ជាតិ
នៅ​កម្ពុជា មាន​ត្រីចង្វាដល់ទៅ ២១ប្រភេទ
08, May 2022 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ត្រីចង្វាជាប្រភេទរស់នៅទឹកសាប និងមានរូបរាងតូចៗ។ ត្រីប្រភេទនេះ ភាគច្រើនរស់នៅតាមបឹង និងក្នុងអណ្ដូងទឹកតាមស្រុកស្រែចម្ការ។ ប៉ុន្ដែបច្ចុប្បន្នត្រីប្រភេទនេះ ហាក់បាត់វត្តមាននៅតាមភូមិស្រុកមួយចំនួន។ ពលរដ្ឋស្គាល់ត្រីចង្វាត្រឹមពីរ ឬបីប្រភេទប៉ុណ្ណោះ។ សម្រាប់ត្រីចង្វាមានរហូតដល់ទៅ២១ប្រភេទខុសៗគ្នា ដែល​កំពុងរស់នៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។


 
ត្រីចង្វាចំនួន២១ប្រភេទរស់នៅទឹកសាបនៃប្រទេសកម្ពុជា​ ថៃ ឡាវ និងវៀតណាម ត្រូវបានរកឃើញចន្លោះពីឆ្នាំ១៨៤៤ ដល់ឆ្នាំ២០០០ ដោយអ្នកស្រាវជ្រាវជនជាតិបរទេស។ ​សណ្ឋានរបស់វា អាចប្រហាក់ប្រហែលគ្នា ​និងត្រូវបានកត់ត្រាដោយសៀវភៅមគ្គុទ្ទេសក៍ស្តីពី « ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា»។ ប្រភេទត្រីចង្វាទាំងនោះ មានចន្លោះពីបីទៅប្រាំប្រភេទប៉ុណ្ណោះ​ ដែលលោកអ្នកអាចនឹងស្គា​ល់នៅពេលបានឃើញ។
 
ត្រីចង្វាអង្កត់៖ ជាប្រភេទត្រីរស់នៅក្នុងទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា វៀតណាម។ លក្ខណៈសម្គាល់ត្រីចង្វាអង្កត់ គឺមានអង្កត់ខ្មៅមួយចំនួននៅលើខ្លួន។ ចំពោះស្ដង់ដាខ្លួនត្រីប្រភេទនេះ មានប្រវែងដងខ្លួនទូទៅអាចធំជាង៧សង់ទីម៉ែត្រ។

ត្រីចង្វាអង្កត់
 
ត្រីចង្វាអង្កត់ធំ៖ ជាប្រភេទត្រី រស់នៅក្នុងតំបន់ទឹកហូរ។ របាយត្រីប្រភេទនេះ មានរស់នៅប្រទេសកម្ពុជា ឡាវ និងថៃ។ គេអាចកត់សម្គាល់ត្រីប្រភេទនេះ មានអង្កត់ខ្មៅមួយចំនួននៅលើខ្លួនច្រើនជាង៧។ ចំណែកឯ ព្រុយលើខ្នងពណ៌ទឹកក្រូច។ ជាទូទៅស្ដង់ដាប្រវែងដងខ្លួនទូទៅធំជាង ១០សង់ទីម៉ែត្រ។

ត្រីចង្វាអង្កត់ធំ
 
ត្រីចង្វាភ្លៀងភ្នំ៖ ត្រីប្រភេទនេះ រស់នៅក្នុងទឹកសាប​ ពួកវាអាចរស់នៅកម្ពុជា ឡាវ ថែ និងវៀតណាម។ ស្ដង់ដាត្រីប្រភេទនេះ មានប្រវែងដងខ្លួនទូទៅធំជាង៤ សង់ទីម៉ែត្រ។ ត្រីចង្វាភ្លៀងភ្នំ មានពុកមាត់២គូ  និងមានខ្សែឆ្នូតពណ៌ទឹកក្រូចជិតដល់គល់កន្ទុយ។

ត្រីចង្វាភ្លៀងភ្នំ
 
ត្រីចង្វាភ្លៀងភ្នំ៖ ត្រីប្រភេទនេះ មានឈ្មោះដូចនឹងត្រីខាងលើ ហើយ​រស់​នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ គេសង្កេតឃើញពួកវារស់នៅក្នុងទឹកសាប និងភាគខាងលិចដល់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ត្រីចង្វាភ្លៀងភ្នំ មានប្រវែងស្ដង់ដាអាចធំជាង៣.២សង់ទីម៉ែត្រ។ ចំណែកឯលក្ខណៈសម្គាល់មួយទៀត គឺឆ្នូតពណ៌ទឹកក្រូចពីរ ដល់ខាងក្រោយក្បាល។ 

ត្រីចង្វាភ្នំ
 
ត្រីចង្វាភ្លៀងស្រែ៖ ជាត្រីរស់នៅតាមបឹង និងទន្លេធំៗ នៅក្នុងប្រទេសកម្ពុជា។ ត្រីចង្វាភ្លៀងស្រែ បច្ចុប្បន្នមិនសូវសម្បូរទេ។ ចំពោះស្ដង់ដាប្រវែងខ្លួនទូទៅប្រហែលធំជាង ៦សង់ទីម៉ែត្រ។

ត្រីចង្វាភ្លៀងស្រែ
 
ត្រីចង្វាភ្លៀងឆ្នូត៖ ត្រីប្រភេទនេះ រស់នៅតាមវាលស្រែ បឹង និងស្ទឹងតូចៗ នៅតាមបណ្ដាប្រទេសដូចជា កម្ពុជា ឡាវ ថៃ និងវៀតណាម។ ដោយ​ឡែក ប្រវែងដងខ្លួនស្ដង់ដាធំជាង៥.៥ ​សង់ទីម៉ែត្រ។

ត្រីចង្វាភ្លៀងឆ្នូត
 
ត្រីចង្វាស្រលូង៖ ត្រីចង្វាប្រភេទនេះ គេឃើញមានរស់នៅតាមវាលស្រែ ព្រែក និងអូរ។ លក្ខណៈសម្គាល់របស់ត្រីប្រភេទនេះ គល់ព្រុយខ្នងក្រហម និងគល់កន្ទុយក្រហម។ ចំពោះប្រវែងស្ដង់ដារបស់វាអាចវែងជា៣ សង់ទីម៉ែត្រ។

ត្រីចង្វាស្រលូង
 
ត្រីចង្វាស្រលូងឆ្នូត៖ ត្រីប្រភេទនេះ មានរស់នៅតាមវាលស្រែ ព្រែក អូរ។ សម្រាប់ត្រីប្រភេទនេះ មាននៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ លក្ខណៈសម្គាល់នៅគល់ព្រុយខ្នងពុំមានពណ៌ ប៉ុន្ដែនៅត្រង់គល់កន្ទុយមានពណ៌ក្រហម។ ស្ដង់ដារបស់ត្រីប្រភេទនេះ អាចប្រវែងធំជាង៤ សង់ទីម៉ែត្រ។

ត្រីចង្វាស្រលូងឆ្នូត
 
ត្រីចង្វាតូច៖ ត្រីចង្វាប្រភេទនេះ រស់នៅក្នុងអូរមានរុក្ខជាតិ ក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ លក្ខណៈសម្គាល់មានភ្នែកធំៗ ស្រកាមានឆ្នូតចំហៀង និងមានឆ្នូតធំពីភ្នែកដល់គល់ព្រុយកន្ទុយ។ ចំពោះស្ដង់ដាដងខ្លួនទូទៅធំជាង៣.៤សង់ទីម៉ែត្រ។

ត្រីចង្វាតូច
 
ត្រីចង្វាភ្នំ៖ រស់នៅក្នុងតំបន់ទឹកហូរថ្លា  នៅក្នុងប្រទេសកម្ពុជា ​ឡាវ ថៃ និងវៀតណាម។ ត្រីចង្វាភ្នំ មានប្រវែងស្ដង់ដា ធំជាង៧.៥ សង់ទីម៉ែត្រ។ 

ត្រីចង្វាភ្នំ
 
ត្រីចង្វាឆឺត៖ ត្រីប្រភេទនេះ រស់នៅតាមទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ លក្ខណៈសម្គាល់ត្រីចង្វាឆឺត មានឆ្នូតខ្មៅធំរត់កាត់ពីចុងច្រមុះដល់ព្រុយកន្ទុយ។ ចំណែកឯស្ដង់ដាប្រវែងខ្លួនអាចធំជាង៦ សង់ទីម៉ែត្រ។

ត្រីចង្វាឆឺត
 
ត្រីចង្វាស៖ ត្រីប្រភេទនេះ តាមទន្លេបឹងក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ត្រីចង្វាស មានប្រវែងដងខ្លួនទូទៅធំជាង១២ សង់ទីម៉ែត្រ។ លក្ខណៈគួរកត់សម្គាល់គឺ នៅព្រុយកន្ទុយពណ៌លឿងស្រាល ឬប្រាក់។

ត្រីចង្វាស
 
ត្រីចង្វាមូល៖ ត្រី​ប្រភេទនេះ រស់នៅតាមទន្លេ និងបឹងក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ត្រីចង្វាមូល មានប្រវែងស្ដង់ដាប្រវែងខ្លួនទូទៅប្រហែល ១១.៨សង់ទីម៉ែត្រ។ លក្ខណៈសម្គាល់គឺមានព្រុយកន្ទុយពណ៌លឿង។ 

ត្រីចង្វាមូល
 
ត្រីចង្វាផ្កាឈូក៖ មានព្រុយពណ៌ទឹកក្រូច រស់នៅតាមទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។ ​ត្រីចង្វាផ្កាឈូក មានប្រវែងដងខ្លួន ទូទៅប្រហែលធំជាង ១០សង់ទីម៉ែត្រ។

ត្រីចង្វាផ្កាឈូក
 
ត្រីចង្វាពោត៖ គេសង្កេតត្រីប្រភេទនេះបាន ដោយឆ្នូតខ្មៅនៅផ្នែកទាំងពីរនៃព្រុយកន្ទុយ។ ចំណែកឯ ប្រវែងដងខ្លួនរបស់ត្រីប្រភេទនេះ អាចធំជា៦ សង់ទីម៉ែត្រ។ ត្រីចង្វាពោតរស់នៅតាមទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។

ត្រីចង្វាពោត
 
ត្រីចង្វាពោតតូច៖ ត្រីប្រភេទនេះ មានអុចខ្មៅបីនៅលើព្រុយកន្ទុយ និងមានអុចខ្មៅនៅព្រុយលើ និងព្រុយក្រោម។ ជាមួយគ្នានេះ ស្ដង់ដាប្រវែងខ្លួនប្រហែល ២.៦​សង់ទីម៉ែត្រ។ ត្រីចង្វាពោតតូច រស់នៅក្នុងវាលភក់ល្បាប់លិចទឹក និងបឹងនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។

ត្រីចង្វាពោតតូច
 
ត្រីចង្វាល្អិត៖ ត្រី​ប្រភេទនេះ រស់នៅក្នុងវាលស្រែ និងវាលភក់ល្បាប់លិចទឹក នៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ ចំពោះប្រវែងស្ដង់ដាជាទូទៅអាចធំជាង ១.៥ សង់ទីម៉ែត្រ។  លក្ខណៈសម្គាល់ មានស្នាមអុចខ្មៅ បីនៅតាមបណ្ដាយខ្លួន។

ត្រីចង្វាល្អិត
 
ត្រីចង្វាក្រហម៖ ត្រីនេះ​រស់នៅក្នុងវាលស្រែ និងវាលភក់ល្បាប់លិចទឹក នៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។ លក្ខណៈសម្គាល់របស់វា មានស្នាមអុចខ្មៅមួយឆ្នូតវែងជិតដល់គល់កន្ទុយ និងមានស្នាមអុចខ្មៅមួយនៅត្រង់គល់កន្ទុយផង។ ត្រីចង្វាក្រហម មានប្រវែងស្ដង់ដាប្រវែងខ្លួនទូទៅ២ សង់ទីម៉ែត្រ។

ត្រីចង្វាក្រហម
 
ត្រីចង្វាក្រហម​៖ ត្រីមួយប្រភេទនេះ ក៏​មាន​ឈ្មោះដូចត្រីខាងលើដែរ។ ត្រីនេះ មានរបាយនៅតំបន់ទឹកនឹង នៅក្នុងប្រទេសកម្ពុជា ថៃ វៀតណាម។ ត្រីចង្វាក្រហមប្រភេទនេះ មានស្នាមរាងត្រីកោណ នៅពាក់កណ្ដាលខ្លួន ដោយ​ប្រវែងស្ដង់ដាប្រវែងខ្លួនទូទៅ២.៥ សង់ទីម៉ែត្រ។

ត្រីចង្វាក្រហម
 
ត្រីចង្វាឆ្នូតពីរ៖ ត្រីប្រភេទនេះ រស់នៅក្នុងតំបន់ទឹកនឹង ឬទឹកហូរយឺតៗ ព្រមទាំងមានជាតិអាស៊ីតខ្សោយ នៅក្នុងប្រទេសកម្ពុជា  និងវៀតណាម។  ត្រីចង្វាប្រភេទនេះ មានស្ដង់ដាដងខ្លួនទូទៅធំជាង៣.៥​ សង់ទីម៉ែត្រ។ ចំណែកឯ ខ្លួន និងក្បាលស្រឡូន និងមានឆ្នូតចំហៀងមិនពេញលេញ ដោយស្រកាមានរន្ធចន្លោះពី៥ ទៅ១០។ ចំណេកឯ ឆ្នូតរបស់វាចាប់ពីច្រមុះដល់គល់កន្ទុយ។

ត្រីចង្វាឆ្នូតពីរ
 
ត្រីចង្វាស្រែ៖ វារស់នៅតាមវាលស្រែ និងស្ទឹង ខ្នងរបស់វាមានពណ៌បៃតងភា្លវ ពោះពណ៌ស មិងមានខ្សែឆ្នូតចំហៀងមិនពេញលេញដោយស្រកាមានរន្ធចន្លោះពី៦ទៅ៧។ ចំណែកឯ ស្ដង់ដាប្រវែងខ្លួនរបស់វាប្រហែល៤ សង់ទីម៉ែត្រ និង​​រស់នៅកម្ពុជា ឡាវ ថៃ និងវៀតណាម៕  
 

ត្រីចង្វាស្រែ
 
 

Tag:
 ត្រីចង្វា
  ត្រីទឹកសាប
© រក្សាសិទ្ធិដោយ thmeythmey.com