ជាតិ
សង្គមជាតិ
អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការស៊ើបអង្កេតករណីគប់ស្បែកជើងលើសម្តេច ហ៊ុន សែន ថាជាការលាងមុខមាត់អាម៉េរិក
20, May 2022 , 10:59 am        
រូបភាព
បុរសខ្មែរ-អាម៉េរិក (ស្ពាយកាបូប) ជាអ្នកដែលយកស្បែកជើងគប់សំដៅលើនាយករដ្ឋមន្រ្តីកម្ពុជា។ រូបពីបណ្តាញសង្គម
បុរសខ្មែរ-អាម៉េរិក (ស្ពាយកាបូប) ជាអ្នកដែលយកស្បែកជើងគប់សំដៅលើនាយករដ្ឋមន្រ្តីកម្ពុជា។ រូបពីបណ្តាញសង្គម
សារព័ត៌មានមួយចំនួន បានទទួលការឆ្លើយតបពីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាថា អាម៉េរិក ស៊ើបអង្កេតករណីគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីប្រមុខរដ្ឋាភិបាលកម្ពុជា ទៅចូលរួមប្រជុំនៅលើទឹកដីអាម៉េរិកនាពេលថ្មីៗនេះ។




តាមរយៈអ៊ីមែល ដែលឆ្លើយតបនឹងសារព័ត៌មានមួយចំនួន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ឆាដ រ៉ូឌីមៀ (Chad Roedemeier) អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានសរសេរដូច្នេះថា៖«ពាក់ព័ន្ធនឹងហេតុការណ៍ ដែលកើតឡើងនៅថ្ងៃទី១១ ខែឧសភា មានការស៊ើបអង្កេតតាមច្បាប់អាម៉េរិក។ ការស៊ើបអង្កេត នឹងធ្វើឡើងដោយហ្មត់ចត់ និងពេញលេញតាមច្បាប់អាម៉េរិក»។  
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិតាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា៖«ការបើកការស៊ើបអង្កេតលើបាតុភាពគប់ស្បែកជើងទៅលើសម្តេចតេជោ គឺជាការលាងមុខមាត់និងកិត្តិយសសហរដ្ឋអាម៉េរិក ជាម្ចាស់ផ្ទះនៃប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ព្រោះសម្តេចតេជោជាភ្ញៀវរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក»។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។ មុនចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេច បានឆ្លៀតទៅជួបសំណេះសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅលើទឹកដីអាម៉េរិក នៅថ្ងៃទី១១ ខែឧសភា ហើយពេលសម្តេច កំពុងធ្វើដំណើរ ដែលមានការហ៊ុមព័ទ្ធដោយអ្នកគាំទ្រ ស្រាប់តែស្បែកជើងម្ខាង ហើរកាត់ពីមុខសម្តេច។ ស្បែកជើងនោះ ត្រូវបានបុរសខ្មែរ-អាម៉េរិកម្នាក់ គប់ដោយបំណងចង់ឲ្យត្រូវសម្តេច តែមិនត្រូវ។ ស្បែកជើងនោះ បានត្រូវចំទូរស័ព្ទរបស់បុរសម្នាក់ផ្សេង ដែលកំពុងកាន់ ដើម្បីថតសែលហ្វីជាមួយសម្តេច។  
 
ពេលមកដល់កម្ពុជាវិញ សម្តេច ហ៊ុន សែន ក៏ប្រតិកម្មនឹងករណីគប់ស្បែកជើងនេះ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កាលពីថ្ងៃទី១៧ ខែឧសភា មេដឹកនាំកម្ពុជា ថ្លែងទៅកាន់អាម៉េរិកថា៖«បើអាម៉េរិក ចាត់ទុករឿងនេះ ថាជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះ នឹងកើតនៅគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។ អ៊ីចឹង ក្រុមអ្នកដែលប្រឆាំងនឹងហ៊ុន សែន ទាំងប៉ុន្មាន ត្រៀមត្រូវក្បាលនឹងស្បែកជើង។ រឿងនេះ មិនមែនជារឿងតូចតាចទេ សូមសហរដ្ឋអាម៉េរិក គិតគូរឲ្យបានច្បាស់»៕ 
 

Tag:
 ហ៊ុន សែន
  ករណីគប់ស្បែកជើង
© រក្សាសិទ្ធិដោយ thmeythmey.com