អន្តរជាតិ
ទីបំផុត កូរ៉េខាងជើង រាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូង
12, May 2022 , 8:58 am        
រូបភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី១២ ខែឧសភា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៩ មក។ មេដឹកនាំកកំពូលកូរ៉េខាងជើង​ គីម ជុងអ៊ុន ក៏កោះប្រជុំបន្ទាន់មួយ ហើយប្ដេជ្ញាចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការឆ្លង។

 
បន្ទាប់ពីមិនមានករណីឆ្លងសូម្បីក្នុងប្រទេស នៅពេលដែលប្រទេសនានាលើពិភពលោករងគ្រោះដោយសារជំងឺកូវីដ-១៩ ឥតឈប់ឈរ កូរ៉េខាងជើង ក៏ក្លាយជាប្រទេសចុងក្រោយគេមួយទៀតដែលមានករណីឆ្លងជំងឺនេះ។
 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃទី១២ ខែឧសភា ថា មនុស្សនៅទីក្រុងព្យុងយ៉ាង បានឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង BA.2 ដែលមានសមត្ថភាពចម្លងខ្លាំង។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងដដែល មិនបញ្ជាក់តួលេខអ្នកឆ្លង ឬប្រភពចម្លងឡើយ។
 
ភ្លាមៗបន្ទាប់ពីមានករណីឆ្លងនេះ លោក គីម ជុងអ៊ុន ក៏កោះប្រជុំបន្ទាន់ការិយាល័យនយោបាយដើម្បីដោះស្រាយវិបត្តិដ៏ធំមួយនេះក្នុងរយៈពេលខ្លីបំផុត។ បើតាម KCNA លោក គីម ប្រកាសជម្នះការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ហើយថា កូរ៉េខាងជើងនឹងអនុវត្តប្រព័ន្ធគ្រប់គ្រងជំងឺឆ្លងអតិបរមាដើម្បីទប់ស្កាត់ជំងឺនេះ។
 
តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង កូរ៉េខាងជើង បានចាត់វិធានការតឹងរ៉ឹងដើម្បីបិទកុំឱ្យជំងឺនេះឆ្លងចូលប្រទេស ពិសេសការបិទព្រំដែនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។ កន្លងមក ប្រទេសនានា ក៏ដាក់ការសង្ស័យចំពោះការអះអាងគ្មានជំងឺនេះសូម្បីមួយករណី ខណៈដែលកូរ៉េខាងជើងនៅជាប់ចិនដែលជាចំណុចផ្ទុះមុនគេ។ កូរ៉េខាងជើង ក៏មិនទាន់ផ្ដល់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនដែរ៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com