ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សខ្លះបារម្ភថា ការឃោសនាបោះឆ្នោត អាចមិនស្មើភាពគ្នា
06, May 2022 , 7:59 pm        
រូបភាព
លោក ថាច់ សេដ្ឋ អនុប្រធានគណបក្សភ្លើងទៀន(រូបទីមួយ ខាងឆ្វេង) លោក គង់ មុនីកា​​ ប្រធានគណបក្សឆន្ទៈខ្មែរ(រូបកណ្ដាល) និងលោក លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិច។
លោក ថាច់ សេដ្ឋ អនុប្រធានគណបក្សភ្លើងទៀន(រូបទីមួយ ខាងឆ្វេង) លោក គង់ មុនីកា​​ ប្រធានគណបក្សឆន្ទៈខ្មែរ(រូបកណ្ដាល) និងលោក លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិច។
ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួន បារម្ភថា ការឃោសនាបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តឡើងដោយមិនស្មើភាពគ្នា ដោយសារអាជ្ញាធរមិនជួយសម្របសម្រួលការឃោសនា ។ ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អះអាងថា នឹងជួយចេញមុខអន្តរាគមន៍ បើមានបញ្ហានេះ។

 

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ រូបពី CCHR

មុនពេលបោះឆ្នោតនេះ គណបក្សភ្លើងទៀន រងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ រួមមានការលុបបញ្ជីឈរឈ្មោះ ការចោទប្រកាន់ និងការចាប់ខ្លួនជាដើម។ បញ្ហាទាំងនេះ ធ្វើឲ្យលោក ថាច់ សេដ្ឋ អនុប្រធានគណបក្សភ្លើងទៀន មានក្ដីបារម្ភយ៉ាងខ្លាំងថា អាចមានភាពមិនប្រក្រតី និងមិនស្មើភាពគ្នា នៅអំឡុងយុទ្ធនាការបោះឆ្នោត។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អនុប្រធានរូបនេះថ្លែងថា៖ «បើយើងយោងតាមទិដ្ឋភាពកន្លងមកនេះ យើងអាចប៉ានស្មានបានថា នៅក្នុងយុទ្ធនាការឃោសនាខាងមុខ ក៏អាចប្រឈមនឹងបញ្ហាមួយចំនួនដែរ បើទោះបីមិនចំហរ ក៏អាចមានរូបភាពលាក់បាំង ដោយសារនៅតាមមូលដ្ឋានអាជ្ញាធរមួយចំនួន ឬបក្សកាន់អំណាចតែងតែយាយី ឆាឆៅ ដល់ពួកយើងខ្ញុំ សម្លុត និងទិញទឹកចិត្តជាដើម»។  
 
ដ្បិតលោកមានក្ដីបារម្ភ នឹងការប្រឈមបែបនេះក្ដី អនុប្រធានរូបនេះ បានអះអាងថា គណបក្សភ្លើងទៀន នឹងតស៊ូដើម្បីប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជា។ 


 លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។ រូបពី ហ្វេសប៊ុកលោក មុនីកា

រីឯ លោក គង់ មុនីកា​​ ប្រធានគណបក្សឆន្ទៈខ្មែ បានសង្កេតឃើញថា អាណត្តិមុនៗ នៅពេលឃោសនា ឬហែក្បួនចំទីតាំងតែមួយ ដែលមានភាគីនៃក្រុមបក្សកាន់អំណាច តែងប្រើឥទ្ធិពលរបស់ពួកគេគ្របលើបក្សផ្សេងទៀត ដោយមិនយល់ឬអនុវត្តតាមនីតិវិធី។ ជាពិសេសអាជ្ញាធរ ដែលមាននិន្នាការលើបក្សកាន់អំណាច តែងបំភិតបំភ័យលើពលរដ្ឋដែរ។
 
«ដូច្នេះ យើងបារម្ភថាវាអាចនឹងមានបញ្ហាកើតមានច្រើនដែរ ក្នុងករណីអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ នៅតែបន្តបំភិតបំភ័យប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍លើបក្សនយោបាយផ្សេង ក្រៅពីបក្សកាន់អំណាច។ ទាំងនេះ វាធ្វើឲ្យសិទ្ធិសេរីភាពក្នុងការជ្រើសរើសអ្នកតំណាងក្នុងឃុំសង្កាត់ មានរឹតត្បិត។ នេះជាអ្វី ដែលយើ់ងព្រួយបារម្ភ»។ នេះជាការលើកឡើងរបស់ប្រធានគណបក្សឆន្ទៈខ្មែរ ដោយសង្កត់ធ្ងន់លើ គ.ជ.ប ដែលមានតួនាទីសំខាន់ ដើម្បីធានាឲ្យបានថា ការឃោសនាប្រព្រឹត្តទៅដោយរលូន និងស្មើភាពគ្នា។ 
 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី គ.ជ.ប




ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាផ្ដល់តម្លៃដល់ការបោះឆ្នោត។ ទន្ទឹមនឹងនេះ ត្រូវសហការគ្នាធ្វើយ៉ាងណាកុំឲ្យមានបញ្ហាប្រឈមមុខដាក់គ្នា ហើយរួមគ្នាទប់ស្កាត់អំពើហិង្សា និងភាពគ្មានសណ្ដាប់ធ្នាប់ ដើម្បីជាគំរូដល់ពលរដ្ឋឲ្យមានជំនឿលើការបោះឆ្នោត។ 
 
ប៉ុន្តែបើមានភាពចម្រូងចម្រាស និងបញ្ហាណាមួយកើតឡើង គ.ជ.ប នឹងចេញមុខសម្របសម្រួល ដើម្បីដោះស្រាយភ្លាម។ លោក ហង្ស ពុទ្ធា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទយ៉ាងដូច្នេះ៖ «បើមានបាតុភូតណាមួយកើ់តមានឡើង គ.ជ.ប ត្រូវចេញមុខសម្របសម្រួល ដោះស្រាយជាមួយអាជ្ញាធរដែនដី ជាមួយគណបក្សនយោបាយ និងភាគីពាក់ព័ន្ធនផ្សេងៗទៀត»។
 
ការឃោសនាបោះឆ្នោត ព្រឹត្តទៅចាប់ថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ មិថុនា។ ប៉ុន្តែក្នុងករណីមិនប្រក្រតីណាមួយកើតឡើង មុនថ្ងៃទី២១ ឧសភានេះ ពាក់ព័ន្ធការឃោសនា រួមទាំងការលើកស្លាកគណបក្សដទៃទៀត គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ។ នេះបើតាមលោក ពុទ្ធា។
 
ដោយឡែក យុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ បក្សហ៊្វុនស៊ិនប៉ិចមិនមានក្ដីព្រួយបារម្ភអ្វីឡើយ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិច កត់សម្គាល់ឃើញបក្សរបស់ខ្លួន មិនមានការធ្វើទុក្ខបុកម្នេញពីខាងណានោះទេ។
 


លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ។ រូបពីហ្វេសប៊ុកលោក រ៉ាដែន

ជាមួយគ្នាដែរ លោក ញឿន រ៉ាដែន ជឿជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយលោករលូន គ្មានអំពើហិង្សា សេរី និងទទួលយកបានភាពត្រឹមត្រូវ ក្រោមការរៀបចំដោយ គ.ជ.ប។ លោកសង្កត់ធ្ងន់ថា ខាងរដ្ឋាភិបាល តាមរយៈសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានណែនាំឲ្យជួយសម្របសម្រួលលើដំណើរការបោះឆ្នោតនេះ។
អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា៖ «ទិដ្ឋភាពនៃការដាក់បេក្ខភាពឈរឈ្មោះឃុំសង្កាត់ នាពេលកន្លងមក គណបក្សហ៊្វុនស៊ិនប៉ិចបានដោយរលូន មិនមានការរំខានណាមួយពីអាជ្ញាធរឡើយ ហើយមានការជួយសម្រួលយ៉ាងស្រួលពីខាង គ.ជ.ប។ ខ្ញុំគិតថាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ និងអាចទទួលយកបាន»។
 
កាលពីថ្ងៃទី២៩មេសានេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានណែនាំទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យបង្កលក្ខណៈងាយស្រួល នឹងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប។ បន្ថែមពីនេះ សម្តេច បានណែនាំអាជ្ញាធរ ឲ្យរក្សាជំហរអព្យាក្រឹត គោរពច្បាប់ បទបញ្ជាស្តីពីការបោះឆ្នោត និងមានក្រមសីលធម៌ ក្នុងពេលបំពេញការងារពាក់ព័ន្ធនឹងការបោះឆ្នោត។ 
 
សម្តេច ថែមទាំងក្រើនរម្លឹកកងកម្លាំង និងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ក្នុងដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដែលជាដំណាក់កាលដ៏សំខាន់។ 
 
សូមបញ្ជាក់ថា មានគណបក្ស១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២២។ គណបក្សទាំង១៧នោះ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com