កីឡាជាតិ
ជាតិ
បាល់ទាត់៖ ថៃ ជួប វៀតណាមវគ្គផ្តាច់ព្រ័ត្រនៅស៊ីហ្គេម
19, May 2022 , 11:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ៖ហៀក ឆក

ការប្រកួតកីឡាបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិថៃ អាយុក្រោម ២៣ ឆ្នាំ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះ ឥណ្ឌូណេស៊ី ១-០ ខណៈ វៀតណាម បានយកឈ្នះ ម៉ាឡេស៊ីក្នុងលទ្ធផល ១-០ នៅថ្ងៃទី១៩  ឧសភា។ ថៃ ត្រូវប៉ះ វៀតណាម  នៅវគ្គផ្តាច់ព្រ័ត្រតំបន់មេដាយមាស ចំណែក ឥណ្ឌូណេស៊ី ជួប ម៉ាឡេស៊ី យកលេខ៣ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១។


ក្នុងតង់ទី១ ក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី បានវាយបកគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចបំបែកសំណាញ់ទី បាននោះឡើយ។ ឈានចូលដល់ទង់ទី២ ក្រុមថៃ ហាក់មានសម្ពាធខ្លាំង ក្រោយការសម្រុកពី ឥណ្ឌូណេស៊ី ជាបន្តបន្ទាប់ រហូតដល់បញ្ចប់ ៩០នាទី ដោយក្រុមទាំងពីររក្សាលទ្ធផល ត្រឹម ០-០។
 
នៅម៉ោងបន្ថែម ១៥ នាទី ពីរដង នៅនាទី ៩៤ កីឡាករ Weerathep Pomphan ខ្សែប្រយុទ្ធ ពាក់អាវ ១៨ បានបំប៉ោងសំណាញ់ទីក្រុម ឥណ្ឌូណេស៊ី បានសម្រេចក្រោយពីការ បញ្ជូនបាល់យ៉ាងស្អាត ពីកីឡាករខ្សែបម្រើ Ben Davis។ បញ្ចប់ ១៥​នាទីពីរដង ថៃ យកឈ្នះ ឥណ្ឌូណេស៊ី ១-០។
 
ក្រឡេកមកមើល ក្រុមម្ចាស់ផ្ទះវៀតណាម វិញបើកទ្វាកីឡាដ្ឋាន Thien Truong ទទួលក្រុមលេខ២ មកពីពូល B គឺក្រុម ម៉ាឡេស៊ី។ វៀតណាម ជាក្រុមលេខ១ ក្នុងពូល A មាន១០ ពិន្ទុ រីឯម៉ាឡេស៊ី ឈរលេខ២ មាន ៨ ពិន្ទុ។
 
ទាំងតង់ទី១ និងទី២ ក្រុមវៀតណាម សម្រុកខ្លាំងដែរ តែភ័ព្វសំណាងសម្រាប់ម្ចាស់ផ្ទះ ហាក់គ្មានលទ្ធផលល្អសោះ ដោយបញ្ចប់តង់ទាំងពីរ ក្នុងលទ្ធផល០-០។ ចូលដល់ម៉ោងបន្ថែម ១៥ នាទី ២ដង ក្រុមវៀតណាម ទទួលបានជោគជ័យ ក្រោមថ្វីជើង ប្រធានក្រុម Do Hung Dung លើកបាល់ឲ្យកីឡាករខ្សែប្រយុទ្ធ ម្ចាស់អាវលេខ ៩  Nguyen Tien Linh តែតបញ្ចូលទីបានសម្រេច។ ចប់ម៉ោងបន្ថែម វៀតណាម ឈ្នះ ម៉ាឡេស៊ី ១-០។
 
វគ្គផ្តាច់ព្រ័ត្រក្រុម វៀតណាម ត្រូវជួប ថៃ ដើម្បីប្រជែងជើងឯក ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ យកមេដាយមាស។ ចំណែក ឥណ្ឌូណេស៊ី ត្រូវប្រជែងលេខ ៣ជាមួយ ម៉ាឡេស៊ី។
 
គួបញ្ជាក់ផងដែរថា ថៃ ធ្លាប់ជួប វៀតណាម នៅស៊ីហ្គេមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ៥ដង ចាប់តាំងពីឆ្នាំ ១៩៩៥ ដល់ ឆ្នាំ២០០៥ វៀតណាម មិនទាន់ស្គាល់ពាក្យថាឈ្នះ ថៃឡើយ។ ប្រកួតថ្ងៃទី ២២ ឧសភា ខាងមុខនេះ ជាជំនួបលើកទី ៦ របស់ក្រុមទាំងពីរហើយ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួត នឹងចាប់ផ្តើមនាម៉ោង ៤៖០០ ល្ងាចនាកីឡដ្ឋាន Viet Tri រវាង ក្រុមឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ឈានដល់ម៉ោង ៧៖០០ ល្ងាច វៀតណាម ទទួលក្រុម ថៃ នៅកីឡដ្ឋាន Thien Truong៕
 
 
 

Tag:
 បាល់ទាត់
 ស៊ីហ្គេម
 ផ្តាច់ព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com