កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ៖ យើងនឹងផ្តល់គ្រប់យ៉ាងចំពោះអ្នកគាំទ្រនៅជំនួបចុងក្រោយ Premier League
16, May 2022 , 12:59 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ថ្ងៃទី១៥ ខែឧសភា បានស្នើទៅកាន់អ្នកគាំទ្រក្រុមមេឃខៀវឱ្យចេញមកគាំទ្រទាំងក្នុងនិងក្រៅទីលាននាជំនួបចុងក្រោយ Premier league ទល់ Aston Villa ខណៈខកខានបង្កើនពិន្ទុនាំមុខ ក្រោយស្មើ West Ham ។ លោក Guardiola ក៏សន្យាថា​ នឹងផ្តល់គ្រប់យ៉ាងដើម្បីឈ្នះពានរង្វាន់នាជំនួបចុងក្រោយសម្រាប់អ្នកគាំទ្រ។


នាជំនួបថ្ងៃទី១៥ ខែឧសភា ក្រុមមេឃខៀវ Man City ប្រកួតស្មើលទ្ធផល ២-២ ជាមួយក្រុម West Ham United។ ក្លិបញញួរយក្ស បានបើកការនាំមុខលើក្រុមកំពូលតារាងមេឃខៀវលទ្ធផល ២-០ នៅវគ្គទីមួយ​ដោយធ្វើបានដោយកីឡាករ Jarrod Bowen។ ចូលវគ្គទីពីរក្រុមមេឃខៀវអាចស្វែងរក២គ្រាប់តាមស្មើវិញដោយកីឡាករ Jack Grealish ខណៈកីឡាករ Vladimir Coufal របស់ West Ham ទាត់បាល់ចូលទីខ្លួនឯង។ 
 
យ៉ាងណាមិញ ក្រុម Man City ហៀបនឹងទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ West Ham ដោយទទួលបានការផ្តល់បាល់ពិន័យ ១១ម៉ែត្រ ដែលជាការបង្កកំហុសពីសំណាក់កីឡាករក្រុមម្ចាស់ផ្ទះ ។ ប៉ុន្តែខ្សែប្រយុទ្ធ ​Riyad Mahrez បែរជាមិនអាចទាត់បាល់បញ្ជូលទីបាន។
 
បន្ទាប់ពីប្រកួតស្មើ Man City មាន៩០ពិន្ទុ នាំមុខក្រុមលេខពីរ Liverpool ជាគូប្រជែងពានរដូវកាល២០២១-២២ ត្រឹមតែ ៤ពិន្ទុ ខណៈនៅសល់ត្រឹម១ប្រកួត ចំណែក Liverpool សល់ពីរប្រកួតក្នុងដៃ។ Liverpool ជាក្រុមទើបលើកពាន FA Cup ក្រោយឈ្នះលើ Chelsea ក្នុងការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។
 
និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Guardiola បានលើកឡើងថា នាប្រកួតចុងក្រោយ Man City នឹងផ្តល់គ្រប់យ៉ាងសូម្បីជីវិតក្នុងការដណ្តើមពាន Premier League រដូវកាលនេះ។
 
«នៅសប្តាហ៍ក្រោយ កីឡដ្ឋានរបស់យើងនឹងលក់សំបុត្រអស់ទាំងស្រុង យើងនឹងផ្តល់គ្រប់យ៉ាងសូម្បីជីវិតរបស់យើង ហើយអ្នកគាំទ្រក៏នឹងផ្តល់ការគាំទ្ររបស់ពួកគេ។ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីមានឱកាសជាមួយអ្នកគាំទ្ររបស់យើង ក្នុងការយកឈ្នះមួយប្រកួតចុងក្រោយដើម្បីក្លាយជាជើងឯក ហើយយើងនឹងធ្វើរឿងដ៏អស្ចារ្យនេះ។» Guardiola និយាយបែបនេះ៕
 

Tag:
 Pep Guardiola
  Premier league
© រក្សាសិទ្ធិដោយ thmeythmey.com