ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ប្រាប់អាម៉េរិកថា គ្មានប្រទេសណា បើកឲ្យធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពដូចកម្ពុជាឡើយ
13, May 2022 , 3:57 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី វិនឌី សឺមែន នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី វិនឌី សឺមែន នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 
 
អាម៉េរិក នៅតែបារម្ភពីវត្តមានទ័ពជើងទឹកចិន នៅលើមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ នេះជាការលើកឡើងសាជាថ្មីរបស់ភាគីអាម៉េរិក ដែលធ្វើឲ្យភាគីកម្ពុជា ត្រូវឆ្លើយសាជាថ្មីដែរថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានទ័ពបរទេសលើទឹកដីខ្លួនឡើយ។

 
ទោះជាកន្លងមក ទ័ពកម្ពុជា នាំទ័ពអាម៉េរិក ទៅដើរមើលនៅមូលដ្ឋានទ័ពជើងទឹករាមក្តី តែកម្ពុជា នៅតែមិនអាចលុបមន្ទិលចេញពីក្នុងចិត្តអាម៉េរិក ដែលមានមន្ទិលថា ទ័ពជើងទឹកចិន កំពុងលាក់ខ្លួនក្នុងមូលដ្ឋានទ័ពជើងទឹករាមនេះ ដោយមានការបើកដៃពីរដ្ឋាភិបាលកម្ពុជា។ នៅពេលថ្នាក់ដឹកនាំកម្ពុជា ទៅដល់ទឹកអាម៉េរិក មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសមហាអំណាចមួយនេះ បានលើកយកមន្ទិលសង្ស័យរបស់ខ្លួនក្នុងរឿងមូលដ្ឋានទ័ពជើងទឹករាម មកនិយាយជាមួយថ្នាក់ដឹកនាំកម្ពុជាសាជាថ្មី។ 
 
ប្រធានបទទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹករាម ត្រូវបានអ្នកស្រី វិនឌី សឺមែន (Wendy R. Sherman) អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក លើកឡើងជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅលើទឹកដីអាម៉េរិក។ លោក ប្រាក់ សុខុន បានអមដំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ាន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋានអាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក ស្តីពីជំនួបរវាងអ្នកស្រី វិនឌី សឺមែន និងលោក ប្រាក់ សុខុន បានសរសេរថា៖«អ្នកស្រីអនុរដ្ឋមន្រ្តី បានលើកឡើងម្តងទៀតពីក្តីបារម្ភរបស់អាម៉េរិក ទៅលើវត្តមានទ័ពចិន និងការសាងសាង់ [អគារនានា] នៅមូលដ្ឋានទ័ពជើងទឹករាម ហើយក៏បារម្ភពីការជះឥទ្ធិពលទ័ពចិន ដែលតាំងនៅមូលដ្ឋានទ័ពជើងទឹករាមនេះ ទៅដល់សន្តិសុខក្នុងតំបន់ដែរ»។ 
 
ចំណែកក្រសួងការបរទេសកម្ពុជា បានស្រង់ប្រសាសន៍របស់លោក ប្រាក់ សុខុន ដែលតបនឹងអ្នកស្រី វិនឌី សឺមែន ទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មីអំពីការប្រកាន់ភ្ជាប់របស់កម្ពុជាលើគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានទ័ពបរទេស។ កាយវិការ ដែលកម្ពុជា បានអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសា គឺជាកាយវិការ ដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា»។  
 
ដោយសារបកស្រាយត្រឹមពាក្យសម្តី អាម៉េរិក មិនព្រមជឿ កម្ពុជា ក៏បើកដៃឲ្យទ័ពអាម៉េរិកនៃស្ថានទូតអាម៉េរិកប្រចាំរាជធានីភ្នំពេញ ទៅទស្សនកិច្ច និងពិនិត្យមើលដោយផ្ទាល់នៅមូលដ្ឋានទ័ពជើងទឹករាម កាលពីពាក់កណ្តាលឆ្នាំ២០២១ ដើម្បីដឹងឲ្យច្បាស់ថា ពិតជាមានទ័ពជើងទឹកចិនមែនដែរឬទេ។ យ៉ាងណា អាម៉េរិក នៅតែមិនអស់ចិត្ត និងនៅតែសង្ស័យដដែលថា មូលដ្ឋានទ័ពជើងទឹករាម មានទ័ពជើងទឹកចិន។ ស្ថានទូតអាម៉េរិក អះអាងថា ទ័ព និងមន្រ្តីខ្លួន មិនត្រូវបានអនុញ្ញាតឲ្យដើរមើលសព្វទីកន្លែងនានា ក្នុងមូលដ្ឋានទ័ពជើងទឹករាមនោះទេ ហើយមួយរយៈក្រោយមក ស្ថានទូតអាម៉េរិក បានស្នើសុំទៅធ្វើទស្សនកិច្ចម្តងទៀត តែត្រូវភាគីកម្ពុជាបដិសេធ៕ 
 
 

Tag:
 កម្ពុជា
  អាម៉េរិក
  មូលដ្ឋានទ័ពជើងទឹករាម
  ទ័ពជើងទឹកចិន
© រក្សាសិទ្ធិដោយ thmeythmey.com