COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង បន្តកើនឡើង ខណៈប្រទេសត្រូវបិទខ្ទប់ទាំងស្រុង
× ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង បានឡើងដល់៤២នាក់ហើយក្នុងរយៈពេលបីបួនថ្ងៃក្រោយប្រទេសនេះប្រកាសពីការផ្ទុះជំងឺផ្លូវដង្ហើមមួយនេះ។ កូរ៉េខាងជើង ក៏បង្កើនការរឹតត្បិតនានា និងបិទខ្ទប់ប្រទេសទាំងមូលក្នុងគោលបំណងបញ្ឈប់ការឆ្លងរាត្បាតឱ្យបានលឿនបំផុត។ អាជ្ញាធរសុខាភិបាលប្រទេសនេះ ក៏បានរៀបចំប៉ុស្ដិ៍បង្ការជំងឺឆ្លងបន្ថែមទៀត ព្រមទាំងបានរៀបចំការចែកចាយថ្នាំព្យាបាលផង។
អស់រយៈពេល៤ថ្ងៃមកហើយដែលកូរ៉េខាងជើងបានប្រកាសពីការផ្ទុះជំងឺកូវីដ-១៩ ក្នុងប្រទេស។ មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន ក៏បានប្រកាសឱ្យបិទខ្ទប់ប្រទេសចាប់ពីថ្ងៃទី១២ ឧសភាមក បានហៅការផ្ទុះឡើងនៃជំងឺនេះជាវិបត្តិដ៏ធំមួយ ដែលនឹងបង្កភាពចលាចលក្នុងស្រុក។ តែលោកក៏បានជំរុញឱ្យមានការចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺមួយនេះដែរ។
«ខេត្ត ក្រុង និងស្រុកទាំងអស់ ត្រូវបានបិទទាំងស្រុង ហើយកន្លែងធ្វើការ រោងចក្រ និងលំនៅឋានរបស់ប្រជាជន ក៏ត្រូវបានរឹតត្បិតផងដែរចាប់តាំងពីថ្ងៃទី១២ ខែឧសភា ហើយការធ្វើតេស្តរកជំងឺយ៉ាងហ្មត់ចត់ កំពុងតែត្រូវបានធ្វើឡើង»។ ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍បែបនេះនៅថ្ងៃទី១៥ ខែឧសភា។ បន្ថែមពីលើនេះ អាជ្ញាធរសុខាភិបាលបានរៀបចំប៉ុស្ដិ៍បង្ការជំងឺឆ្លងបន្ថែមទៀតព្រមទាំងចែកចាយថ្នាំព្យាបាលទៅតាមមន្ទីរពេទ្យ និងគ្លីនិកនានា ខណៈមន្ត្រីជាន់ខ្ពស់បានបរិច្ចាគថ្នាំបម្រុងរបស់ពួកគេផង។
ក្នុងរបាយការណ៍ខាង ករណីក្ដៅខ្លួនថ្មីមានរហូតដល់២៩ម៉ឺននាក់ ខណៈមនុស្ស១៥នាក់បានស្លាប់ ដែលនាំឱ្យអ្នកស្លាប់សរុបមាន៤២នាក់។ ករណីគ្រុនក្ដៅសរុបមាន៨២ម៉ឺននាក់ ហើយអ្នកកំពុង សម្រាកព្យាបាលមាន៣២ម៉ឺននាក់។
កូរ៉េខាជើង មានប្រព័ន្ធសុខាភិបាលមួយទន់ខ្សោយដែលអាចនឹងពិបាកក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ លើប្រជាជនរាប់សិបម៉ឺននាក់ដែលចេញរោគសញ្ញា។ កង្វះចំណេះដឹងពីវិធីសាស្រ្តព្យាបាលតាមបែបវិទ្យាសាស្ត្រក៏ជាបញ្ហាធំមួយសម្រាប់ប្រទេសឯកោមួយនេះផងដែរ គួបផ្សំនឹងការមិនទាន់ផ្ដល់វ៉ាក់សាំងដល់ប្រជាជន។ កន្លងមក រដ្ឋាភិបាលប្រទេសនេះ បដិសេធទទួលវ៉ាក់សាំងពីយន្តការ COVAX រាប់លានដូស៕
© រក្សាសិទ្ធិដោយ thmeythmey.com