ជាតិ
សង្គមជាតិ
លោកស្រី ជ្រឹង បុទុមរង្សី បានពានរង្វាន់«ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២» ពីស្ថាប័នកូរ៉េមួយ
13, May 2022 , 9:59 pm        
រូបភាព
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។ រូបថត៖ ហ្វេសប៊ុក ជ្រឹង បុទុមរង្សី
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។ រូបថត៖ ហ្វេសប៊ុក ជ្រឹង បុទុមរង្សី
ភ្នំពេញ៖ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ​ លោកស្រី ជ្រឹង បុទុមរង្សី ទទួលបានពានរង្វាន់«អគ្គរាជទូត​ឆ្នើម​ប្រចាំឆ្នាំ​២០២២» ពី​ស្ថាប័ន​ Korea Consumer Global Council។  អ្នកស្រី ទទួលបានពានរង្វាន់នេះ បន្ទាប់ពីបំពេញបេសកកម្មជាមន្ត្រីកាទូត បានរយៈពេល៧ខែ។​

 
ស្ថាប័នKorea Consumer Global Council ទទួលស្គាល់នូវសកម្មរបស់លោកស្រី ជ្រឹង បុទុមរង្សី លើ​វិស័យ​ការទូតដែល​ផ្តោតលើ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​។ ស្ថាប័ននេះ សម្រចផ្តល់ពានរង្វាន់«អគ្គរាជទូត​ឆ្នើម​ប្រចាំឆ្នាំ​២០២២» ដល់លោកស្រី បុទុមរង្សី នាថ្ងៃទី១០ឧសភា ឆ្នាំ២០២២។​
 
សហប្រធាន​ស្ថាប័ន Korea Consumer Global Council លោកស្រី​ Yoon Jeong-Yeon និង​លោកស្រី Cho Eun-Young  បានលើកឡើងក្នុងលិខិតនៃពានរង្វាន់«ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២» ថា លោកស្រី​ ជ្រឹង បុទុមរង្សី ​ខិតខំ​​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កូរ៉េ-កម្ពុជា បានយ៉ាងល្អប្រសើរ។  លើសពីនេះ លោកស្រី​ បុទុមរង្សី ត្រូវបានគេរំពឹងថា ​នឹង​នាំមក​នូវ​សមិទ្ធផល​ការទូត​ដ៏ច្រើន​បន្ថែមទៀត ក្រៅតែពីទំនាក់ទំនងកាទូត ដូចជា វិស័យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​រវាង​កូរ៉េ និង​កម្ពុជា​ក្នុង​ នារយៈពេលប៉ុន្មាន​ឆ្នាំ​ទៀត។
 
សហប្រធាន​ទាំងពីរខាងលើបានបញ្ជាក់ថា​៖ «​ការ​ទទួលស្គាល់ ការរួមចំណែក ខាង​ការទូត​ដ៏ល្អឥតខ្ចោះ​របស់លោក​ជំទាវ ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ  Korea Consumer Global Council សូម​ប្រគល់​ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម​ប្រចាំ​២០២២​ ជូន​លោកជំទាវ​»​។
 
បន្ទាប់ពីទទួលបានពានរង្វាន់នេះ លោកស្រី ជ្រឹង បុទុមរង្សី បានសរសេរ​លើ​ហ្វេសប៊ុក នា​ថ្ងៃទី​ ១២ឧសភា ថា៖ «​នេះ​ជាការ​លើកទឹកចិត្ត​មួយ​ដ៏មាន​តម្លៃ​ដែល​ស​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​របស់​នាង​ខ្ញុំ​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​បម្រើ​ជាតិ មាតុភូមិ និង​បម្រើ​ដល់​ផលប្រយោជន៍​បងប្អូន​ខ្មែរ​យើង ពិតជា​មាន​ការគាំទ្រ​ពី​ភាគី​កូរ៉េ ដែលជា​ម្ចាស់ផ្ទះ​ពិតប្រាកដ​ណាស់​»​។ 
 
ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​​កូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា អ្នកស្រីពុំអាចបំពេញកិច្ចការងារទាំងនេះបានទេ បើគ្មានការចូលរួមគាំទ្រនិងលើកទឹកចិត្តពីមន្រ្តីរាជការ បុគ្គលិកនៃស្ថានទូត ក្រុមគ្រួសារ រួមទាំងក្តីអាណិតស្រលាញ់ពីពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការ នៅប្រទេសកូរ៉េនេះ។ 
 
លោកស្រី បុទុមរង្សី បន្តសរសេររៀបរាប់យ៉ាងដូច្នេះ​៖ «នាងខ្ញុំនឹងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បន្តអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងនាមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបម្រើជាផលប្រយោជន៍ និងបុព្វហេតុ ដល់ប្រទេសជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរ»។ 
បើតាមលោកស្រី បុទុមរង្សី ​ កិច្ចការដែលត្រូវធ្វើបន្តទៀត គឺសំដៅលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កូរ៉េ លើវិស័យការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។​ 
 
លោកស្រី ​ជ្រឹង បុទុមរង្សី ជាអតីតរដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មកកាន់តួនាទីជាឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​​កូរ៉េខាងត្បូង ជំនួស លោក ឡុង ឌីម៉ង់ កាលថ្ងៃទី១០កញ្ញា ឆ្នាំ២០២១។​
 
សម្រាប់លោក ឡុង ឌីម៉ង់ ដែលជាអតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង និងបច្ចុប្បន្នជាអភិបាលរងខេត្តព្រះសីហនុ ក៏ធ្លាប់​ទទួល​បាន​ពានរង្វាន់​ឯកអគ្គ​រាជទូត​ឆ្នើម​ប្រចាំឆ្នាំ​២០២១ ពី​សមាគម​ទូត​មិត្តភាព​វប្បធម៌​កូរ៉េ (Korea Ambassador Culture Friendship Association) ពីការរួម​ចំណែក​ដល់​ការពង្រឹង​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ផងដែរ​៕ 
 

Tag:
 មន្ត្រីទូត
  ជ្រឹង បុទុមរង្សី
© រក្សាសិទ្ធិដោយ thmeythmey.com