ជាតិ
សង្គមជាតិ
លោក នេត សាវឿន ប្រាប់ប៉ូលិសគ្រប់ថ្នាក់ ឲ្យបម្រើពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ និង អាកប្បកិរិយាថ្លៃថ្នូរ
16, May 2022 , 11:36 am        
រូបភាព
លោក នេត សាវឿន ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
លោក នេត សាវឿន ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 
 
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតមួយ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួប៧៧ឆ្នាំនៃការបង្កើតនគរបាលជាតិ។ ថ្ងៃទី១៦ ខែសភា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧៧ឆ្នាំនៃការបង្កើតនគរបាលជាតិ ដោយព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា។



តាមរយៈសារលិខិតនោះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកទឹកចិត្តឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ បន្តប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។ លោក ថែមទាំងបានប្រាប់ឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ បន្តបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និង មនសិការវិជ្ជាជីវៈខ្ពស់។ 
 
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ បានសរសើរកងកម្លាំងនគរបាលជាតិថា កន្លងមក បានសម្រេចស្នាដៃធំៗជាច្រើន ដោយបានប្រកៀកស្មាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារបូរភាពទឹកដី អធិបតេយ្យជាតិ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន ចូលរួមចំណែកកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ លោក បន្តថា កងកម្លាំងនគរបាលជាតិ បានទប់ស្កាត់អំពើភេរវកម្ម បង្ក្រាបឧក្រិដ្ឋនកម្មឆ្លងដែនគ្រប់ប្រភេទបានទាន់ពេលវេលា ធានាបាននូវសន្តិសុខ និងរក្សាបាននូវប្រក្រតីភាពសង្គម។
 
លោក លើកទឡ្ហីករណ៍ជាក់ស្តែងថា ក្នុងឆ្នាំ២០២១ កន្លងទៅ គ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី បេសកកម្មរបស់ឥស្សរជនជាតិ-អន្តរជាតិ និងព្រឹត្តការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែលសរុបមានជាង១,២ម៉ឺនលើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង៕ 
 

Tag:
 នេត សាវឿន
  នគរបាលជាតិ
  ខួប៧៧ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com