អន្តរជាតិ
ក្រុងសៀងហៃ គ្រោងបើកឡើងវិញក្នុងខែមិថុនា ក្រោយជំងឺកូវីដ-១៩ ធូរស្រាល ឯប៉េកាំងបន្តបិទខ្ទប់
16, May 2022 , 3:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អាជ្ញាធរក្រុងសៀងហៃនៅថ្ងៃទី១៦ ខែឧសភា ប្រកាសគោលដៅវិលត្រឡប់ទៅរកស្ថានភាពធម្មតាចាប់ពីខែមិថុនាទៅ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងទីក្រុងនេះកាន់តែធូរស្រាល។ អាជីវកម្មដូចជាផ្សារទំនើប ហាងធ្វើសក់និង​ហាងផ្សេងៗទៀតនៅទីក្នុងទីក្រុងអាចនឹងចាប់ផ្តើមបើកឡើងវិញជាបណ្តើរៗ បន្ទាប់ពីត្រូវបានបិទខ្ទប់អស់ជាច្រើនសប្តាហ៍។ ប៉ុន្តែទីក្រុងប៉េកាំងឯណោះវិញ ​កំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្ល​ងថ្មីៗ​។​


គិតមកទល់ពេលនេះ ទីក្រុងសៀងហៃត្រូវបានបិទខ្ទប់ទាំងស្រុងជាងប្រាំមួយសប្តាហ៍ហើយ។ វិធានការរឹតបន្តឹងដ៏ខ្លាំង ធ្វើឱ្យប្រជាជនក្នុងទីក្រុងខឹងសម្បារយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលនៃការបិទខ្ទប់ កំពុងផ្ដល់ផលវិជ្ជមានបណ្ដើរៗហើយ។ ផ្សារទំនើប ហាងលក់ទំនិញនឹងចាប់ផ្តើមដំណើរការឡើងវិញដោយអនុញ្ញាតឱ្យអតិថិជនចូលទិញទំនិញក្នុងហាងដោយមានរបៀបរៀបរយ ខណៈហាងកាត់សក់ និងទីផ្សារបន្លែនឹងបើកឡើងវិញដោយកំណត់ចំនួនមនុស្សដែលអាចចូល។​ 
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែឧសភា អភិបាលរងក្រុងសៀងហៃ​ Zong Ming និយាយថា សៀងហៃ​ មានគោលដៅបន្ធូរការរឹតត្បិតបន្ថែមទៀត ហើយវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៅថ្ងៃទី១ ខែមិថុនា។ បច្ចុប្បន្ន ខណ្ឌ១៥ក្នុងចំណោម១៦ របស់សៀងហៃ មិនមានករណីឆ្លងថ្មីទៀតឡើយក្រៅតំបន់បិទខ្ទប់។ 
 
ខុសពីប្រទេសផ្សេង ចិនបានប្រើប្រាស់វិធានការយ៉ាងតឹងរ៉ឹងក្នុងការលុបបំបាត់ករណីឆ្លងក្នុងប្រទេស ដែល ធ្វើឱ្យមនុស្សរាប់រយលាននាក់ស្ថិតនៅក្រោមការបិទខ្ទប់នៅទីតាំងដែលមានផ្ទុះករណីឆ្លង។ 
 
ខណៈទីក្រុងសៀងហៃបង្ហាញសញ្ញានៃការបើកទីក្រុងឡើងវិញ ទីក្រុងប៉េកាំងកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងថ្មី។ ភោជនីយដ្ឋានភាគច្រើននៅក្នុងទីក្រុងប៉េកាំង ត្រូវបានកំណត់មិនឱ្យទទួលភ្ញៀវសម្រាប់ការបរិភោគក្នុងហាង។​ ទន្ទឹមនេះ សួនកម្សាន្ត និងកន្លែងកម្សាន្តផ្សេងទៀតក៏ត្រូវបានបិទផងដែរ។
 
បើតាមការរាយការណ៍ពីអាជ្ញាធរទីក្រុងប៉េកាំង នៅថ្ងៃទី១៥​ខែឧសភា អាជ្ញាធរបានរកឃើញករណីឆ្លងថ្មីចំនួន៥៥ករណី ខណៈ១០ករណីត្រូវបានរកឃើញលើពលរដ្ឋដែលនៅក្រៅតំបន់ចត្តាឡីស័ក៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com