ជាតិ
សង្គមជាតិ
សៀវភៅ«អ្នកថែអង្គរ» នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃ ២៣ ខែឧសភា
18, May 2022 , 12:00 pm        
រូបភាព
សៀវភៅ «អ្នកថែអង្គរ» នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃ ២៣ ខែឧសភា។  រូបភាពដោយ ទូច សុវណ្ណឌី
សៀវភៅ «អ្នកថែអង្គរ» នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃ ២៣ ខែឧសភា។ រូបភាពដោយ ទូច សុវណ្ណឌី
ភ្នំពេញ៖ សៀវភៅដែលត្រូវបានតាក់តែងរួមគ្នារវាង អាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ដែលមានចំណងជើងថា «អ្នកថែអង្គរ» នឹងត្រូវសម្ពោធជាផ្លូវការនៅខេត្តសៀមរាបថ្ងៃ ២៣ ខែឧសភានេះ។  

ឆ្លុះបញ្ចាំងពីបុគ្គលមួយចំនួនដែលស្ថិតនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងការពារអង្គរ និងធ្វើយ៉ាងណាឱ្យតំបន់នេះមានជីវិតរស់រវើក  សៀវភៅ «អ្នកថែអង្គរនេះ» នឹងត្រូវចេញផ្សាយដំបូងជាភាសាខ្មែរ និងបន្ទាប់មកជាភាសាអង់គ្លេស។ 
 
មានកម្រាស់សរុប ២៣៦ ទំព័រ សៀវភៅនេះមានបំណងលើកទឹកចិត្ត និងផ្តល់តម្លៃដល់ប្រជាជនកម្ពុជាដែលរស់នៅ និងធ្វើការងារនៅក្នុងបរិវេណតំបន់ឧទ្យានអង្គរ ក៏ដូចជាអ្នកជំនាញកម្ពុជាផ្សេងទៀតដែលប្រឹងបំពេញការងារដោយមិនខ្លាចនឿយហត់ដើម្បីគ្រប់គ្រងគម្រោងស្តារឡើងវិញនូវសំណង់បុរាណ និងស្រាវជ្រាវពីវត្ថុមានតម្លៃទាំងនៅលើដី និងក្រោមដី និងរឿងរ៉ាវនានាដែលមានមនុស្សភាគច្រើនមិនបានដឹងពីតំបន់អច្ឆរិយនេះ។  
 
ចំណែកតួអង្គដែលត្រូវបានយកមកលាតត្រដាងក្នុងសៀវភៅនេះដែរ មានរួមបញ្ចូលទាំងព្រះសង្ឃដែលមើលការខុសត្រូវវត្តអារាមមួយកន្លែងដែលមានវត្តមាននៅក្នុងតំបន់អង្គរអស់ប្រមាណ ៨០០ ឆ្នាំមកហើយ, ពេទ្យថ្មដែលចំណាយពេលថែទាំថ្មមានអាយុកាលអស់រាប់សតវត្សរ៍ អ្នកភូមិដែលល្បីល្បាញមានចំណេះធ្វើដាវ និងកំាបិតបុរាណ អ្នកភូមិដែលមានចំណេះជំនាញផលិតទ្រ ដែលជាឧបករណ៍តន្ត្រីប្រពៃណី។ 
 
ស្នាដៃនេះក៏រួមបញ្ចូលពីរឿងរ៉ាវរបស់ស្ថាបត្យករខ្មែរ អ្នកគ្រប់គ្រងគម្រោងអភិរក្ស និងកម្មករជំនាញ ជាពិសេសក្រុមអ្នកជំនាញខ្មែរដែលបានពុះពារធ្វើឱ្យប្រាសាទបុរាណតូចច្រឡឹងស្ថិតនៅកណ្តាលស្រះស្រង់ដែលមិនមានមនុស្សច្រើនបានដឹងនោះ ងើបឈរឡើងវិញបាន។

សូមថ្លែងអំណរគុណចំពោះដៃគូសហការដែលឧបត្ថម្ភដល់ការបោះពុម្ពផ្សាយលើកដំបូង ក្នុងនោះមានអង្គការ Aide et Action និងក្រុមហ៊ុន Cambrew LTD៕
 
ប្រិយមិត្តដែលចង់ជាវសៀវភៅនេះ អាចបន្តកក់សៀវភៅនេះតាមលេខទំនាក់ទំនងនេះ Telegram: 010 567 505 / 085 680 864។  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com