អន្តរជាតិ
មន្រ្តីអាម៉េរិក៖ ក្រុងវ៉ាស៊ីនតោន​ចង់ឱ្យ​អាស៊ាន​ដើរ​តួនាទី​កាន់ខ្លាំងជាងមុន ក្នុងវិបត្តិមីយ៉ាន់ម៉ា
12, May 2022 , 7:29 pm        
រូបភាព
អ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក លោក Kurt Campbell។ រូបភាព៖ AFP
អ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក លោក Kurt Campbell។ រូបភាព៖ AFP
មន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ី នៅថ្ងៃទី១១ ខែឧសភា បានលើកឡើងថា អាម៉េរិកចង់ឱ្យមេដឹកនាំ អាស៊ាន ដើរតួនាទីកាន់តែខ្លាំងជាងមុន​ ដើម្បីផ្លាស់ប្តូរមីយ៉ាន់ម៉ាឱ្យដើរលើផ្លូវប្រជាធិបតេយ្យវិញ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន។ ការលើកឡើងរបស់មន្រ្តីអាម៉េរិកបែបនេះ ធ្វើឡើងមុនជំនួបរវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងមេដឹកនាំអាស៊ានមួយថ្ងៃប៉ុណ្ណោះ។ 

 
ចាប់តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា អាស៊ានបានបើកកិច្ចប្រជុំរបស់ខ្លួន ដោយមិនអញ្ជើញតំណាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចូលរួម ដោយសារតែមិនបានអនុវត្តការឯកភាពទាំង ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូលឆ្នាំអាស៊ាននៅក្នុងឆ្នាំ២០២១ បានប្រពឹត្តិទៅដោយមិនមានតំណាងមីយ៉ាន់ម៉ា។ ដោយមើលឃើញថា ស្ថានភាពមីយ៉ាន់ម៉ាមិនប្រសើរឡើង មន្រ្តីអាម៉េរិកម្នាក់ បានលើកឡើងថា រដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក អាចលើកទឹកចិត្តឱ្យបង្កើនទំនាក់ទំនងការទូតច្រើនជាងមុនលើបញ្ហាមីយ៉ាន់ម៉ា ក្នុងជំនួបជាមួយមេដឹកនាំអាស៊ាន។ 
 
«យើងសង្ឃឹម និងរំពឹងថា អាស៊ាននឹងចាប់ផ្តើមគំនិតផ្តួចផ្តើមពិតប្រាកដមួយ ក្នុងរបៀបធ្វើការជាមួយរដ្ឋាភិបាលយោធាបច្ចុប្បន្ន និងជាមួយក្រុមប្រឆាំងពីផ្លូវឆ្ពោះទៅមុខ»។ អ្នកសម្របសម្រួលអាម៉េរិកលើកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បានសង្កត់ធ្ងន់បែបនេះ នៅវិទ្យាស្ថានសន្តិភាពអាម៉េរិក ដោយបន្តថា អាស៊ាន បានដាក់ចេញចំណាត់ការជាច្រើន ដើម្បីដោះស្រាយវិបត្តិនយោបាយ ក្នុងនោះមានដូចជា ការតែងតាំងប្រេសិត ដើម្បីបញ្ជូនសារទៅមេដឹកនាំយោធា ប៉ុន្តែភាគច្រើននៃវិធានការទាំងនោះ មិនទទួលបានផ្លែផ្កាឡើយ។ 
 
ទន្ទឹមនេះ លោក Campbell បានបន្តថា អាម៉េរិកនឹងបន្តតួនាទីយ៉ាងសកម្មរបស់ខ្លួន ជាមួយដៃគូផ្សេងទៀតពីជំហានដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ហើយអាម៉េរិក ចង់ឱ្យអាស៊ានដើរតួនាទីយ៉ាងស៊ីជម្រៅបន្ថែមទៀត ក្នុងផ្នែកការទូតនៅមីយ៉ាន់ម៉ា។ ការលើកឡើងរបស់អ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិកបែបនេះ ធ្វើឡើងមុនតែមួយថ្ងៃប៉ុណ្ណោះនៃកិច្ចប្រជុំអាស៊ាន-អាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន។ 
 
កិច្ចប្រជុំអាស៊ាន-អាម៉េរិក ត្រូវប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមឡើង នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣​ ខែឧសភា បន្ទាប់ពីត្រូវបានពន្យារ កាលពីខែមីនា កន្លងមក។ 
 
ចាប់តាំងរដ្ឋប្រហារកាលខែពីកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់មា បានធ្វើការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ។ មនុស្សជាច្រើនបានស្លាប់ និងរងរបួស ក្នុងការបង្រ្កាបទាំងនេះ។ មិនតែប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ា តែប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចជាញឹកញាប់ បើទោះរបបសឹកបានប្រកាសអនុវត្តបទឈប់បាញ់ក៏ដោយ៕ 
 

Tag:
 អាម៉េរិក
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com