វ៉ាស៊ីនតោន - របស់ជាច្រើនដែលមានរួមទាំងសញ្ញាភ្លើងចរាចរណ៍ដែលមានបីពណ៌ ឡានដឹកទំនិញមានម៉ាស៊ីនត្រជាក់ ទ្វារជណ្តើរយន្តដែលបិទបើកដោយស្វ័យប្រវត្តិ កញ្ចក់កុំព្យូទ័រពណ៌ បន្ទះក្តារសម្រាប់អ៊ុតខោអាវ កាំរស្មី laser សម្រាប់ព្យាបាលជំងឺឡើងបាយភ្នែក ប្រព័ន្ធសន្តិសុខផ្ទះសំបែង កាំភ្លើងជ័របាញ់ទឹក ព្រមទាំង វត្ថុនិងសេវាជាច្រើន ដែលជនជាតិអាមេរិកាំងប្រើប្រាស់រាល់ថ្ងៃ ត្រូវបានច្នៃប្រឌិតដោយបុរសនិងស្ត្រីស្បែកខ្មៅ។
ពួកអ្នកប្រឌិតទាំងនេះត្រូវបានទទួលស្គាល់ដោយសារការច្នៃប្រឌិតរបស់ពួកគេ តែអ្នកច្នៃប្រឌិតមិនមែនជាជនស្បែកសឯទៀតរាប់មិនអស់មិនបានត្រូវទទួលស្គាល់ទេ។ អ្នកច្នៃប្រឌិតឯទៀតបានបាត់ឈ្មោះក្នុងប្រវត្តិសាស្ត្រ។
លោកស្រី Shontavia Johnson ជាសហគ្រិននិងជាអនុប្រធានផ្នែកសហគ្រិនភាពនិងការច្នៃប្រឌិតនៅសាកលវិទ្យាល័យ Clemson រដ្ឋ South Carolina។ លោកស្រីនិយាយថា៖«មានអ្នកប្រឌិតស្បែកខ្មៅខ្លះបានប្រកួតជាមួយលោក Alexander Graham Bell និងលោក Thomas Edison ហើយការច្នៃប្រឌិតរបស់ពួកគេក៏ល្អហើយមានភាពផ្លាស់ប្តូរពីរបៀបចាស់ផងដែរ តែពួកគេគ្មានមូលធនសម្រាប់ដំណើរការ។ ពួកគេមិនអាចចូលក្នុងប្រព័ន្ធផ្សេងៗរបស់សហរដ្ឋអាម៉េរិកសម្រាប់គាំទ្រក្រុមអ្នកច្នៃប្រឌិត»។
នៅឆ្នាំ ១៨២១ លោក Thomas Jennings ទទួលបានប៉ាតង់មួយសម្រាប់ dry-scouring ដែលជាដំណើរការមួយសម្រាប់ឈានដល់ការបោកគក់ដោយមិនប្រើទឹកដល់សព្វថ្ងៃនេះ
លោក Thomas Edison មានកេរ្តិ៍ឈ្មោះដោយសារលោកបានច្នៃប្រឌិតអំពូលភ្លើង តែគឺលោក Lewis Latimer ជាកូនប្រុសរបស់អតីតទាសករដែលមានប៉ាតង់ក្នុងការបង្កើតសរសៃលោហធាតុធ្មារដែលធ្វើឱ្យអំពូលភ្លើងប្រើបានយូរ។ លោក Latimer បានទទួលប៉ាតង់សម្រាប់ការប្រឌិតរបស់លោកកាលពីឆ្នាំ១៨៨២ ដែលអ្នកច្នៃប្រឌិតស្បែកខ្មៅច្រើននាក់មុនលោកមិនអាចធ្វើបាន។
ពួកពលរដ្ឋស្បែកខ្មៅដែលមានសេរីភាពនៅពេលនោះអាចទទួលប៉ាតង់ពីការិយាល័យសហរដ្ឋអាម៉េរិក.ខាងប៉ាតង់និងសញ្ញាកម្មសិទ្ធិ តែក្រុមជនស្បែកខ្មៅជាទាសករមិនអាចទទួលប៉ាតង់បានទេ។ សហរដ្ឋអាមេរិកបានលប់ចោលទាសភាពកាលពីឆ្នាំ១៨៦៥ ជាមួយការអនុម័តវិសោធនកម្មទី១៣នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក។ នៅមុនពេលនោះ ការច្នៃប្រឌិតរបស់ពួកអ្នកច្នៃប្រឌិតស្បែកខ្មៅ ជាញឹកញយត្រូវបានពួកម្ចាស់ទាសករ ឬជនស្បែកសឯទៀត អះអាងថាជាការច្នៃប្រឌិតរបស់ខ្លួន។
ការសិក្សាស្រាវជ្រាវនៅសម័យនេះបង្ហាញថាមានករណីជាក់ស្តែងទាក់ទិននឹងបច្ចេកវិជ្ជានៅក្នុងឧបករណ៍យកគ្រាប់កប្បាសចេញ។ ជនស្បែកខ្មៅជាទាសករម្នាក់បានច្នៃប្រឌិតឧបករណ៍នេះ តែជនស្បែកសម្នាក់ឈ្មោះ Eli Whitney បានទទួលប៉ាតង់សម្រាប់ការច្នៃប្រឌិតនោះ។
លោកស្រី Johnson ថ្លែងថា«យើងតែងតែយល់ថា ប្រទេសយើងជាប្រទេសដែលមានការចម្រើនលូតលាស់ខាងការច្នៃប្រឌិត និងសហគ្រិនភាព ប៉ុន្តែនៅពេលគេផាត់ចោលមនុស្សមួយក្រុមមិនឱ្យចូលក្នុងប្រព័ន្ធប៉ាតង់បាន ហើយទាញយកប្រយោជន៍ពីការប្រឌិតរបស់ពួកគេ អ្វីដែលយើងឃើញ ក្នុងប្រវត្តិសាស្ត្រអាម៉េរិកាំងគឺអ្នកច្នៃប្រឌិត សុទ្ធសឹងតែជាបុរសស្បែកស។ មិនមែនដោយសារមនុស្សឯទៀតមិនចេះច្នៃប្រឌិតទេ តែពីព្រោះជនទាំងនោះត្រូវបានផាត់ចេញពីប្រព័ន្ធប៉ាតង់»។
លោក Lonnie Johnson កាន់កាំភ្លើងជ័របាញ់ទឹក ដែលលោកបានបង្កើតឡើង
ការផាត់ក្រុមអ្នកច្នៃប្រឌិតស្បែកខ្មៅចេញពីប្រព័ន្ធប៉ាតង់ និងការផ្តល់កិត្តិយសឲ្យអ្នកច្នៃប្រឌិតស្បែកសអាម៉េរិកាំង តែប៉ុណ្ណោះនេះ មានឫសគល់ក្នុងការរើសអើងពូជសាសន៍ ដែលគិតថាជនស្បែកខ្មៅមិនសូវមានប្រាជ្ញា នេះបើតាមលោក Rayvon Fouché សាស្ត្រាចារ្យខាងការសិក្សាអាម៉េរិកាំងនៅសាកលវិទ្យាល័យPurdue ក្នុងក្រុង Lafayette រដ្ឋ Indiana។
លោក Fouché ដែលថែមទាំងជាប្រធានផ្នែកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃមូលនិធិវិទ្យាសាស្ត្រជាតិដែរ និយាយថា៖«ការប្រឌិតត្រូវបានគេយល់ឃើញថា ជាសមត្ថភាពប្រទានដោយព្រះអាទិទេព។ ដូច្នេះភាពជាមនុស្សប្រុស និងអំណាចស្ថិតនៅក្នុងទស្សនវិស័យនៃការច្នៃប្រឌិត។ ការឱ្យនិយមន័យនៃពាក្យនេះ បានបំបាត់លទ្ធភាពសម្រាប់ជនស្បែកខ្មៅទាំងអស់ និងអ្នកដទៃទៀត»។
ការរារាំងឯទៀតដែលពួកអ្នកច្នៃប្រឌិតស្បែកខ្មៅ ប្រឈមក្នុងប្រវត្តិសាស្ត្រមានរួមទាំងការមិនអាចចូលរួមក្នុងការសិក្សាអប់រំដោយស្មើភាព ការផាត់ចេញជាប្រព័ន្ធពីសមាគមវិទ្យាសាស្ត្រ និងវិស្វកម្ម ការចូលទាក់ទងដោយមានកម្រិតជាមួយពួកអ្នកច្នៃប្រឌិតមានធនធានច្រើន និងធនាគារធំៗ សម្រាប់ខ្ចីមូលធនដើម្បីចាប់ផ្តើមពាណិជ្ជកម្មការច្នៃប្រឌិតរបស់ពួកគេ និងអំពើហិង្សាខាងពូជសាសន៍។
ពួកអ្នកច្នៃប្រឌិតស្បែកខ្មៅ ថែមទាំងមានការទាក់ទិនតិចតួច ជាមួយសកម្មភាពប៉ាតង់ រវាងឆ្នាំ១៨៧០ និង១៩៤០ នៅពេលមានការប្រហារជីវិតដោយព្យួរក ក្រៅប្រព័ន្ធតុលាការ កុបកម្មខាងពូជសាសន៍ និងច្បាប់បែងចែកពូជសាសន៍ ក្នុងសហរដ្ឋអាម៉េរិក។
អ្នកបង្កើតវត្ថុថ្មីៗស្បែកខ្មៅខ្លះ មានគំនិតច្នៃប្រឌិតដែលមិនស៊ីគ្នាជាមួយគំនិតនៃប្រឌិតភាពតាមប្រពៃណី។
ឧបករណ៍ចាក់ចម្រៀងដែលបង្កើតឡើងដោយ DJ Grandmaster Flash ឥឡូវនេះត្រូវបានរក្សាទុកដោយ Smithsonian_s National Museum of American History
លោក Eric Hintz ជាអ្នកប្រវត្តិសាស្ត្រនៅឯមជ្ឈមណ្ឌលសិក្សាអំពីការច្នៃប្រឌិត និងការបញ្ចូលរបៀបថ្មីនៃសារមន្ទីរប្រវត្តិសាស្ត្រអាម៉េរិកាំងរបស់ស្ថាប័ន Smithsonian។ លោកនិយាយថា៖«ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់អង្វែងរបស់យើង នៅពេលយើងនិយាយអំពីពាក្យ«ការច្នៃប្រឌិត» គេយល់ថាសំដៅទៅលើពួកជនស្បែកស ដែលមានដើមកំណើតពីអឺរ៉ុប។ ជាញឹកញយ និយមន័យជាប្រពៃណីនៃពាក្យ«ការច្នៃប្រឌិត» គឺសំដៅទៅលើម៉ាស៊ីនដែលជួយសម្រាលពលកម្មរបស់មនុស្សនិងសត្វ ដែលបំពេញកិច្ចការមានប្រសិទ្ធភាពជាងមុន»។
ការណ៍នេះបណ្តាលឱ្យការច្នៃប្រឌិតខ្ លះរបស់ជនជាតិស្បែកខ្មៅមិនត្រូវបានទទួលស្គាល់ដោយប្រព័ន្ធប៉ាតង់។
លោកស្រី Johnson ថ្លែងថា៖«ប្រព័ន្ធប៉ាតង់ត្រូវបានបង្កើតឡើងតាមគំរូនេះ ដែលសន្មតជាមូលដ្ឋានថាការច្នៃប្រឌិតមានប្រយោជន៍ នៅពេលវានាំឱ្យមានការចំណេញខាងពាណិជ្ជកម្ម។ ប៉ុន្តែប្រសិនបើវាមាឫសគល់ ក្នុងការរស់រានមានជីវិតរបស់សហគមន៍ ឬសេចក្តីត្រូវការរបស់សង្គម វាមិនស័ក្តិសមទទួលបាននូវការការពារទេ ដូចដែលយើងបានឃើញស្រាប់នៅក្នុងច្បាប់»។
លោកស្រីថ្លែងទៀតថា៖«វត្ថុខ្លះអាចមានប៉ាតង់ ហើយវត្ថុខ្លះទៀតមិនអាចមានទេ។ នេះជាភាពខុសគ្នាមួយ ដែលនាំឱ្យខ្ញុំយល់ថានាំឱ្យមានមនុស្សជាច្រើន ឋិតនៅក្រៅប្រព័ន្ធនេះ»។
DJ ម្នាក់ដ៏មានប្រជាប្រិយភាពម្នាក់នៅបូរី New York ដែលគេស្គាល់ឈ្មោះថា Grandmaster Flash បានផ្តើមគំនិតប្រើម៉ាស៊ីនចាក់ថាសចម្រៀង ជាឧបករណ៍មួយដោយប្រើម្រៀមដៃលោកកែប្រែសំឡេងថាសចម្រៀង ឱ្យថយក្រោយនិងទៅមុខ ឬធ្វើឱ្យយឺត។ លោកបានបង្កើតវិធីថ្មីមួយ ក្នុងការចាក់ថាសចម្រៀងតាមវិទ្យុ តែលោកគ្មានប៉ាតង់ទេ។
លោក Fouché និយាយថា៖«ពួកជនស្បែកខ្មៅបានបង្កើតវិធីថ្មីៗជាច្រើន។ យើងឃើញមានការបង្កើតថ្មីៗខាងបច្ចេកវិទ្យាក្នុងការផលិតភ្លេងនិងសិល្បៈ។ ក៏ប៉ុន្តែការិយាល័យប៉ាតង់ ផ្តោតទៅលើការបញ្ចូលរបៀបថ្មីៗ ខាងបច្ចេកវិទ្យាផ្អែកលើវិទ្យាសាស្ត្រ។ ហើយខ្ញុំយល់ថាគួរបើកឱ្យមានការសន្ទនាគ្នា អំពីថាតើអ្វីទៅដែលអាចចាត់ទុកថាជាការច្នៃប្រឌិតនោះ»។
មជ្ឈមណ្ឌល Lemelson នៃស្ថាប័ន Smithsonian បានទទួលស្គាល់ថា វត្ថុដាក់តាំងក្នុងសារមន្ទីរកន្លងមក ខកខានមិនបានដាក់តាំងវត្ថុដែលជាសមិទ្ធផលរបស់មនុស្សផ្សេងៗទេ។
លោក Hintz និយាយថា៖«អស់ពេលជាច្រើនសតវត្សរ៍មកហើយ ស្ថាប័ន Smithsonian និងបណ្ណាល័យព្រមទាំងសារមន្ទីរដទៃទៀត បាននាំគ្នាផ្តោតតែទៅលើពួកអ្នកច្នៃប្រឌិតស្បែកស នៅពេលដែលពួកគេប្រមូលវត្ថុមកតាំង។ យើងមានវត្ថុជាច្រើន ដែលពាក់ព័ន្ធជាមួយលោក Edison និងបច្ចេកវិជ្ជាTesla ខាងអគ្គិសនី និងលោក Steve Jobs នៃក្រុមហ៊ុន Apple និងមនុស្សផ្សេងទៀត តែឥឡូវនេះយើងត្រូវតែថែរក្សាទុករឿងរបស់លោកស្រី C.J. Walker, Grandmaster Flash និង Lonnie Johnson ដែលបានប្រឌិតវត្ថុក្មេងលេង Super Soaker និងរឿងរបស់លោកស្រី Patricia Bath វេជ្ជបណ្ឌិតខាងជំងឺភ្នែក ដែលបានបង្កើតវិធីបំបាត់ជំងឺភ្នែកឡើងបាយ»។
វេជ្ជបណ្ឌិត Patricia Bath នៅផ្ទះរបស់អ្នកស្រីក្នុងទីក្រុង Los Angeles ឆ្នាំ ១៩៩៤ បានបង្កើតឧបករណ៍ថ្មីមួយ និងបច្ចេកវិទ្យាសម្រាប់វះកាត់ព្យាបាលជំងឺភ្នែកឡើងបាយ។
លោកស្រី Walker ដែលជាស្ត្រីអាម៉េរិកាំងទីមួយ មានប្រាក់រាប់លានដុល្លារ បានក្លាយជាអ្នកមាន ដោយសារការផលិតវត្ថុសំអាងសក់សម្រាប់ស្ត្រីស្បែកខ្មៅ។ ពួកជនស្បែកខ្មៅ ក៏បានបង្កើតម៉ាស៊ីនហាងខោអាវ លេខឡានស្វ័យប្រវត្តិ បង្គន់ទំនើប ប្រដាប់ស្រោចទឹកស្មៅ ប៊ើសណ្តែកដី និងដំឡូងបារាំងបំពងដាក់កញ្ចប់។ ក៏ប៉ុន្តែគម្លាតខាងការបញ្ចូលរបៀបថ្មីៗ នៅតែមានតទៅទៀត។ ជនជាតិអាម៉េរិកាំងដើមកំណើតអាហ្វ្រិក និងក្រុមស្ត្រីបានចូលរួមក្នុងដំណាក់កាលនីមួយៗ នៃការបញ្ចូលរៀបថ្មីៗក្នុងអត្រាទាបជាងពួកបុរស និងបុរសស្បែកស។
លោក Fouché ថ្លែងថា៖«តើលោកអ្នកធ្វើបែបណាឱ្យមានកុមារ និងនារីស្បែកខ្មៅ ព្រមទាំងក្រុមមនុស្សភាគតិច បានចូលក្នុងមាគ៌ាទាំងនេះដែលកន្លងមក មានតែពួកជនស្បែកសប្រុសៗនោះ? លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបំផុសឱ្យក្រុមកុមារ ចេះបែកគំនិត ទោះជាពួកគេជួបប្រទះឧបសគ្គលំបាកយ៉ាងណាក៏ដោយ។
លោកបានពោលទៀតថា៖ «សំខាន់ ខ្ញុំចង់សួរថាតើអ្នកចង់ធ្វើអ្វី? តើអ្នកចង់កែប្រែពិភពលោកដោយវិធីណា? តើអ្វីខ្លះដែលមានសារៈសំខាន់ចំពោះអ្នក? ហើយលើកទឹកចិត្តឱ្យមនុស្សឃើញថាមានឱកាសច្រើនណាស់»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ