កីឡាអន្តរជាតិ
អន្តរជាតិ
អាវ “Hand of God” ដែល​ Maradona ពាក់អំឡុង World Cup ១៩៨៦ លក់បានតម្លៃ ៩,៣លានដុល្លារ
05, May 2022 , 11:59 am        
រូបភាព
អាវជម្រើសជាតិអាហ្សង់ទីន ដែលវីរៈបុរសបាល់ទាត់ Diego Maradona បានពាក់ក្នុងការប្រកួតឈ្នះលើក្រុមអង់គ្លេស ដោយលទ្ធផល២-០ ដើម្បីលើកពាន World Cup 1986 ត្រូវបានលក់ក្នុងតម្លៃ ៩,៣លានដុល្លារ កាលពីថ្ងៃទី៤ ឧសភា។ អាវនេះ ត្រូវបានគេហៅថា «Hand of God» ។


អ្នកដេញថ្លៃ៧រូបបានដេញថ្លៃអាវ ដែលជានិមិត្តរូបមួយនេះ តាំងពីថ្ងៃទី២០ មេសា ដល់ថ្ងៃទី៤ ឧសភា ដែលជាថ្ងៃបញ្ចប់ការដេញចុងក្រោយ។ នេះបើតាមក្រុមហ៊ុនដេញថ្លៃ Sotheby បានប្រកាស។
 
«អាវប្រវត្តិសាស្ត្របាល់ទាត់មួយនេះ បានរំលឹកជាក់ស្តែងអំពីព្រឹត្តិការណ៍សំខាន់ មិនត្រឹមតែជាប្រវត្តិសាស្ត្រនៃបាល់ទាត់តែមួយប៉ុណ្ណោះទេ តែវាជាប្រវត្តិសាស្ត្រក្នុងសតវត្សទី២០។ វាគឺជាអាវបាល់ទាត់ដែលមនុស្សគ្រប់គ្នាចង់បានបំផុត មិនធ្លាប់មានការដាក់លក់ដេញថ្លៃពីមុនមក ហើយឥឡូវនេះ វាបានក្លាយជាវត្ថុ ដែលស្ថិតជាកំណត់ត្រានៃការដេញថ្លៃ។ »។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុនដេញថ្លៃ Sotheby’s លោក Brahm Wachter។
 
អាវដែលជាកម្មសិទ្ធិរបស់លោក Diego Maradona ដែលបានពាក់អំឡុងជាកីឡាករនេះ ត្រូវបានកាន់កាប់ដោយអតីតកីឡាករអង់គ្លេសលោក Steve Hodge នាគ្រាដែលអតីតកីឡាករទាំងពីរនេះ បានផ្លាស់ប្តូរអាវក្រុម ក្រោយបញ្ចប់ជំនួប អាហ្សង់ទីនឈ្នះអង់គ្លេសលទ្ធផល ២-១ នៅប្រទេសម៉ិកស៊ិក នាឆ្នាំ១៩៨៦។ 
 
២គ្រាប់ដែល Maradona ស៊ុតចូលទីលើអង់គ្លេស អំឡុងការប្រកួត World Cup ឆ្នាំ ១៩៨៦ គឹសម្រេចបានដោយការយកដៃប៉ះបាល់បញ្ចូលទី ដែលមកដល់បច្ចុប្បន្នត្រូវបានគេឱ្យរហ័សនាមថា​ គ្រាប់បាល់ពីដៃរបស់ព្រះ«Hand of God» និងការស៊ុតមួយគ្រាប់បន្ថែម បន្ទាប់ពីការញ៉ាក់ដាច់ខ្សែការពារអង់គ្លេស។ 
 
មិនត្រឹមតែប៉ុណ្ណោះអាវរបស់វីរៈបុរសបាល់ទាត់អាហ្សង់ទីន ដែលបានចែកឋានកាលពីចុងឆ្នាំ ២០២០ បានក្លាយជាអាវដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន សម្រាប់ការដាក់ដេញថ្លៃអាវប្រភេទកីឡាបែបនេះ ដោយបានបំបែកកំណត់ត្រាអាវរបស់លោក Babe Ruth ដែលជាអតីតកីឡាករ Baseball អាម៉េរិក ដែលលក់បានត្រឹមតម្លៃប្រមាណ ៥,៦លានដុល្លារ៕ 
 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com