អន្តរជាតិ
ជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បញ្ជាកងទ័ពជួយ​ផ្គត់​ផ្គត់​ថ្នាំ ឯកូរ៉េខាងត្បូងប្រកាសផ្ដល់ជំនួយ
16, May 2022 , 2:31 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះពិនិត្យឱសថស្ថានក្នុងរដ្ឋធានីព្យុងយ៉ាង ស្របពេលដែលជំងឺកូវីដ-១៩ ផ្ទុះខ្លាំង។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះពិនិត្យឱសថស្ថានក្នុងរដ្ឋធានីព្យុងយ៉ាង ស្របពេលដែលជំងឺកូវីដ-១៩ ផ្ទុះខ្លាំង។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំបន្ទាន់របស់ការិយាល័យនយោបាយបក្សពលករកូរ៉េ ដើម្បីពិភាក្សាស្ថានការណ៍ជំងឺកូវីដ-១៩ ដែលកាន់តែយ៉ាប់យ៉ឺន។ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅថ្ងៃទី១៦ ខែឧសភា។ លោក គីម ក៏បានបញ្ជាឱ្យយោធាជួយផ្គត់ផ្គង់ថ្នាំព្យាបាល​ដោយមានស្ថិរភាព​សម្រាប់​ប្រជាជន​នៅ​ក្នុង​រដ្ឋធានីព្យុងយ៉ាង។ នៅកូរ៉េខាងត្បូងវិញ ប្រធានាធិបតីប្រទេសនេះ ក៏ប្រកាសជួយកូរ៉េខាងជើងផងដែរ។

 
អស់ពេលជិតមួយសប្ដាហ៍មកនេះ កូរ៉េខាងជើង កំពុងប្រឈមមុខនឹងការស្ទុះឡើងនៃករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុងប្រទេស។ ស្របពេលគ្នានេះ ប្រទេសមួយនេះ ក៏មិនមានកម្មវិធីផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ហើយក៏ធ្លាប់បានបដិសេធមិនទទួលជំនួយវ៉ាក់សាំង​រាប់លានដូសពីយន្តការ COVAX ដែលអាចធ្វើឱ្យពិបាកនឹងទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ។
 
ខណៈស្ថានភាពមិនធូរស្រាល មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១៥ ខែ ឧសភា បានកោះ​ប្រជុំការិយាល័យនយោបាយម្ដងទៀត ហើយបានរិះគន់ចំៗចំពោះការមិនទទួលខុសត្រូវ និងអសមត្ថភាពរបស់គណៈរដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាលសាធារណៈ។ ក្នុងរបាយការណ៍របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ KCNA នៅថ្ងៃ ទី១៦ ខែឧសភា ទោះបីជារដ្ឋាភិបាលទីក្រុងព្យុងយ៉ាង​បានបញ្ជា​ឱ្យ​ប្រើ​ប្រាស់​ឱសថបម្រុងក្ដី លោក គីម លើកឡើងថា ឱសថទាំងនោះ មិនត្រូវបាន​បញ្ជូន​ដល់​ប្រជាជន​ទាន់​ពេល និងត្រឹមត្រូវតាមក្បួនខ្នាតនោះឡើយ។
 
«លោក គីម បានបញ្ជាឱ្យក្រុមពេទ្យរបស់កងទ័ពឱ្យជួយរក្សាស្ថិរភាព​ក្នុង​ការផ្គត់​ផ្គង់​ថ្នាំ​ព្យាបាល​សម្រាប់​ប្រជាជនក្នុងទីក្រុងព្យុងយ៉ាង»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើដដែលសរសេរបែបនេះ។
 
បើតាម KCNA លោក គីម ក៏បានទៅមើលឱសថស្ថានដែលមានទីតាំងនៅជិតទន្លេ Taedong ក្នុង​ទីក្រុងព្យុងយ៉ាងដើម្បីស្វែងយល់អំពីការផ្គត់ផ្គង់ និងការលក់ថ្នាំ។ នៅទីនោះ មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះក៏បានរិះគន់ពីឱសថស្ថានទាំងនោះដែលមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បី​បំពេញ​មុខ​ងារ​ដោយ​រលូន ហើយខ្វះកន្លែងស្តុកថ្នាំ ឯអ្នកលក់ក៏មិនមានសម្លៀកបំពាក់ប្រកបដោយអនាម័យត្រឹមត្រូវ។
 
ត្រឹមថ្ងៃទី១៦ ខែឧសភា អ្នកក្ដៅខ្លួនថ្មីមានរហូតដល់៣៩ម៉ឹននាក់ ខណៈមនុស្ស៨នាក់បន្ថែ​ម​ទៀត​បានស្លាប់។ ទោះជាយ៉ាងណា កូរ៉េខាងជើង មិនបានផ្ដល់តួលេខជាក់លាក់នៃករណីឆ្លងក្នុងប្រទេសឡើយ។
 
នៅទីក្រុងសេអ៊ូលវិញ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី១៦ ខែឧសភា ក៏បាន​បោះ​ដៃជួយកូរ៉េខាងជើងដោយសន្យាផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បរិក្ខារពេទ្យ និងព្រមទាំង​បុគ្គលិក​សុខាភិបាល ប្រសិនបើទីក្រុងព្យុងយ៉ាងបើកទទួលយកជំនួយទាំងនេះ។ ថ្លែងទៅកាន់កិច្ចប្រជុំសភា លោក យូន ដែលទើបឡើងកាន់តំណែងថ្មីៗអះអាងថា កូរ៉េខាងត្បូងនឹងខិតខំជួយកូរ៉េខាងជើងដោះស្រាយវិបត្តិនេះ៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com