ជាតិ
សង្គមជាតិ
លោក ថេង សាវឿន ស្នើឲ្យរដ្ឋាភិបាលដាក់ក្រុមកសិករចូលក្នុងគោលនយោបាយកិច្ចគាំពារសង្គម
10, May 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ស្នើឲ្យរដ្ឋា ភិ​​បាល វិសោធនកម្មគោលនយោបាយ ស្ដីពីកិច្ចគាំពារសង្គមសាជាថ្មី ដោយបញ្ចូលក្រុមកសិករ ក្នុងគោល នយោបាយនេះ។ លោកសង្កត់ធ្ងន់ថា ការគិតគូរដល់កសិករនាពេលនេះ គឺដើម្បីកុំឲ្យពួកគេ ធ្លាក់ចូល ទៅក្នុងបន្ទាត់ភាពក្រីក្រនាពេលខាងមុខ។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី នៃ សារព័ត៌មានថ្មីៗ ជាមួយ លោក ថេង សាវឿន ប្រធានសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជា ដូចតទៅ៖ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ថេង សាវឿន ថ្លែងថាក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ មិនបានកំណត់ក្រុមកសិករ ស្ថិតក្នុងក្រុមការងារណាមួយឲ្យជាក់ លាក់នោះទេ។ សព្វថ្ងៃ កិច្ចគាំពារដែលពួកគេទទួលបាន គឺមានតិចតួចនៅឡើយ ពោលគឺទទួលបាននៅ​ ពេលដែលជួបគ្រោះអាសន្ន។ ចំណែកសន្តិសុខសង្គមផ្នែកសុខាភិបាល ក៏មិនទាន់បានក្របដណ្តប់ដល់ ក្រុមកសិករនោះដែរ។
ទន្ទឹមនឹងនេះ លោក ថេង សាវឿន ពិនិត្យឃើញថា កសិករប្រឈមមុខនឹងបញ្ហាជាច្រើន រួមមាន​បម្រែ បម្រួល អាកាសធាតុ បញ្ហាធីធ្លី និងបញ្ហាទីផ្សារកសិផលជាដើម។ ដូច្នេះលោកទទូច​ដល់រដ្ឋាភិបាលយ៉ាង ដូច្នេះ៖«ខ្ញុំសូមអំពាវពាវដល់ប្រមុខរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាជាតិកិច្ចគាំពារសង្គម សូមធ្វើវិសោធនកម្ម ឬចេញប្រកាសណាមួយ ក្នុងការដាក់បញ្ចូលឲ្យច្បាស់ថា កសិករ ត្រូវតែទទួលបាន (កិច្ចគាំពារសង្គម)… គឺគួរតែមានលក្ខខណ្ឌឲ្យជាក់លាក់ សម្រាប់សម្រាប់ពួកគាត់»។ 
 
ជាមួយគ្នាដែរ ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាលនិងសង្គមស៊ីវិល ត្រូវតែចូលរួមលើកកម្ពស់ក្នុងដំណើរការ    អភិវឌ្ឍកម្មវិធីកិច្ចគាំពារសង្គម ដើម្បីឈានដល់ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ។ ចំណែក ពលរដ្ឋដែលជាកសិករ ក៏ត្រូវចូលរួមឲ្យបានផុសផុលផងដែរ ដើម្បីលើកពីបញ្ហាប្រឈម តម្រូវការ និង ទាមទារសិទ្ធិរបស់ខ្លួន។ នេះជាការលើកឡើងបន្ថែមរបស់ ប្រធាន CCFC៕ 
 
 

Tag:
 កិច្ចគាំពារសង្គម
  កិសករ
© រក្សាសិទ្ធិដោយ thmeythmey.com