ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ អនុវិស័យផលិតកម្មសត្វ បានបោះជំហានតាមគោលដៅរដ្ឋាភិបាលចង់បាន
26, Apr 2022 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ លោក វេង សាខុន លើកឡើងថា ការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសាររបស់កសិករនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ នាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ មេសា។


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញពីការផ្លាស់ប្ដូររបស់ប្រជាកសិករ ដែល​ចិញ្ចឹមសត្វជា​លក្ខណៈគ្រួសារទៅជាការចិញ្ចឹមសម្រាប់ពាណិជ្ជកម្មវិញ។ បើតាមលោក វេង សាខុន ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ដែលជាបណ្តុំ ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ 
 
នាពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ មេសា លោក វេង សាខុន លើកឡើងថា ផ្ទៃដីចម្ការស្រែជាង ៩០ភាគរយ ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត។​ ដោយឡែក សត្វគោ-ក្របី ត្រូវបានប្តូរតួនាទីពីការចិញ្ចឹម ដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ 
 
ក្រោយការផ្លាស់ប្ដូររបស់ប្រជាកសិករនាបច្ចុប្បន្ន រដ្ឋមន្រ្តីកសិកម្ម បញ្ជាក់​យ៉ាងដូច្នេះ៖«នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថាអនុវិស័យផលិតកម្មសត្វ បាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ ឆ្ពោះទៅគោលដៅមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន គឺជាការអភិវឌ្ឍអនុវិស័យនេះ។ ដោយសំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹម តាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងបរិស្ថាន។ ចុងក្រោយផលិតបានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:»។ 
 
សូមបញ្ជាក់ថា ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងចុះបណ្ដុះបណ្ដាលពីបច្ចេកទេសនៃការចិញ្ចឹមសត្វដល់កសិករ នៅតាមរាជធានី-ខេត្ត ទាក់ទងនឹងការផ្ដល់ចំណី ការជ្រើសរើសពូជ ការថែទាំ និងបច្ចេកទេសផ្សេងៗ៕
 

Tag:
 កសិកម្ម
  កំពង់ស្ពឺ
  ចិញ្ចឹមសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com