អន្តរជាតិ
អង់គ្លេស ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយស៊ុយអែត និងហ្វាំងឡង់​ ស្របពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន
12, May 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ជាមួយសមភាគីស៊ុយអែត លោកស្រីម៉ាកដាឡឺណា អ៊ែនឌឺសុន។ រូបភាព៖ Twitter-Boris Jonhson
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ជាមួយសមភាគីស៊ុយអែត លោកស្រីម៉ាកដាឡឺណា អ៊ែនឌឺសុន។ រូបភាព៖ Twitter-Boris Jonhson
ដោយ:
អង់គ្លេស បានចុះកិច្ចព្រមព្រៀងថ្មី ស្តីពី​ជំនួយយោធាដល់ស៊ុយអែត និងហ្វាំងឡង់ ក្នុងករណីមានការឈ្លានពានលើប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីអង់គ្លេស ​លោក ​បូរីស ចនសុន បានលើកឡើងបែបនេះ នៅថ្ងៃទី១១ ខែឧសភា។ ការចុះកិច្ចព្រមព្រៀងសន្តិសុខរបស់អង់គ្លេសជាមួយប្រទេសទាំងពីរ ធ្វើឡើងស្របពេលរុស្ស៊ី​កំពុងធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន និងចំពេលស៊ុយអែត រួមហ្វាំងឡង់ចង់ចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។

 
ស្របពេលរុស្ស៊ីកំពុងវាយប្រហារលើអ៊ុយក្រែន ស៊ុយអែត និងហ្វាំងឡង់ ដែលជាប្រទេសប្រកាន់អព្យាក្រឹតភាព បានស្វះស្វែងចង់ចូលជាសមាជិកអង្គការណាតូ ដើម្បីធានាសន្តិសុខរបស់ខ្លួន និងបង្ការការវាយប្រហារពីរុស្ស៊ី។ យ៉ាងណាមិញ នីតិវិធីនៃការចូលជាសមាជិកប្លុកយោធាមួយនេះ អាចចំណាយពេល ១ឆ្នាំឯណោះ។ ដោយទំនងជាចង់ពង្រឹងសន្តិសុខរបស់ខ្លួន និងបង្ការការវាយប្រហារពីសំណាក់រុស្ស៊ី ស៊ុយអែត និងហ្វាំងឡង់ បានឯកភាពលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអង់គ្លេស ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន ទៅប្រទេសទាំងនោះ នៅថ្ងៃទី១១ ខែឧសភា។ 
 
«អ្វីដែលកិច្ចព្រមព្រៀងបានចែងគឺថា នៅក្នុងហេតុការណ៍គ្រោះមហន្តរាយ ឬការវាយប្រហារពីប្រទេសណាមួយលើប្រទេសរបស់យើង ពេលនោះយើងនឹងផ្តល់ជំនួយទៅវិញទៅមក ដោយរួមទាំងជំនួយយោធា»។ លោក ចនសុន បានសង្កត់ធ្ងន់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនិស្ទូ (Sauli Niinisto) នៅទីក្រុងហែលស៊ិនគី។ អង់គ្លេសបានចាត់កិច្ចព្រមព្រៀងសន្តិសុខថ្មីជា ជាការផ្លាស់ប្តូរជំហានថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារ។ 
 
លោកចនសុន បានបន្តថា អង្គការណាតូ មិនបានគំរាមកំហែងប្រទេសណាឡើយ ដោយសម្ព័ន្ធយោធាមួយនេះ មានគោលបំណងការពារគ្នាទៅវិញទៅមកប៉ុណ្ណោះ។ 
 
ក្នុងសន្និសីទដដែលនោះ លោកប្រធានាធិបតីហ្វាំងឡង់ ត្រូវបានចោទសួរ ថាតើការចូលសមាជិកប្លុកយោធាពីសំណាក់ហ្វាំងឡង់ អាចជាសកម្មភាពបង្ករឿងសម្រាប់រុស្ស៊ីឬយ៉ាងណា។ ជាការឆ្លើយតប ប្រមុខរដ្ឋហ្វាំងឡង់ បានទម្លាក់កំហុសលើរុស្ស៊ី និងបញ្ជាក់ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនតែម្នាក់គត់ដែលត្រូវបន្ទោស ចំពោះការសម្រេចចិត្ត ចូលរួមសម្ព័ន្ធយោធាណាតូ។ បើតាមប្រធានាធិបតីហ្វាំងឡង់ រុស្ស៊ីគឺជាដើមហេតុនៃការសម្រេចចិត្ត។ 
 
មុនទស្សនកិច្ចនៅហ្វាំងឡង់ ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោកស្រី​ម៉ាកដាឡឺណា អ៊ែនឌឺសុន (Magdalena Andersson) លោកចនសុន បានបកស្រាយថា សង្រ្គាមនៅអ៊ុយក្រែន បានជំរុញឱ្យអង់គ្លេស និងស៊ុយអែត សម្រេចចិត្តដ៏ពិបាក ប៉ុន្តែរដ្ឋអធិបតេយ្យ ត្រូវតែមានសេរីភាពក្នុងការសម្រេចចិត្ត ដោយគ្មានការភ័យខ្លាច រងឥទ្ធិពល ឬការគំរាមកំហែងនៃការសងសឹក។ កន្លងមក អាម៉េរិក និងអាល្លឺម៉ង់ ក៏ធ្លាប់ផ្តល់ការធានាផ្នែកគាំទ្រយោធា ដល់ស៊ុយអែតផង។ 
 
​​កិច្ចព្រមព្រៀងសន្តិសុខខាងលើ នឹងអនុញ្ញាតឱ្យមានការចែករំលែកព័ត៌មានចារកិច្ច, ការពន្លឿនហ្វឹកហ្វឺនយោធារួម សមយុទ្ធ និងការពង្រាយទ័ពជាដើម។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងសន្តិសុខនេះ នឹងការការពារអឺរ៉ុបខាងជើង និងជានិមិត្តសញ្ញានៃការធានារវាងប្រទេសជាភាគី។ កន្លងមក រុស្ស៊ីធ្លាប់ព្រមានថា ខ្លួនអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលល្បឿនលឿនជាងសម្លេងនៅតំបន់បាល់ទិក ​ប្រសិនប្រទេសទាំងពីរក្លាយជាសមាជិកណាតូ៕
 

Tag:
 អង់គ្លេស
  អឺរ៉ុប
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com