ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ៖ ទ័ពកម្ពុជា មិនត្រូវទុកឲ្យស្ថិតក្នុងសភាពចាស់គំរឹល និងតោកយ៉ាកឡើយ
12, May 2022 , 8:59 pm        
រូបភាព
សម្តេច ទៀ បាញ់ ធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។_
សម្តេច ទៀ បាញ់ ធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។_
ដោយ៖ ទេពញាណ 
 
ក្រសួងការពារជាតិ បានធ្វើពិធីផ្សព្វផ្សាយជាផ្លូវការនូវ «សៀវភៅសការពារជាតិឆ្នាំ២០២២» នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការខ្លឹមសារនៃពិធីនេះ។


ក្រសួងការពារជាតិ បានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ចាប់ពីពេលនេះតទៅ ការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឲ្យស្ថិតនៅក្នុងសភាពចាស់គំរឹល តោកយ៉ាក ឬដើរថយក្រោយនោះឡើយ»។
 
ក្រសួងការពារជាតិ បន្តថា កម្ពុជា មិនមែនធ្វើទំនើបកម្មយោធាត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងធ្វើទំនើបកម្មក្នុងផ្នែកផ្សេងៗទៀត ដូចជា ការពារដែនអាកាស អាវុធធុនធ្ងន់ ការជួយសង្គ្រោះ ការរក្សាសន្តិភាព និង ការប្រឆាំងអំពើភេរវកម្ម ជាដើម។ ក្រសួងការពារជាតិ បន្ថែមថា ការធ្វើទំនើបកម្មយោធានេះ មិនមែនដើម្បីបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ តែដើម្បីការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព-ស្ថិរភាពក្នុងតំបន់។ 
 
ក្រសួងការពារជាតិ បានស្រង់ប្រសាសន៍របស់សម្តេច ទៀ បាញ់ ដែលថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ ទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា សៀវភៅនេះ គឺជាត្រីវិស័យ និងជាគោលការណ៍សម្រាប់ការរៀបចំផែនការ ការធ្វើកំណែទម្រង់យោធា និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ។ សេចក្តីប្រកាសព័ត៌មាន សរសេរពីប្រសាសន៍របស់សម្តេចរដ្ឋមន្រ្តីទៀតថា សៀវភៅនេះ ក៏ជាឧបករណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិផងដែរ ជាពិសេសសុឆន្ទៈរបស់កម្ពុជា ក្នុងការកសាងទំនុកចិត្តជាមួយបណ្តាប្រទេសក្នុងតំបន់៕ 
 

Tag:
 វិស័យការពារជាតិ
  កំណែទម្រង់យោធា
© រក្សាសិទ្ធិដោយ thmeythmey.com