ជាតិ
«វត្ត» ដែលមានបរិស្ថានស្អាត នឹងត្រូវជ្រើសជាជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២
30, Apr 2022 , 5:10 pm        
រូបភាព
 រូបភាព៖ បរិស្ថាននៅវត្តសិរិសាគរដូនស្ដេីង នាខេត្តព្រៃវែង
រូបភាព៖ បរិស្ថាននៅវត្តសិរិសាគរដូនស្ដេីង នាខេត្តព្រៃវែង
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយ​ក្រសួង​ធម្មការ និង​សាសនា នឹង​រៀបចំការប្រឡង​ប្រណាំង​អារាមមេត្រីបរិស្ថាន ឆ្នាំ២០២២ ដើម្បី​លើកកម្ពស់ការចូលរួមរបស់អារាមសាសនាទាំងអស់ឱ្យប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន។ បើតាមក្រសួងបរិស្ថាន វត្តអារាមដែលត្រូវបានជ្រើសរើសជាជ័យលាភីអារាមមេត្រីបរិស្ថាន ត្រូវឆ្លងកាត់​ការពិនិត្យ និងចុះវាយតម្លៃ​ដោយ​គណៈកម្មការអន្តរក្រសួងជាមុនសិន។


ក្រសួងបរិស្ថាន នឹងចាប់ផ្ដើម​ទទួល​ពាក្យ​ប្រឡងប្រណាំង​អារាមមេត្រីបរិស្ថានឆ្នាំ២០២២ ចាប់ពីខែមេសា ដល់ ខែមិថុនា។ ការប្រឡង​ប្រណាំងនេះ ក្នុង​គោលបំណងលើក​កម្ពស់​ការចូលរួម​របស់វត្ត​អារាម ​ក្នុង​ការប្រតិបត្តិសកម្មភាព​មេត្រី​បរិស្ថាន។
 
បើតាមក្រសួងបរិស្ថាន វត្តអារាមដែលបានដាក់ពាក្យប្រឡង នឹងត្រូវបានគណៈកម្មការអន្តរក្រសួង ​ចុះពិនិត្យ និងវាយតម្លៃ ចន្លោះខែកក្កដា-សីហា ឆ្នាំ២០២២។ ចំណែកជ័យលាភីអារាមមេត្រី​បរិស្ថាន នឹង​ប្រកាស​ក្នុងខែកញ្ញា ឆ្នាំ២០២២។
 
ដើម្បី​ក្លាយជាជ័យលាភី​អារាម​មេត្រី​បរិស្ថានឆ្នាំ២០២២ វត្ត​អារាមនីមួយៗ ត្រូវជាវត្តដែល​មានទីធ្លាបៃតង​សោភ័ណភាពស្អាត ដោយចេះទុកដាក់សំរាមបានត្រឹមត្រូវ និងមានបន្ទប់ទឹកប្រកបដោយអនាម័យ។ ជាមួយគ្នានេះ ជាវត្តអារាមដែលបានចូលរួមចំណែកក្នុងការបង្រៀនឱ្យពុទ្ធសាសនិកយល់ពីបរិស្ថាន និងការប្រើប្រាស់គ្រឿងបរិក្ខារផ្សេង សម្រាប់សន្សំសំចៃថាមពលអគ្គិសនី។
 
សូមបញ្ជាក់ថា ក្រៅពីរៀបចំ​ការប្រឡងប្រណាំងអារាមមេត្រីបរិស្ថាន ក្រសួង​បរិស្ថាន ក៏​បាន​រៀបចំ​ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានជារៀងរាល់ឆ្នាំ​ផងដែរ៕
 
 

Tag:
 បរិស្ថាន
  វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com