ជាតិ
សុខភាព
UNFPA និងជប៉ុន សម្ពោធគម្រោងថ្មី ផ្ដោតលើ​សុខភាពបន្តពូជ សុខភាពមាតាទារកនៅកម្ពុជា
08, May 2022 , 12:29 pm        
រូបភាព
រូបភាព ពី ហ្វេសប៊ុក  UNFPA
រូបភាព ពី ហ្វេសប៊ុក UNFPA
ភ្នំពេញ៖​ មូលនិធិសហប្រ​ជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលជប៉ុន បានរួមគ្នាប្រកាសជាផ្លូវការគម្រោងថ្មី ​គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធសុខាភិបាល។ គម្រោងនេះ មានទឹកប្រាក់​ប្រមាណ ១,១៧លានដុល្លារ ដែលជា​ថវិការបស់​រដ្ឋាភិបាលជប៉ុន តាមរយៈUNFPA ប្រចាំកម្ពុជា។ 


 
នៅថ្ងៃទី៦ ឧសភា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលជប៉ុន បានដាក់អនុវត្តគម្រោងថ្មី ដែលគាំទ្រដោយ​រដ្ឋាភិបាលកម្ពុជា។ គម្រោងថ្មីនេះ ផ្ដោតទៅលើកសាងប្រព័ន្ធសុខាភិបាល​ដែលមានភាពធន់ និងឆ្លើយតបទៅតាមម្រូវការ ដើម្បីធានាថាប្រជាជនងាយរងគ្រោះក្នុងតំបន់គោលដៅ អាចទទួលសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ សុខភាពមាតា និងទារក ប្រកបដោយគុណភាព។ 
 
គម្រោងនេះ មានទឹកប្រាក់ប្រមាណ ១,១៧ លានដុល្លារដែលជាថវិការបស់រាជរដ្ឋាភិបាលជប៉ុន។ គម្រោងនេះ នឹងអនុវត្តជាមួយក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា។
 
តាមរយៈគម្រោងនេះ នឹងចូលរួម​លើកកម្ពស់សេវាសង្រ្គោះបន្ទាន់ផ្នែកសម្ ភព​និងការថែទាំទារកទើបនឹងកើត នៅក្នុងខេត្តភាគឦសាន តាមរយៈការផ្តល់ឧបករណ៍សង្គ្រោះជីវិត និងមធ្យោបាយបញ្ជូន។ ជាមួយគ្នានេះ គម្រោងនេះ ក៏នឹងពង្រឹងសមត្ថភាពអ្នកផ្តល់សេវាសុខាភិបាល និងការលើកកម្ពស់ការផ្ដល់សេវា សុខភាពផ្លូវភេទ សុខភាពបន្តពូជ សុខភាពមាតានិងទារក ពិសេសការបង្កើតវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាថែទាំសុខភាពពីចម្ងាយ។ 
 
បើតាមទំព័រហ្វេសប៊ុក​ UNFPA  គម្រោងនេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានចាំបាច់ និងសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ សុខភាពមាតានិងទារក សម្រាប់ប្រជាជនងាយរងគ្រោះ និងយុវជន តាមរយៈការប្រើប្រាស់វេទិកាឌីជីថលនវានុវត្ត។ លើសពីនេះ UNFPA បានគាំទ្រ និងពង្រឹងប្រព័ន្ធសុខាភិបាល ដែលធន់នឹងរោគរាតត្បាត ដែលកំពុងបន្តកើតមាន និងត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើ ងសម្រាប់គ្រោះមហន្តរាយនាពេលខាងមុខផងដែរ៕
 

Tag:
 សុខភាព
  ឦ​សាន
  ជប៉ុន
  UNFPA
© រក្សាសិទ្ធិដោយ thmeythmey.com