អន្តរជាតិ
រដ្ឋសភា​អាមេរិក​​​អនុម័ត​ជំហាន​ដំបូង​​លើ​​​ទឹកប្រាក់​ប្រមាណ​៤០​ពាន់លាន​ដុល្លារ​ដែល​ជា​ជំនួយ​សម្រាប់​អ៊ុយក្រែន
12, May 2022 , 10:29 pm        
រូបភាព
ប្រធាន​រដ្ឋសភា​អាមេរិក​លោកស្រី Nancy Pelosi (កណ្តាល) និង​សមាជិក​រដ្ឋសភា​អាមេរិក​ផ្សេង​ទៀត​ដែល​ទើប​បាន​ទៅ​ទស្សនា​ប្រទេស​អ៊ុយក្រែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២។

 
សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​បានបោះឆ្នោត​អនុម័តកញ្ចប់​ថវិកា​ដែល​មាន​ទឹក​ប្រាក់ប្រមាណ​៤០ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​ទំនង​ជា​នឹង​បន្ត​សង្គ្រាម​ដ៏​វែងរបស់​ខ្លួននៅ​ក្នុង​ប្រទេស​ជិតខាង​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
 
កញ្ចប់​ជំនួយ​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ សេដ្ឋកិច្ច​និង​មនុស្សធម៌សម្រាប់​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​សភា​តំណាងរាស្ត្រ​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ក្នុង​សំឡេង​គាំទ្រ​៣៦៨​ទល់​នឹង​៥៧​សំឡេង ដោយមេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក​បាន​ព្រមព្រៀង​គ្នា​រួច​ជា​ស្រេច​ហើយ​នៅ​ក្នុង​កញ្ចប់​សំណើ​ថវិកា​នេះ។ កញ្ចប់ជំនួយ​ថវិកា​នេះ ទំនង​ជា​អាច​ទទួលបាន​ការអនុម័ត​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ​ឬ​ក៏​សប្តាហ៍​ក្រោយ។
 
ប្រធាន​រដ្ឋសភា​អាមេរិក​លោក​ស្រី Nancy Pelosi បាន​ប្រាប់​សមាជិករដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រីមុន​ពេល​បោះ​ឆ្នោត​អនុម័ត​ថា៖ «ដោយ​មានកញ្ចប់​ថវិកា​ជំនួយ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ផ្ញើ​សារ​ដ៏​ខ្លាំងមួយ​ទៅកាន់​ពិភព​លោកអំពីការ​ប្តេជ្ញាចិត្ត​មិន​ងាករេ​របស់​ខ្លួន​ដើម្បីឈរ​ជា​មួយពលរដ្ឋ​អ៊ុយក្រែន​ដ៏​ក្លាហាន​រហូត​ដល់​ទទួល​បាន​ជ័យ​ជម្នះ»។
 
មេដឹកនាំ​សភា​អាមេរិក​បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​អនុម័តកញ្ចប់​ថវិកាដែល​មាន​ចំនួន​ប្រមាណ​៦,៨ពាន់​លាន​ដុល្លារ​លើស​ពី​ចំនួន​៣៣ពាន់​លាន​ដុលា្លរ​ដែល​បាន​ស្នើ​ក្នុង​ពេល​កន្លង​ទៅដោយសេតវិមាន​ដើម្បី​ជួយ​ដល់ប្រទេសអ៊ុយក្រែនដែល​ស្ថិត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​ក្នុង​ការ​ទប់​ទល់​ជាមួយ​នឹង​ការឈ្លានពានរបស់​រុស្ស៊ី។
 
ប្រសិន​បើ​កញ្ចប់​ជំនួយ​ថវិកា​នេះ​ត្រូវ​បានព្រឹទ្ធសភា​អាមេរិក​បោះ​ឆ្នោត​អនុម័ត​យល់​ព្រម​ដូច​តាម​ការ​រំពឹង​មែន​នោះ ការ​ផ្តល់​ជំនួយ​របស់​អាមេរិកដើម្បីជួយ​វិស័យ​ការពារ​ជាតិ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​នោះ ក៏​ដូច​ជា​ការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ​នឹង​មាន​ចំនួន​សរុប​ទាំង​អស់​ប្រមាណ​៥៤ពាន់​លាន​ដុល្លារ។
 
សេតវិមាន​បាន​ស្វាគមន៍​ការ​បោះឆ្នោតគាំទ្រ​របស់​រដ្ឋសភា​អាមេរិកកាល​ពី​ថ្ងៃ​អង្គារហើយ​បាន​ហៅ​ថា ជា​ជំហាន​ដ៏​សំខាន់មួយ​ឆ្ពោះ​ទៅកាន់​ការ​ជួយប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ការពារលទ្ធិប្រជាធិបតេយ្យរបស់​ប្រទេស​នេះ​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com