ជាតិ
មន្រ្តី៣៥រូប ត្រូវបានតែងតាំងជាគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
25, Apr 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន សម្រេចតែងតាំងមន្រ្តីចំនួន ៣៥រូប ជាប្រធាន អនុប្រធាន និងជាសមាជិក​នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ នេះបើតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយស​​ម្ដេច ហ៊ុន សែន កាលពីថ្ងៃទី​២០ មេសា។


មន្រ្តីចំនួន ៣៥រូប ត្រូវបានតែងតាំងជាគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ បើតាមសេចក្ដីសម្រេចខាងលើ លោក អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​ប្រធាន ខណៈលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន។ ដោយឡែកមន្រ្តី៣១រូបផ្សេងទៀត ជាសមាជិក។
 
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ប​ង្កើតឡើង ដើម្បីអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរឆ្នាំ២០២១-២០៣៥ សំដៅធ្វើយ៉ាងឱ្យមានប្រសិទ្ធភាព និង​ប្រកួតប្រជែង។ គណៈកម្មការនេះ នឹងត្រូវដឹកនាំបង្កើតផលិតផល​ទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងនិរន្តរភាព ព្រមទាំងពិនិត្យលើគម្រោងវិនិយោគនានាក្នុងខេត្តសៀមរាបផងដែ។
 
សូមបញ្ជាក់ថា គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ត្រូវ​បាន​បង្កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រោយរដ្ឋាភិបាលបង្កើតផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ឆ្នាំ២០២១-២០៣៥។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ គឺផ្តោតសំខាន់លើការអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ ចំនួន៦ទីតាំង ដើម្បីឈានសម្រេចបាននូវការទទួលប្រាក់ចំណូលជិត៦ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាតិ ១០,៩លាននាក់ និងអន្តរជាតិ៧លាននាក់ ព្រមទាំងបង្កើតការងារដោយផ្ទាល់ ប្រមាណ៩៤ម៉ឺននាក់ នៅក្នុងឆ្នាំ២០៣៥៕
 
 

Tag:
 ទេសចរណ៍
  សៀមរាប
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com