ជាតិ
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ១៨រូប ចូលរួមវគ្គបណ្តុះបណ្តាលនៅកូរ៉េ រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា ។
×
ដោយ៖ ហេង ស្រីលីន
ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនចំនួន ១៨រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងរៀនក្នុងបរិបទឌីជីថល នៅសាធារណៈរដ្ឋកូរ៉េ ។ ការផ្តល់ជូននេះ គឺសម្រាប់គ្រូបង្រៀននៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ដែលមានបំណងលើកកម្ពស់សមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
បើតាមក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរអប់រំក្រុងប៊ូសាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងរៀនក្នុងបរិបទឌីជីថល។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់២៥ ខែកញ្ញា ឆ្នាំ២០២២។
លក្ខខណ្ឌជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវជាគ្រូបង្រៀនគ្រប់ឯកទេស នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំណេះដឹងផ្នែកភាសាអង់គ្លេស មានចំណូលចិត្តផ្នែកបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះ បេក្ខជនត្រូវមានបទពិសោធន៍ធ្វើការ ឬបង្រៀនពាក់ព័ន្ធ និងកុំព្យួទ័រ ឬបច្ចេកវិទ្យាឌីជីថល។ ក្រៅពីជំនាញ និងបទពិសោធន៍ បេក្ខជនត្រូវមានសុខភាពល្អ ឯលិខិតឆ្លងដែន មានសុពលភាពយ៉ាងតិចត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
បេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ
https://bit.ly/BusanTR2022 ឱ្យបានមុនថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទី។ រាល់ការស្នាក់នៅ ការធ្វើដំណើរ និងអាហារ គឺភាគីកូរ៉េជាអ្នករ៉ាប់រង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជ្រើសរើស សិក្ខាកាមទាំងអស់ត្រូវចូលរួមប្រជុំមុនធ្វើដំណើរ និងទទួលការណែនាំពី នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះ សិក្ខាកាមនឹងចែករំលែក ចំណេះនានា ទៅវិញទៅមក និងរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការចែករំលែកលើចំណេះដឹង ជំនាញ បទពិសោធន៍ នៃវគ្គបណ្តុះបណ្តាលនេះ៕
Tag:
ThmeyThmey25
Moeys
កូរ៉េ
គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com