កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ថា Man City មិនអាចពឹងលើ Haaland តែម្នាក់ ដើម្បីជ័យជម្នះឡើយ
11, May 2022 , 4:32 pm        
រូបភាព
 ទោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានទេពកោសល្យខ្លាំង ប៉ុន្តែក្រុម Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់ Pep Guardiola មិនអាចពឹងផ្អែកលើកីឡាករតែម្នាក់នេះឡើយ។ នេះជាការលើកឡើងរបស់លោក Jurgen Klopp គ្រូបង្វឹក Liverpool នាថ្ងៃទី១១ ខែឧសភា។


Man City ដែលជាគូរប្រជែងជាមួយ Liverpool សម្រាប់ពានរង្វាន់ Premier league រដូវកាលនេះ បានប្រកាសនាថ្ងៃទី១០ ខែឧសភា ថាបានយល់ព្រមកិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund ក្នុងការផ្ទេរយក Haaland មកទឹកដីកីឡដ្ឋាន Etihad Stadium នាដើមកក្កដាខាងមុខ។
 
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ រកបាន២៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ២៩ប្រកួតនៅ Dortmund នឹងត្រូវមកបំពេញតំបន់ប្រយុទ្ធជួរមុខរបស់ក្រុមមេឃខៀវ ចាប់ពីរដូវកាល ២០២២-២៣ ទៅ។ ទោះជាយ៉ាងនេះ លោក ​Klopp ក៏បានទទួលស្គាល់ទេពកោសល្យ Haaland ហើយលោកបានបញ្ជាក់ថា Man City នឹងផ្លាស់ប្តូរទម្រង់លេងរបស់ខ្សែប្រយុទ្ធន័រវែសនេះ ជាជាងការសម្របខ្លួនរបស់គេ។
 
«ក្រុម City នឹងមិនអាចក្លាយជាក្រុម ដែលរំពឹងជ័យជម្នះលើកីឡាករតែម្នាក់នោះឡើយ ធម្មជាតិរបស់ពួកគេក្រោមការគ្រប់គ្រងរបស់ Pep គឺការងារជាក្រុមខ្លាំងបំផុត។ Haaland គឺជាកីឡាករដ៏ល្អមានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់ ក្រុម City និងស្វែងរកភាពជាក់លាក់ក្នុងការលេងណាមួយរូបគេ គេគឺពិតជាកីឡាករដ៏ខ្លាំងពេលបច្ចុប្បន្ន។»។ លោក Klopp បានលើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួតទល់ក្រុម Aston Villa។
 
Liverpool បានយកឈ្នះ ​Aston Villa ដែលដឹកនាំដោយលោក Steven Gerrard អតីតកីឡាកររបស់ហង្សក្រហមក្នុងលទ្ធផល ២-១។ Liverpool រកបាន៣ពិន្ទុបន្ថែម ដែលជាការផ្តល់កម្លាំងចិត្តដល់ក្រុមប្រកួតប្រជែងពានរង្វាន់ជាមួយ Man City។
 
មកដល់ពេលនេះ Liverpool កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន៨៦ ស្មើជាមួយក្រុមមេឃខៀវដែលឈរលេខ១។ Manchester City នឹងត្រូវជួបក្រុម Wolverhampton Wanderers នាជំនួបថ្ងៃទី១១ ខែឧសភាដែលជាការប្រកួតសប្តាហ៍ទី៣៦៕
 

Tag:
 Jurgen Klopp
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com