ជាតិ
អគ្គិភ័យ បំផ្លាញ​ផ្ទះ​ពលរដ្ឋ ១៨ខ្នងនៅ​សង្កាត់​ច្រាំងចំរេះ១ កាលពី​យប់​មិញ
07, May 2022 , 2:30 pm        
រូបភាព
អគ្គិភ័យឆាបឆេះផ្ទះនៅសង្កាត់ច្រាំងចំរេះ១ កាលពី​យប់ថ្ងៃទី៦ ឧសភា។ រូបភាពពី​ហ្វេសប៊ុកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ។
អគ្គិភ័យឆាបឆេះផ្ទះនៅសង្កាត់ច្រាំងចំរេះ១ កាលពី​យប់ថ្ងៃទី៦ ឧសភា។ រូបភាពពី​ហ្វេសប៊ុកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ។
ភ្នំពេញ៖ ផ្ទះពលរដ្ឋ​ចំនួន ១៨ខ្នងនៅសង្កាត់​ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ កាលពី​ម៉ោង១១យប់ថ្ងៃទី៦ ឧសភា។ ចំពោះមូលហេតុដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃ​អគ្គ​ស្នងការដ្ឋាននគរបាលជាតិ កំពុង​បន្តការ​ស្រាវជ្រាវ។


 
កាលពីយប់ម៉ោង​១១:១០នាទី ថ្ងៃទី៦ ឧសភា មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះលំនៅដ្ឋានរបស់ពលរដ្ឋ​ដែល​រស់​​នៅភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គ្រោះអគ្គិភ័យនេះ បាន​បំផ្លាញ​ផ្ទះ​ថ្មក្រោមឈើលើចំនួន ១៨ខ្នង ដោយ​មិន​បង្ក​ឱ្យ​មនុស្សស្លាប់ ឬ​របួសឡើយ​​។
 
បើតាម​នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ កម្លាំង​អន្តរាគមន៍ បាន​ប្រើ​ប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន ២១គ្រឿង និង​ប្រើ​ប្រាស់ទឹក​អស់ ៤២រថយន្ត។ ក្រៅពី​ប្រើ​ប្រាស់​​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ ក៏​បាន​ប្រើប្រាស់​រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១ គ្រឿង ប្រើទឹកអស់ចំនួន២រថយន្ត, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៧ គ្រឿង ប្រើទឹកអស់ចំនួន ៧ រថយន្ត និង​រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ គ្រឿង ប្រើប្រាស់ទឹកចំនួន១ រថយន្ត។
 
គ្រោះអគ្គិភ័យ​នេះ ត្រូវ​បានកម្លាំង​អន្តរាគមន៍​ពន្លត់ចប់ នៅ​ម៉ោង​១នាទី​រំលងអធ្រាត្រថ្ងៃទី​៧ ឧសភា។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ កំពុងបន្តការស្រាវជ្រាវ៕
 

Tag:
 អគ្គិភ័យ
  ឫស្សីកែវ
  ច្រាំងចំរេះ
© រក្សាសិទ្ធិដោយ thmeythmey.com