ជាតិ
សង្គមជាតិ
ក្រៅពីបង្កើនជីវភាពកសិករ គម្រោង«ស្រូវត្រយង» រួមចំណែកអភិរក្សព្រៃឈើ និងសត្វព្រៃ
21, May 2022 , 9:39 pm        
រូបភាព
 ស្រូវត្រយង នៅភូមិត្មាតប៉ើយ ខេត្តព្រះវិហារ។ រូបភាពពីក្រសួងបរិស្ថាន
ស្រូវត្រយង នៅភូមិត្មាតប៉ើយ ខេត្តព្រះវិហារ។ រូបភាពពីក្រសួងបរិស្ថាន
ដោយ៖ ញឹក សំអូន
 
ព្រះវិហារ៖ គម្រោង «ស្រូវត្រយង» នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែចូលរួម​លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ ឱ្យកាន់តែប្រសើរ ស្របពេលដែលសមាជិកក្នុងគម្រោងនេះ អាចលក់ស្រូវរបស់ខ្លួនបានតម្លៃទ្វេដង ធៀបនឹងលក់ទៅឈ្មួញធម្មតា។



យ៉ាងណាក៏ដោយ ដើម្បីអាចចូលជាសមាជិកគម្រោងនេះបាន ត្រូវគោរពតាមលក្ខខណ្ឌកំណត់គម្រោងដែលរួមមានមិនប្រើប្រាស់ជីគីមី មិនបរបាញ់ និងជួញដូរសត្វព្រៃ និងមិនទន្ទ្រានដីព្រៃជាដើម។ គម្រោងនេះ មិនត្រឹមតែបានចូលរួម​លើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បាន និងកំពុងរួមចំណែកការពារអភិរក្ស សត្វព្រៃ និងព្រៃឈើផងដែរ។
 
លោក ស្រី អ៊ុល ប្រធានបណ្តាញទីផ្សារនៅភូមិត្មាតប៉ើយ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នាអំឡុងទស្សនកិច្ចនៅក្នុងសហគមន៍នេះ កាលពីថ្ងៃទី១៥ ខែឧសភាថា ស្រូវ​ត្រ​យង ​​លក់បានតម្លៃថ្លៃជាងលើទីផ្សារ និងជួយសម្រាលបន្ទុក ​ប្រជាពល​រដ្ឋបានកាន់តែប្រសើរជាងមុន។
 
បើតាមប្រធានបណ្ដាញទីផ្សាររូបនេះ ប្រជាពលរដ្ឋដែលគោរពតាមគោលការណ៍របស់គឺ ​អង្គការដែលទទួលខុសត្រូវអនុវត្តគម្រោងនេះ ទទួលទិញស្រូវទាំងអស់ ក្នុងតម្លៃខ្ពស់ជាងតម្លៃលើទីផ្សារស្ទើរតែពាក់កណ្តាល។ លោក ស្រី អ៊ុល បានរៀបរាប់យ៉ាងដូច្នេះ៖« ការអនុវត្តគម្រោងវាប្រសើរ តែយាប់ត្រង់រៀនដីមិនបាន ធ្វើអីខុសគោលការរបស់អង្គការយើងពិបាក គឺគេអត់ទិញស្រូវយើង។ បើយើងធ្វើតាមលក្ខបាន និងយល់ច្រើនពីការធ្វើស្រូវត្រយង អាចលក់តម្លៃបានខ្ពស់ ១គីឡូ ១៨០០រៀល ទៅ១៩០០រៀល»។
 
តាមពិតទៅ លោក អ៊ុល ក៏បានធ្វើស្រូវត្រយងនេះ ជាង១០ឆ្នាំមកហើយដែរ នៅផ្ទៃដីស្រែ ១០ហិកតារបស់ខ្លួន។ បើតាមប្រធានបណ្តាញទីផ្សាររូបនេះ ទោះលោក ធ្វើស្រូវត្រយងបានតែក្នុងរដូវវស្សា ប៉ុន្តែ ក្នុងមួយរដូវៗ លោកទទួលបានទិន្នផលប្រមាណពី ៨ ទៅ១០តោន។
សមាជិកស្រូវត្រយងម្នាក់ទៀតនៅភូមិត្មាតប៉ើយ លោក យេន ម៉ៅ ទើបតែចូលជាសមាជិកក្នុងគម្រោងនេះ មួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែបុរសរូបនេះ បានរៀបរាប់​ប្រាប់ក្រុមអ្នកសារព័ត៌មានថា​ ក្រោយពីបានចូលរួមជាសមាជិកធ្វើស្រូវត្រយង ជីវភាពរបស់ខ្លួន​ចាប់ផ្តើមរីកចម្រើនប្រសើរជាងមុន ព្រោះស្រូវផ្តល់ផលច្រើន និង​លក់បានតម្លៃថ្លៃ។ 


 
លោក ម៉ៅ បានបញ្ជាក់ដូច្នេះ៖«បើលក់ឱ្យឈ្មួញបានតម្លែតែ១០០០ ទៅ១២០០រៀលទេ តែបើលក់ឱ្យគម្រោងបានតម្លៃខ្ពស់។ បើលេខ១ បានមួយគីឡូ ២០០០រៀល, លេខ២ មួយគីឡូ ១៨០០រៀល និងលេខ៣ មួយគីឡូ ១៧០០រៀល។ ខ្ញុំមួយឆ្នាំប្រមូលផលបាន ៦តោន រកចំណូលបាន ៦លានរៀល ទៅ៧លានរៀល»។
 
លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បានឱ្យដឹងថាប្រជាពលរដ្ឋពលរដ្ឋដែលជាសមាជិកគម្រោងនេះ​ បានដាំដុះប្រភេទស្រូវផ្ការំដួល ស្រូវដំណើប និងរំដួលក្រហម។ នាយកអង្គការ WCS គូសបញ្ជាក់ទៀតថា សមាជិកគម្រោងនេះ នៅសហគមន៍ត្មាតប៉ើយនេះ បាន​កើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនពី ៧៥គ្រួសារ ក្នុង​ពេលអនុវត្តគម្រោងដំបូង នៅឆ្នាំ២០០៨ ដល់៦០០គ្រួសារ ក្នុងបច្ចុប្បន្ន។
សម្រាប់លោក កែន សេរីរដ្ឋា គម្រោងស្រូវត្រយង មិនត្រឹមតែជួយឱ្យប្រជាសហគមន៍មានជីវភាពកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែសមាជិកគម្រោងគ្រប់ក្រុមគ្រួសារ គឺជាកសិករគំរូ ដែលបាន និងកំពុង​ចូលរួម​ក្នុងកិច្ចការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។  
ស្រូវដែលប្រមូលទិញពីគម្រោងនេះ មិនត្រឹមតែត្រូវបានចែកចាយលក់នៅក្នុងទីផ្សារប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏បាននាំចេញទៅសិង្ហបុរី អង់គ្លេស អាល្លឺម៉ង និងកាណាដាជាដើមដែរ។ បើតាមការលើកឡើងរបស់នាយកអង្គការ WCS។
 
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថាការអនុវត្តគម្រោង​ស្រូវត្រយង ក្នុងខេត្តព្រះវិហារ ​ទទួលបានជោគជ័យ ហើយបានបន្តពង្រីកការអនុវត្តគម្រោងទៅមណ្ឌ​ល​គិរី  ​ស្ទឹងត្រែង រតនគិរី។
 
សូមជម្រាបថា គម្រោងកម្មវិធី«ស្រូវត្រយង» ចាប់ផ្តើមអនុវត្តដំបូងនៅឆ្នាំ២០០៨ គឺនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាក្សាន្ត ខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន នឹងបន្តជំរុ​ញ​ឱ្យ​អ​ង្គការដៃគូពាក់ព័ន្ធ យក​​គម្រោ​ង​ស្រូ​វ​ត្រ​​​យងនេះ ទៅ​​អ​នុវ​ត្ត​តាមតំ​បន់​ការ​ពា​រ​ធ​ម្ម​ជា​តិ​ផ្សេងៗទៀត ដើម្បី​ជួយលើកស្ទួយ​ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស វាក៏ជា​ជ​ម្រើ​​​ស​ថ្មីឱ្យប្រជាសហ​គមន៍​សម្រា​ប់​ប្រ​ក​បរ​ប​រ​ចិ​ញ្ចឹ​មជីវិ​ត ជំ​នួស​ឱ្យ​កា​​រកាប់ឈើ ការបរបាញ់សត្វ និង​រុករានទន្រ្ទានដីព្រៃខុសច្បាប់៕
 
​​
 
 

Tag:
 ស្រូវត្រយង
  ស្រី អ៊ុល
  យេន ម៉ៅ
  កែន សេរីរដ្ឋា
  នេត្រ ភក្ត្រា
  បរិស្ថាន
  WCS ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com