អន្តរជាតិ
លោក ម៉ូឌី៖ គ្មានអ្នកឈ្នះក្នុងសង្រ្គាមអ៊ុយក្រែនឡើយ មានតែការបាត់បង់ប៉ុណ្ណោះ
03, May 2022 , 3:09 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ PTI
ប្រមុខរដ្ឋាភិបាលឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ PTI
គ្មានប្រទេសណាឈ្នះក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ ហើយវាមានតែការបាត់បង់ប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាលឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានលើកឡើងបែបនេះនៅថ្ងៃទី២ ខែឧសភា ដោយបង្ហាញពីក្តីបារម្ភថា ជម្លោះនៅអ៊ុយក្រែន បានបង្កឱ្យតម្លៃប្រេងហក់ឡើងយ៉ាងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំង។



 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ឥណ្ឌា មិនទាន់រិះគន់ និងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការឈ្លានពានដូចប្រទេសដទៃឡើយ ដោយក្រុងញូវដែលី បានត្រឹមតែជំរុញឱ្យរដ្ឋាភិបាលក្រុងមូស្គូ និងកៀវចូលតុចរចា។ ដោយរក្សាជំហរនៅកណ្តាលនៃជម្លោះ ឥណ្ឌក៏បានបញ្ជូនជំនួយមនុស្សធម៌ដើម្បីជួយប្រជាជនដែលរងគ្រោះ ដោយសារសង្រ្គាម។ 
 
មិនខុសពីលើកមុនៗឡើយ មេដឹកនាំឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ដែលកំពុងធ្វើទស្សនកិច្ចនៅអឺរ៉ុប នៅតែបន្តអំពាវនាវរុស្ស៊ី និងអ៊ុយក្រែនឱ្យបញ្ឈប់ការវាយប្រហារគ្នា ហើយចរចាគ្នាវិញ។ 
 
«យើងជឿថា វាគ្មានអ្នកឈ្នះនៅក្នុងសង្រ្គាមនេះឡើយ ហើយភាគីទាំងអស់ មានតែបាត់បង់ប៉ុណ្ណោះ»។ លោក ម៉ូឌី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី២ ខែឧសភា ដោយបន្ថែមថា ហេតុនេះ ឥណ្ឌាជ្រើសយកភាគីខាងសន្តិភាព។ 
 
ទន្ទឹមនោះ ប្រមុខរដ្ឋាភិបាលឥណ្ឌារូបនេះ បានកត់សម្គាល់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន តម្លៃប្រេងបានឡើងថ្លៃយ៉ាងខ្លាំង ខណៈគ្រាប់ធញ្ញជាតិ និងជី កំពុងខ្វះខាតនៅជុំវិញពិភពលោក។ ក្នុងន័យនេះ លោកម៉ូឌី ទំនងសំដៅដល់ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍ។​
 
ដោយសង្រ្គាមបានអូសបន្លាយជាងរយៈពេល ២ខែ មេដឹកនាំឥណ្ឌារូបនេះ បានបង្ហាញក្តីបារម្ភជុំវិញបញ្ហាមនុស្សធម៌ ដែលប្រជាជនអ៊ុយក្រែនជាច្រើនលាននាក់ ចាកចេញពីប្រទេសផង។
 
ស្របគ្នានេះ អធិការបតីអាល្លឺម៉ង់ បានហៅសកម្មភាពរបស់រុស្ស៊ី ជាការបំពានធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ លោក ស្ហូល ក៏អញញ្ជើញឥណ្ឌាចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ថែមទៀត។ មិនតែប៉ុណ្ណោះ មេដឹកនាំឥណ្ឌា និងអាល្លឺម៉ង បានឯកភាពមិនទទួលស្គាល់ការផ្លាស់ប្តូរព្រំដែនដែលកើតចេញពីអំពើហិង្សា និងការឈ្លានពានអធិបតេយ្យប្រទេសដទៃដែរ។ 
 
ការបដិសេធបែបនេះ គឺសំដៅដល់ការទទួលស្គាល់របស់រុស្ស៊ីលើសាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្សដែលបានផ្តាច់ចេញពីអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ក្នុងពេលបច្ចុប្បន្ន ក៏ចង់គ្រប់គ្រងតំបន់ដុនបាសទាំងមូលផង ក្រោមហេតុផលការពារប្រជាជនខ្លួន។ 
 
បន្ទាប់ពីចាកចេញពីក្រុងបែរឡាំង មេដឹកនាំឥណ្ឌា នឹងឆ្ពោះទៅក្រុងកូប៉ិនហាក ដាណឺម៉ាក ដើម្បីចូលរួមកិច្ចប្រជុំជាមួយសមភាគីដាណឺម៉ាក អ៊ីស្លង់ ហ្វាំងឡង់ ស៊ុយអែត និងន័រវែស មុននឹងបញ្ចប់ទស្សនកិច្ចនៅបារាំង។ សង្រ្គាមអ៊ុយក្រែន នៅតែជារបៀបវារៈដ៏សំខាន់នៅក្នុងទស្សនកិច្ច៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  ឥណ្ឌា
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com