ជាតិ
សង្គមជាតិ
យុវជន ទេពខេមរិន្ទ ចងក្រងសៀវភៅពីប្រវត្តិអ្នកមានឥទ្ធិពល២៣រូប ដែលបានផ្លាស់ប្ដូរមុខមាត់កម្ពុជា
17, May 2022 , 8:59 am        
រូបភាព
លោក ចាន់ ទេពខេមរិន្ទ ម្ចាស់ស្នាដៃ «បុគ្គលឆ្នើមរបស់កម្ពុជា»។ រូបភាពផ្ដល់ដោយ លោក ចាន់ ទេពខេមរិន្ទ។
លោក ចាន់ ទេពខេមរិន្ទ ម្ចាស់ស្នាដៃ «បុគ្គលឆ្នើមរបស់កម្ពុជា»។ រូបភាពផ្ដល់ដោយ លោក ចាន់ ទេពខេមរិន្ទ។
ភ្នំពេញ៖ យុវជន ចាន់ ទេពខេមរិន្ទ បានចងក្រងសៀវភៅមួយក្បាល សង្ខេបពីជីវប្រវត្តិ របស់​បុគ្គលល្បីល្បាញ២៣រូប ដែលផ្លាស់ប្ដូរកម្ពុជា មកដូចកម្ពុជាសព្វថ្ងៃ។ «បុគ្គលឆ្នើមកម្ពុជា»ឬ «Extraordinary People of Cambodia» ជា​ចំណងជើងដែលមានកម្រាស់៥៦ទំព័រ និងសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេសនេះ។ យុវជន ចាន់ ទេពខេមរិន្ទបានឱ្យសារព័ត៌​មានថ្មីៗដឹងថា រូបគេចងក្រងសៀវភៅនេះ ព្រោះបុគ្គលទាំង២៣រូប បានបន្សល់នូវមរតកដែល​មិនអា​ចកាត់ថ្លៃបានជាច្រើន សម្រាប់ជាតិកម្ពុជា នៅក្នុងវិស័យ​​ នយោ​បាយ សិល្បៈ ​ភាពយន្ត ស្ថាបត្យកម្ម ជំនួញ និងការងារមនុស្សធម៌ជាដើម​។ ​

 
«បុគ្គលឆ្នើមកម្ពុជា» ឬ «Extraordinary People of Cambodia» ជាចំណងសៀវភៅមួយក្បាល ដែលនិយាយអំពីសាវតាត្រួសៗរបស់ ឥស្សរជនខ្មែរ ដ៏មានឥទ្ធិពលចំនួន២០រូប និងជនបរទេស ៣រូប ដែលបានផ្លាស់ប្តូរមុខមាត់កម្ពុជា មកដូចសព្វថ្ងៃ។ សៀវភៅនេះ មានកម្រាស់ ៥៦ទំព័រ និងត្រូវបានចងក្រងជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដោយយុវជនចាន់ ទេពខេមរិន្ទ ដែលមានវ័យ​២០ឆ្នាំប៉ុណ្ណោះ។ អ្នកចងក្រងសៀវភៅ​វ័យក្មេង ទេពខេមរិន្ទ បានឱ្យសារព័ត៌មានថ្មីៗដឹងថា ឥស្សរជន និងបុគ្គលមានឥទ្ធិពលទាំង២៣រូបនេះ គឺមានសកម្មភាព ស្នាដៃលេចធ្លោ នៅក្នុងកិច្ចការ​នយោបាយ សិល្បៈ អក្សរសិល្ប៍ ​ស្ថាបត្យ​កម្ម កីឡា និងជំនួញជាដើម។ 


 សៀវភៅ «បុគ្គលឆ្នើមរបស់កម្ពុជា»។ រូបភាពផ្ដល់ដោយ លោក ទេពខេមរិន្ទ។
 
មានស្រុកកំណើតនៅ​ក្នុងខេត្តសៀមរាប យុវជនរូបនេះ បានចាប់អារម្មណ៍ថាសាធារណជនភាគច្រើន មិនសូវស្គាល់​បុគ្គលល្បីល្បាញរបស់កម្ពុជា ដែលបានជ្រោមជ្រែងមុខមាត់កម្ពុជា តាំងពីចុងសតវត្សរ៍ទី១៩មក ​បើទោះបីជាបុគ្គលទាំងនោះ បានបន្សល់នូវមរតកដែលមិនអា​ចកាត់ថ្លៃបានជាច្រើន សម្រាប់ជាតិកម្ពុជាក៏ដោយ។ សម្រាប់យុវជន ចាន់ ទេពខេមរិន្ទ ឥស្សរជន និងបុគ្គលដ៏មានឥទ្ធិពលទាំងនោះ គួរតែត្រូវបានលើកតម្កើង ​និងផ្តល់តម្លៃណាស់​។ យុវជន ចាន់ ទេពខេមរិន្ទ ពន្យល់បន្ថែម៖ «ខ្ញុំចង់សង្ខេបប្រវត្តិរូបមួយ ដែលងាយស្រួលអាន និងងាយស្រួលចាំ។ និយាយឱ្យខ្លី ជាសៀវភៅសង្ខេបប្រវត្តិរូប។ សៀវភៅមួយក្បាលនេះ ក៏មានសារៈសំខាន់ផងដែរ ដែលអាចឱ្យយុវជនយល់ដឹងពីប្រវត្តិសាស្ត្រប្រទេសខ្លួនបន្ថែម»។
 
ដោយមានទេពកោសល្យផ្នែកគំនូរស្រាប់ផង យុវជន ចាន់ ទេពខេមរិន្ទ បានចង់សៀវភៅ«បុគ្គលឆ្នើមកម្ពុជា» ​អមដោយរូបគំនូរពណ៌ឆើតឆាយនេះ និងបានរំលេចបុគ្គលម្នាក់ម្តងៗ ជាមួយនឹងសេចក្តីសង្ខេបស្នាដៃ និងរឿងរ៉ាវជីវិតរបស់របស់តួអង្គនីមួយៗ។ ចាប់ផ្ដើមចងក្រងនៅពាក់កណ្ដាលឆ្នាំ២០២១ នៅពេលដែលយុវជនរូបនេះ ទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅប្រទេសស្វីស។ នៅចុងឆ្នាំ២០២១ដដែល សៀវភៅនេះ ត្រូវបានចងក្រងរួច និងបោះពុម្ពផ្សាយ។  យុវ​ជន ចាន់ ទេពខេមរិន្ទ បានរៀបរាប់ដូច្នេះ៖«ខ្ញុំមានមិត្តភក្ដិម្នាក់អាយុ១៧ឆ្នាំ រស់នៅភ្នំពេញ ហើយគាត់សរសេរសៀវភៅកំណាព្យ ជាភាសាអង់គ្លេស ខ្ញុំមើលទៅស្រឡាញ់ ប៉ុន្តែខ្លួនឯងមិនសូវប៉ិនខាងកំណាព្យ។ ខ្ញុំក៏ចាប់ផ្ដើមសរសេរសៀវភៅដែរ តែសៀវភៅមួយ ​ដែលផ្ដុំការសរសេរផង និងគូររូបផង ព្រោះអីចូលចិត្តគូររូប»។ 


អ្នកស្រី​ ឌី សាវ៉េត ថតរូបកាន់ សៀវភៅ «បុគ្គលឆ្នើមរបស់កម្ពុជា»។ រូបភាពផ្ដល់ដោយ ទំព័រហ្វេសប៊ុក Dara Dy Saveth ។

បុគ្គលទាំង២៣រូប ដែលយុវជន ចាន់ ទេពខេមរិន្ទ លើកតម្កើងនៅក្នុងស្នាដៃរបស់ខ្លួន​រួមមាន នៅក្នុងកិច្ចការដឹកនាំប្រទេស គឺព្រះបាទ សម្ដេចព្រះ នរោត្ដម ព្រះសីហនុ ព្រះបរមរតនកោដ្ឋ បិតាឯករាជ្យអ្នកដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម។ ព្រះអង្គសោយព្រះទិវង្គត នៅឆ្នាំ២០១២។ 
 
ក្នុងវិស័យអក្សរសិល្បិ៍ ​មានកំពូលអ្នកប្រាជ្ញ និងអ្នកនិពន្ធល្បីល្បាញដែរ ដែលមានសម្ដេច ព្រះសង្ឃរាជ ជួន ណាត ឥស្សរជនដ៏លេចធ្លោក្នុងព្រះពុទ្ធសាសនា និងការលើកតម្កើងភាសា និងអត្តសញ្ញាណខ្មែរ។ សម្តេចព្រះសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ជាអ្នកចងក្រងវចនានុក្រមខ្មែរនៅឆ្នាំ១៩១៥ ក្រោយមកបានបោះពុម្ពជាលើកដំបូងនៅឆ្នាំ១៩​៣៨ ដែលជាវចនានុក្រមខ្មែរទំនើបដំបូងគេបង្អស់។ លោក ក្រម ង៉ុយ បិតានៃកំណាព្យខ្មែរ ដែលកាព្យរបស់លោកនៅតែត្រូវបានគេយកទៅបង្រៀន​ក្មេងៗ​ជំនាន់ក្រោយពីប្រពៃណី និងវប្បធម៌ខ្មែរ។ ស្នាដៃរបស់លោក ក្រម ង៉ុយ មានបណ្តាំក្រម ង៉ុយ និងច្បាប់ល្បើកថ្មី។ ​អ្នកស្រី ម៉ៅ សំណាង ហៅទន្សាយ អ្នកនិពន្ធដ៏មានឥទ្ធិពលមួយរូបនៅកម្ពុជា ដែលមានស្នាដៃប្រលោមលោក និងភាពយន្តភាគជាង២០០ចំណងជើង។ អ្នកស្រី អ៊ឹង លួង អ្នកនិពន្ធសៀវភៅមុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ ដ៏ល្បីល្បាញ​។ 
 
នៅក្នុងវិស័យសិល្បៈវិញ មានសម្តេច ព្រះរាម នរោត្តម បុប្ផាទេវី តួឯកអប្សរាដំបូងបង្អស់របស់កម្ពុជា។ អធិរាជសំឡេង ស៊ីន ស៊ីសាមុត រាជនីសំឡេង រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ដែលសុទ្ធសឹងតែអ្នកចម្រៀង មានឈ្មោះល្បីខ្ទរខ្ទារទូទាំងកម្ពុជា។ អ្នកស្រី ឌី សាវ៉េត តារាសម្តែងស្រីជើងចាស់ដ៏ល្បីរន្ទឺតាំងពីទស្សវត្ស៦០មក។ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ តារាកំប្លែង និងអ្នកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ។ លោក ប៉ាន រិទ្ធី សហស្ថាបនិកមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងផលិតករភាពយន្តដែលតែងនាំឈ្មោះកម្ពុជាទៅក្នងមហោស្រពភាព​យន្តអន្តរជាតិនានា។ លោក ហាំង សំណាងង៉ោ ដែលបានទទួលពានរង្វាន់អូស្កាជាតារាសម្តែងគាំទ្រល្អបំផុត ក្រោយសម្តែង​​រឿង«វាលពិឃាត»។  ​ លោក វ៉ាន់ ណាត វិចិត្រករ អ្នកនិពន្ធ និងជាអ្នកការពារសិទ្ធិមនុស្ស និង​ជាអតីតអ្នកទោសដែលរួចជីវិតពីគុកទួលស្លែង។ 
 
ក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ លោក វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកម្មខ្មែរ ​ដែលបានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្មជាច្រើន​ រួមមានវិមានឯករាជ្យជាតិ ពហុកីឡដ្ឋានជាតិអូឡាំពិក, មហោស្រពចតុមុខ, អគារសិក្សា​នៅក្នុងសាកលវិទ្យាល័យភូមិភ្នំពេញជាដើម​។ 
 
វិស័យកីឡាមានលោកគ្រូតាគុនល្បុក្កតោ សាន គឹមស៊ាន ដែលបានខ្នះខ្នែង​អភិរក្សក្បាច់គុនល្បុក្កតោ និងស្តេចប្រដាល់ក្បាច់គុនបុរាណខ្មែរ ​លោក អេ ភូថង។ ចំណែកក្នុងវិស័យជំនួញ គឺមានលោក តឹក ង៉ុយ អ្នកជំនួញនំដូណាត់ នៅអាម៉េរិក ខណៈលោក អាគីរ៉ា ​ម្ចាស់សារមន្ទីរគ្រាប់មីននៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ក៏មានវត្ត​មានក្នុងសៀវភៅនេះដែរ។ 
 
ក្រៅពីឥស្សរជន និងបុគ្គលដ៏មានកិត្តិនាមជាជនជាតិខ្មែរ យុវជន ទេពខេមរិន្ទ ក៏មិនមើលរំ​លង ជនបរទេសដែលបានចូលរួម​លើកមុខមាត់ប្រទេសកម្ពុជា​ដែរ ដែលរួមមាន វេជ្ជបណ្ឌិត បេអា រិច្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។ តារាហូលីវូដដ៏ល្បីល្បាញ លោកស្រី អេនជីលីណា ជោលី និងលោក ស្កុត នីសិន ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា(CCF) ដែលជួយសង្គ្រោះកុមារក្រីក្រនៅគំនរសំរាមស្ទឹងមានជ័យឱ្យទទួលបានការអប់រំ។
 


លោក ចាន់ ទេពខេមរិន្ទ អំឡុងការសិក្សានៅក្រៅប្រទេស។ រូបភាពផ្ដល់ ដោយ លោក ទេពខេមរិន្ទ។

ការប្រមូល និងចងក្រងសៀវភៅសៀវភៅមួយជាលើកដំបូងក្នុងជីវិត មិនមែនជាកិច្ចការងាយ​ស្រួលឡើយ​ សម្រាប់យុវជន ចាន់ ទេពខេមរិន្ទ ដែលសព្វថ្ងៃ កំពុងសិក្សា​ស្ថាបត្យកម្ម ​នៅសាកលវិទ្យាល័យ Auckland University ប្រទេសនូវែលសេឡង់ឡើយ។  មិនចំណាប់នឹងកិច្ចការសរសរជារឿងមួយ។ រឿងម្យ៉ាងទៀត ស្នាដៃដំបូងរបស់យុវជនរូបនេះ ស្ទើរតែត្រូវកប់បាត់រូបទៅវិញ ព្រោះតែមិនមានរោងពុម្ពណាទទួលបោះផ្សាយ។ ការបដិសេធពីរោងពុម្ព ស្ទើរតែធ្វើការវាត់ចោល ស្នាដៃនេះទៅហើយ។ ប៉ុន្តែដោយសាររូបគេ បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាជាច្រើនលើស្នាដៃមួយនេះ និងចង់ឱ្យពលរដ្ឋខ្មែរបានជ្រួតជ្រាបពីពលិកម្មរបស់បុគ្គលទាំង២៣រូប នៅក្នុងសៀវភៅនេះនោះ យុវជន ចាន់ ទេពខេមរិន្ទ សុខចិត្តចេញលុយហោប៉ៅខ្លួន ​បោះពុម្ពសៀវភៅនេះ តែជាង៣០០ច្បាប់ប៉ុណ្ណោះ។ បច្ចុប្បន្ន សៀវភៅនេះ មាននៅសេសសល់តែប្រមាណ ៥០ក្បាលទៀតប៉ុណ្ណោះ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនៅផ្សារអនឡាញ Amazon គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២​។
  
បើនិយាយពីសន្ទុះនៃការគាំទ្រ លើសៀវភៅមួយក្បាលនេះវិញ យុវជនរូបនេះ លើកឡើងថាមានការគាំទ្រច្រើនទាំងពលរដ្ឋខ្មែរ និងក្រៅប្រទេស។ លោករៀបរាប់បន្ថែមដូច្នេះ៖ «ក្រៅពីភរិយាចៅហ្វាយខេត្តសៀមរាប មានស្ថានទូតអឺរ៉ុប ស្ថានទូតផ្សេងៗ បានជាវសៀវភៅនេះដូចគ្នា។ បរទេសដែលនៅខ្មែរ ហើយក៏មានសាលា បណ្ណាល័យអីផ្សេងៗ ក៏បានទាក់ទង។ តែជួនកាល ខ្ញុំមិនលក់ឱ្យគាត់ ខ្ញុំបរិច្ចាគជាសៀវភៅ ឱ្យអង្គការ ឬបណ្ណាល័យណា ដែលត្រូវការ»។
 
លោក ចាន់ ទេពខេមរិន្ទ ​​មិនមានបំណងបោះពុម្ពសៀវភៅនេះបន្ថែម​ទេ ព្រោះតែការចំ​ណាយ​លើការបោះពុម្ពថ្លៃ និងម្យ៉ាងទៀតរូបគេមិនមានបំណងចាប់យកការនិពន្ធ​សៀវ​ភៅ ជា​អាជីពនោះឡើយ៕
 
 
 

Tag:
 ThmeyThmey
  ចាន់ ទេពខេមរិន្ទ
  បុគ្គលឆ្នើមរបស់កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com