អន្តរជាតិ
ប្រមុខណាតូ៖ សមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ នឹងជាប្រវត្តិសាស្រ្ត
16, May 2022 , 10:46 am        
រូបភាព
លោក Jens Stoltenberg ប្រមុខអង្គការណាតូ។ រូបភាព៖ AFP
លោក Jens Stoltenberg ប្រមុខអង្គការណាតូ។ រូបភាព៖ AFP
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នៅថ្ងៃទី១៥ ខែឧសភា បានលើកឡើងថា​ ស៊ុយអែត រួមទាំងហ្វាំងឡង់ ជាដៃគូដ៏ជិតស្និទ្ធរបស់អង្គការណាតូ ហើយប្រសិនបើប្រទេសទាំងពីរ ដាក់ពាក្យស្នើចូលជាសមាជិក វានឹងជាប្រវត្តិសាស្រ្ត។ ការប្រកាសរបស់អគ្គលេខាធិការនៃប្លុកយោធាបែបនេះ ធ្វើឡើងស្របពេលហ្វាំងឡង់ប្រកាសដាក់ពាក្យចូលជាសមាជិកណាតូជាផ្លូវការ ខណៈបក្សកាន់អំណាចស៊ុយអែតគាំទ្រគម្រោងចូលជាសមាជិកអង្គការយោធាមួយនេះ។

 
​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យស៊ុយអែត និងហ្វាំងឡង់ ដែលជាប្រទេសជិតខាងមានការព្រួយបារម្ភជុំវិញបញ្ហាសន្តិសុខ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្តូ នៅថ្ងៃទី១៥ ខែឧសភា បានប្រកាស ហ្វាំងឡង់ នឹងដាក់ពាក្យចូលជាសមាជិកណាតូ។ ចំណែកស៊ុយអែតឯណោះវិញ ក្នុងថ្ងៃដដែល បក្សកាន់អំណាចប្រជាធិបតេយ្យសង្គម បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីគាំទ្ររដ្ឋាភិបាលចូលរួមអង្គការណាតូ។ 
 
ស្របពេលរដ្ឋាភិបាលក្រុងហែលស៊ិនគី និងស្តុកខុលប្រកាសចង់ចូលរួមជាសមាជិក អង្គការណាតូ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា នៅទីក្រុងបែរឡាំង ដើម្បីពិភាក្សាពីសមាជិកភាពរបស់ប្រទេសទាំងពីរ។ ថ្លែងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែឧសភា លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ ដែលទើបតែជាសះស្បើយពីជំងឺកូវីដ-១៩ បានចាត់ទុកស៊ុយអែត និងហ្វាំងឡង់ ដែលបានឯកភាពនឹងដាក់ពាក្យចូលណាតូក្នុងពេលដំណាលគ្នា ជាដៃគូដ៏ជិតស្និទ្ធបំផុត។ 
 
«ប្រសិនបើពួកគេសម្រេចដាក់ពាក្យចូលជាសមាជិក វានឹងក្លាយជាប្រវត្តិសាស្រ្ត»។ ប្រមុខអង្គការណាតូ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការចូលជាសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត នឹងជួយបង្កើនសន្តិសុខរួម ក៏ដូចជាបង្ហាញថាច្រកទ្វារសម្រាប់សមាជិកណាតូ នៅតែបើកចំហ។ 
 
ការប្រកាសចូលជាសមាជិកណាតូពីសំណាក់ហ្វាំងឡង់ និងស៊ុយអែត ជាការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះគោលនយោបាយអព្យាក្រឹត្រ ដែលបានអនុវត្ត និងមានចែងក្នុងរដ្ឋធម្មនុញ្ញចាប់តាំងពីមុខសង្រ្គាមលោកលើកទីពីរមក។ កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការបោះបង់ផ្លូវអព្យាក្រឹតរបស់ខ្លួនដែលធ្លាប់មានជាច្រើនឆ្នាំមកនេះ ជាកំហុសមួយ ព្រោះហ្វាំងឡង់គ្មានការគំរាមផ្នែកសន្តិសុខអ្វីឡើយ។ 
 
សភាហ្វាំងឡង់ ត្រូវបានរំពឹងថា នឹងគាំទ្រសេចក្តីសម្រេចចូលជាសមាជិកណាតូ នៅប៉ុន្មានថ្ងៃខាងមុខ។ បន្ទាប់ពីនោះ​ រដ្ឋាភិបាលហែលស៊ិនគី នឹងដាក់ពាក្យចូលជាសមាជិកណាតូ នៅទីស្នាក់ការកណ្តាលក្នុងក្រុងព្រុចសែល។ ការប្រកាសចូលជាសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ ត្រូវបានតួកគី ដែលជាសមាជិកមួយរបស់អង្គការណាតូ ជំទាស់។ លោក Mevlut Cavusoglu ប្រមុខការទូតតួកគី បានចោទស៊ុយអែតថា បានផ្តល់កន្លែងជ្រកកោនដល់បក្សពលករឃើដ (PKK)។ បក្សពលករឃើដ ត្រូវបានសហភាពអឺរ៉ុប តួកគី និងអាម៉េរិកចាត់ទុកជាអង្គការភេរវករ។ 
 
ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu នៅក្នុងកិច្ចប្រជុំណាតូនាទីក្រុងបែរឡាំង បានដាក់លក្ខខណ្ឌឱ្យប្រទេសទាំងពីរឈប់គាំទ្រក្រុមភេរវករ ផ្តល់ការធានាសន្តិសុខឱ្យបានច្បាស់លាស់ និងលើកចោលបម្រាមហាមឃាត់ការនាំចេញមកលើតួកគី​ ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចង់ចូលជាសមាជិកណាតូ៕ 
 

Tag:
 ណាតូ
  ស៊ុយអែត
  ហ្វាំងឡង់
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com