អន្តរជាតិ
UN និងEU ថ្កោលទោសចំពោះអំពើហិង្សាដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅស្រីលង្កា
11, May 2022 , 9:29 pm        
រូបភាព
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet។ រូបភាព៖ AFP
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet។ រូបភាព៖ AFP
ដោយ:
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃទី១០ ខែឧសភាបានថ្កោលទោសអំពើហិង្សាដែលកំពុងកើនឡើងយ៉ាងខ្លាំងរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងរដ្ឋាភិបាលនៅស្រីលង្កា ខណៈវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយនៅក្នុងប្រទេសកាន់តែដ៏ធ្ងន់ធ្ងរ។ ទន្ទឹមនេះ សហភាពអឺរ៉ុប (EU) ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែរ​ ហើយអំពាវនាវឱ្យអាជ្ញាធរស្រីលង្កាស៊ើបអង្កេត។

 
នៅសប្តាហ៍នេះ ការតវ៉ាប្រឆាំងរដ្ឋាភិបាលបន្តរាលដាលយ៉ាងខ្លាំង ដោយមនុស្សជាង២០០នាក់រងរបួស និង៨នាក់ស្លាប់ បើទោះជានាយករដ្ឋមន្រ្តីស្រីលង្កា ម៉ាហ៊ិនដា រ៉ាចាប៉ាក់សាបានលាលែងពីតំណែងកាលពីថ្ងៃទី៩ ខែឧសភាក៏ដោយ។ ក្រុមបាតករទាំងនេះនៅតែមិនស្កប់ចំពោះរឿងនេះឡើយ ដោយបន្តទាមទារឱ្យប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សាដែលជាប្អូនប្រុសនាយករដ្ឋមន្រ្តីចុះចេញពីតំណែងមួយទៀតជុំវិញការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អ។
 
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើនឡើងនៅស្រីលង្កា បន្ទាប់ពីអ្នកគាំទ្ររដ្ឋាភិបាលនៅថ្ងៃទី៩ ខែឧសភាបានវាយប្រហារលើបាតុករដែលតវ៉ាដោយសន្តិវិធីនៅក្រុងកូឡុំបូ និងអំពើហិង្សាជាបន្តបន្ទាប់ដោយហ្វូងប្រជាជនទៅលើសមាជិកបក្សកាន់អំណាច។ 
 
«ខ្ញុំថ្កោលទោសរាល់អំពើហឹង្សាទាំងអស់ ហើយអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេតដោយឯករាជ្យ ហ្មត់ចត់ និងប្រកបដោយតម្លាភាព លើរាល់ការវាយប្រហារដែលបានកើតឡើង»។ លោកស្រី Bachelet បញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែឧសភា។ បើតាមប្រមុខសិទ្ធិមនុស្សរូបនេះ វាសំខាន់ណាស់ដើម្បីធានាថាអ្នកដែលបានញុះញង់ ឬរៀបចំឱ្យមានអំពើហិង្សានឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ 
 
លើសពីនេះ លោកស្រី Bachelet ក៏បានអំពាវនាវឱ្យអាជ្ញាធរក្រុងកូឡុំបូគួរតែអត់ធ្មត់ ហើយធានាថា វិធានការដែលបានអនុម័តក្នុងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយមិនត្រូវប្រើដើម្បីបង្រ្កាបអ្នកប្រឆាំងឡើយ។
 
ស្របគ្នានេះ នៅថ្ងៃដដែល សហភាពអឺរ៉ុប (EU) ដែលមានរដ្ឋសមាជិកទាំង២៧​ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការវាយប្រហារដ៏សាហាវលើក្រុមបាតុករស្រីលង្កាដែលតវ៉ាដោយសន្តិវិធីនេះ ហើយអំពាវនាវឱ្យអាជ្ញាធរស្រីលង្កាស៊ើបអង្កេតផង។
 
«សហភាពអឺរ៉ុបសោកស្តាយចំពោះការបាត់បង់អាយុជីវិត រួមមានសមាជិកសភាមួយរូប និងអ្នករងរបួសយ៉ាងច្រើន»។ សេចក្តីថ្លែងការណ៍របស់ EU ប្រកាសបែបនេះ ដោយបញ្ជាក់ថា EU ក្រើនរំឭកឡើងវិញពីសារៈសំខាន់នៃការការពារសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋទាំងអស់ និងការផ្តោតលើដំណោះស្រាយបញ្ហា​ដែល​ស្រីលង្កា​ប្រឈម​​នា​ពេល​បច្ចុប្បន្ន​។
 
ជុំវិញរឿងនេះ យោងតាមទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃទី១០ ខែឧសភា អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដែលពោរពេញដោយកំហឹង បានដុតផ្ទះអ្នកនយោបាយ ៣៨ ខ្នង ហើយ៧៥ ខ្នងទៀតត្រូវបានខូចខាត។ ដោយប្រជាជនមិនគោរពតាមច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នដែលប្រធានាធិបតីស្រីលង្កាបានប្រកាសកាលពីថ្ងៃទី៦ ខែឧសភា ក្រសួងការពារជាតិក៏បានបញ្ជាឱ្យបាញ់ប្រហារអ្នកដែលរកឃើញថាបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ឬវាយប្រហារទៅលើមន្រ្តីរដ្ឋាភិបាលទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com