ជាតិ
ម្ចាស់ប្រេងឥន្ធនៈ ៩ទីតាំង ត្រូវបានមន្រ្តីក.ប.ប ដាក់ពិន័យ ក្រោយរកស៊ីមិនសុចរិត
07, May 2022 , 12:39 pm        
រូបភាព
មន្រ្តីជំនាញចុះត្រួតពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈ។ រូបភាពពីហ្វេសប៊ុកផេក ក.ប.ប១
មន្រ្តីជំនាញចុះត្រួតពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈ។ រូបភាពពីហ្វេសប៊ុកផេក ក.ប.ប១
ភ្នំពេញ៖ កាលពីថ្ងៃទី ៦ ឧសភា មន្រ្តីជំនាញនៃក.ប.ប សាខារាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពត បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ៩ទីតាំង។ បើតាមក.ប.ប ក្រោយរកឃើញការរកស៊ីមិនសុចរិត មន្រ្តីជំនាញរបស់ ក.ប.ប ក៏បានពិន័យលើម្ចាស់ដេប៉ូប្រេងទាំង ៩ទីតាំង។


 
មន្រ្តីជំនាញនៃអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម តែងចុះត្រួតពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈ ដើម្បីផ្ដល់ភាពត្រឹមត្រូវ និងសុចរិតដល់សាធារណជន។ បើតាមទំព័រហ្វេសប៊ុករបស់ ក.ប.ប នៅថ្ងៃទី៦ ឧសភា មន្រ្តីជំនាញរបស់ក.ប.ប បានបន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ៩ទីតាំង ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពត។
 
នៅលើទំព័រហ្វេសប៊ុក ក.ប.ប ដដែល លើកឡើងថា៖ «មន្រ្តីជំនាញ ក.ប.ប នៅតែបន្តការពារសិទ្ធិដល់អ្នកប្រាស់ប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ»។
 
ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមចំនួន ៩ទីតាំងក្នុងចំណោម ១៧ទីតាំងដែលបានត្រួតពិនិត្យ។ ជាមួយគ្នានេះ មន្រ្តីជំនាញ ក៏បានដាក់ពិន័យទៅតាមនីតិវិធីលើម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំង៩ទីតាំង៕
 

Tag:
 ប្រេង
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com