពីការតាំងទីរបស់មនុស្សនាសម័យបុរាណ និងរចនាសម្ព័ន្ធសំណង់បុរាណមួយចំនួនដែលកប់បាត់ក្នុងស្រទាប់ដី។ គម្រោងកិច្ចសហការស្រាវជ្រាវនេះ មានរយៈពេល១០ថ្ងៃ ដើម្បីប្រមូលទិន្នន័យនៅទីតាំងដែលបានកំណត់ខាងលើ។ 
 
បើតាម​អាជ្ញាធរជាតិព្រះវិហារ​ លក្ខណៈពិសេសនៃការប្រើប្រាស់ម៉ាស៊ីនស្កេននេះ គឺប្រើរលកវិទ្យុកម្មចាក់ចូលទៅក្នុងដី ដែលអាចដឹងពីរចនាសម្ព័ន្ធគ្រឹះសំណង់ផ្សេងៗដោយមិនចាំបាច់កាយដីចេញ។ គួរ​បញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ៕
 

Tag:
 ប្រាសាទកោះកេរ
  ព្រះវិហារ
  វប្បធម៌
  ទេសចរណ៍
  បុរាណវិទ្យា
  GPR
© រក្សាសិទ្ធិដោយ thmeythmey.com