អន្តរជាតិ
លោក បៃឌិន ស្វាគមន៍មេដឹកនាំអាស៊ាននៅសេតវិមាន ជាមួយការផ្ដល់លុយ១៥០លានដុល្លារ
13, May 2022 , 10:50 am        
រូបភាព
កិច្ចប្រជុំអាម៉េរិក-អាស៊ាន។_ រូបភាព៖ តេឡេក្រាម_សម្តេច ហ៊ុន សែន (spmhunsen)
កិច្ចប្រជុំអាម៉េរិក-អាស៊ាន។_ រូបភាព៖ តេឡេក្រាម_សម្តេច ហ៊ុន សែន (spmhunsen)
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១២ ខែឧសភា (ម៉ោងនៅអាម៉េរិក) បានស្វាគមន៍មេដឹកនាំអាស៊ានចំនួន៨ប្រទេស នៅសេតវិមានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ ក្នុងជំនួបអាស៊ាន-អាម៉េរិក​នេះ លោក បៃឌិន បានពិភាក្សាជាមួយមេដឹកនាំបណ្តាប្រទេសអាស៊ាន លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្ស។

 
កិច្ចប្រជុំអាស៊ាន-អាម៉េរិក បានចាប់ផ្តើមហើយ ដោយមានវត្តមានមេដឹកនាំអាស៊ានចំនួន ៨ប្រទេសប៉ុណ្ណោះចូលរួម ខណៈប្រធានាធិបតីហ្វីលីពីនអវត្តមាន ក្រោមហេតុផលមិនចង់ប៉ះពាល់គោលនយោបាយរដ្ឋាភិបាលអាណត្តិក្រោយ ឯមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញចូលរួមឡើយ។ 
 
«ល្ងាចនេះ ខ្ញុំបានទទួលមេដឹកនាំអាស៊ានជាលើកដំបូងនៅសេតវិមានក្នុងប្រវត្តិសាស្រ្ត»។ លោក បៃឌិន សរសេរបែបនេះលើបណ្ដាញសង្គមរបស់លោក។ លោកបៃឌិន បានចាត់ទុកការទទួលរាក់ទាក់នេះ ជាការប្តេជ្ញារបស់អាម៉េរិកចំពោះអាស៊ាន ខណៈពេលចិន កំពុងបង្កើតឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ 
 
តាមរយៈសារដដែលនោះ លោកបៃឌិន បានបន្តថា​ អាម៉េរិក និងមេដឹកនាំអាស៊ាន បានជជែកពីភាពចាំបាច់នៃការសហការជាមួយគ្នា ដើម្បីធានាសន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្សចំពោះប្រជាជនប្រមាណ ១ពាន់លាននាក់។ 
 
ក្នុងអំឡុងទស្សនកិច្ចនៅអាម៉េរិក មេដឹកនាំអាស៊ានមួយចំនួន បានប្រកាសគាំទ្រគម្រោងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលស្នើដោយអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២១ និងអំពាវនាវឱ្យអាម៉េរិកដាក់ចេញរបៀបវារៈពាណិជ្ជកម្ម និងវិនិយោគ ដែលមានលក្ខណៈសកម្មជាងមុន។ 
 
ក្នុងវេទិកាមួយជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងសភាពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី១២ ខែឧសភា លោកលី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានលើកឡើងថា គម្រោងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវតែរួមបញ្ជូន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិក ហើយវាគួរតែផ្តោតលើប្រព័ន្ធឌីជីថល សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធបៃតង។ ទន្ទឹមនេះ លោកលី ក៏បានលើកទឹកចិត្តឱ្យសមាជិកអាស៊ានចូលរួមក្នុងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចរបស់អាម៉េរិក។ 
 
មុនការលើកឡើងរបស់មេដឹកនាំសិង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាម លោកផាម មិញឈិញ បានបង្ហើបថា ក្រុងហាណូយចាប់អារម្មណ៍លើគម្រោងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកនេះដែរ ប៉ុន្តែខ្លួនត្រូវការពេលវេលាមួយចំនួន ដើម្បីសិក្សាពីព័ត៌មានបន្ថែម។ គម្រោងសេដ្ឋកិច្ច ដែលស្នើដោយអាម៉េរិកនេះ អាចជាការប្រកួតប្រជែងមួយជាមួយចិន ដែលបានបង្កើនការវិនិយោគ និងឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ាន តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់របស់ចិន (BRI) ជាដើម។ 
 
ចំណែកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប នៅថ្ងៃទី១២ ខែឧសភា បានជំរុញឱ្យអាម៉េរិកអនុម័តលើរបៀវារៈវិនិយោគ និងពាណិជ្ជកម្មជាមួយអាស៊ានឱ្យបានកាន់តែច្រើនជាងមុន។ សម្រាប់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ការឯកភាពនេះ នឹងជួយឱ្យក្រុងវ៉ាស៊ីនតោនទទួលបានផលប្រយោជន៍ទាំងសេដ្ឋកិច្ច និងយុទ្ធសាស្រ្ត។ 
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ បានចាត់ទុកអាម៉េរិក គឺជាដៃគូដ៏សំខាន់សម្រាប់អាស៊ាន ដោយប្រទេសមហាអំណាចមួយនេះ មានទំហំពាណិជ្ជកម្មប្រមាណ ៣០៨,៩ពាន់លានដុល្លារ ជាមួយបណ្តាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២០ ។
 
ស្របគ្នានេះ ប្រធានាធិបតីអាម៉េរិក បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារសម្រាប់បណ្តាប្រទេសអាស៊ាន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខលើដែនសមុទ្រ ការត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកល និងការផ្គត់ផ្គង់វិស័យថាមពលជាដើម៕ 
 
 

Tag:
 ម៉ាឡេស៊ី
  អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com