ជាតិ
សង្គមជាតិ
យូនីសេហ្វ៖ បញ្ហាកុមារស្គមស្គាំងកើនឡើង ខណៈកុមារកម្ពុជា១០ភាគរយ មានបញ្ហានេះ
21, May 2022 , 5:59 pm        
រូបភាព
រូបភាពពីគេហទំព័រ អង្គការយូនីសេហ្វ (Unicef)។
រូបភាពពីគេហទំព័រ អង្គការយូនីសេហ្វ (Unicef)។
ភ្នំពេញ៖ យូនីសេហ្វ (Unicef) បានព្រមាននៅក្នុង​សេចក្ដីប្រកាសបន្ទាន់មួយរបស់ខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ អំពីចំនួនកុមារដែលមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរកើនឡើងនៅលើពិភពលោក។ នៅលើសាកលលោក កុមារអាយុក្រោម៥ឆ្នាំ យ៉ាងហោចណាស់ចំនួន ១៣,៦លាននាក់ មានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ដែលធ្វើឱ្យកុមារម្នាក់ ក្នុងចំណោម៥នាក់ បាត់បង់ជីវិត។


 
ក្នុងសេចក្ដីប្រកាស អង្គការយូនីសេហ្វបានបង្ហាញរបាយការណ៍ ដែលមានចំណងជើងថា «ភាពស្គមស្គាំងធ្ងន់ធ្ងរ៖ គ្រោះអាសន្នលើការរស់រានមានជីវិតរបស់កុមារ ដែលត្រូវបានមើលរំលង» ផងដែរ។ របាយការណ៍នោះ បានបង្ហាញថា តំបន់អាស៊ីខាងត្បូងនៅតែបន្តជាចំណុចរាតត្បាត នៃបញ្ហាស្គមស្គាំងធ្ងន់ធ្ងរនេះ ដោយកុមារម្នាក់ក្នុងចំណោម ២២នាក់ មានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ​ ដែលចំនួននេះខ្ពស់ជាង៣ដង បើធៀបនឹងអនុតំបន់សាហារ៉ាអាហ្រ្វិក។​ រីឯនៅប្រទេសកម្ពុជា កុមារ​ចំនួន ១០ភាគរយមានបញ្ហាស្គមស្គាំងនេះ។ 
 
គួររឭកផងដែរថា បញ្ហាស្គមស្គាំងធ្ងន់ធ្ងរ គឺជាស្ថានភាពកុមារស្គមខ្លាំង ធៀបនឹងកម្ពស់កុមារ ដែលបង្កឡើងដោយប្រព័ន្ធការពាររាងកាយខ្សោយ។ បញ្ហាដែលកំពុងកើតមានលើកុមារនេះ បណ្ដាលមកពីកុមារទាំងនោះ មកពីគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមងាយរងគ្រោះ។ 
 
បញ្ហានេះក៏បណ្ដាលមកពី ពួកគេពុំសូវទទួលបានទឹកស្អាត និងលក្ខខណ្ឌអនាម័យ​ប្រកបដោយសុវត្ថិភាព និងខ្វះការអនុវត្តល្អក្នុងការផ្ដល់អាហារ​ដល់ទារក និងកុមារតូច គួបផ្សំជាមួយនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ន បង្កឡើងដោយ​ការរាតត្បាតជំងឺកូវីដ-១៩ ដែលកាន់តែបង្កហានិភ័យធ្ងន់ធ្ងរលើអសន្តិសុខស្បៀង និងការខ្វះអាហារូបត្ថម្ភសម្រាប់គ្រួសារងាយរងគ្រោះ។
 
វិបត្តិកង្វះអាហាររូបត្ថម្ភនេះ យ៉ាងហោចណាស់មានកុមារស្គមស្គាំងធ្ងន់ធ្ងរចំនួន ១០លាននាក់ ឬកុមារ ២នាក់ក្នុងចំណោម ៣នាក់ មិនមានលទ្ធភាពទទួលបាន​ការព្យាបាលភាពស្គមស្គាំងដែលមានប្រសិទ្ធភាពបំផុតឡើយ ពោលគឺមិនបានទទួលអាហារព្យាបាលផលិតរួចស្រេច (RUTF) នោះទេ។ 
 
ទន្ទឹមនឹងនេះ តម្លៃនៃអាហារព្យាបាលផលិតរួចស្រេច  ត្រូវបានព្យាករថានឹងកើនឡើងរហូតដល់ ១៦ភាគរយនៅក្នុងរយៈពេល៦ខែបន្ទាប់ ដោយសារការកើនឡើងយ៉ាងខ្លាំង​នៃតម្លៃគ្រឿងផ្សំជាវត្ថុធាតុដើម។​ ចំណែកតម្លៃនៃការដឹកជញ្ជូនក៏ត្រូវបានរំពឹងថា នឹងបន្តនៅមានកម្រិតខ្ពស់ផងដែរ។
 
ក្រៅពីបញ្ហាខាងលើ ដែលជះឥទ្ធិពលលើបញ្ហាស្គមស្គាំងលើកុមារ មានការកើនឡើងតាំងពី មុនពេលមានសង្រ្គាមនៅប្រទេសអ៊ុយក្រែនមកម៉្លេះ។ ឯសង្រ្គាមក៏បានកំពុងធ្វើឲ្យពិភពលោកធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិស្បៀង​អាហារសកល ហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗផងដែរ។
 
របាយការណ៍ដដែលនេះ លើកឡើងថា ជំនួយសម្រាប់បញ្ហាស្គមស្គាំងនៅតែមានកម្រិតទាបខ្លាំង ព្រមទាំងត្រូវបានព្យាករថានឹងធ្លាក់ចុះខ្លាំងដែរ នៅឆ្នាំខាងមុខ ដែលសង្ឃឹមតិចតួច លើការស្ដារឡើងវិញ ឈានទៅរកស្ថានភាពមុនមានជំងឺរាតត្បាត នៅមុនឆ្នាំ២០២៨។​ ជំនួយពិភពលោកដែលត្រូវបានចំណាយលើបញ្ហាស្គមស្គាំងមានចំនួនស្មើនឹងត្រឹម ​ ២,៨ភាគរយតែប៉ុណ្ណោះនៃ ODA​ (ជំនួយអភិវឌ្ឍន៍ផ្លូវការ) សរុប​សម្រាប់វិស័យសុខាភិបាល និង ០,២ភាគរយនៃការចំណាយ​ ODA​ សរុប។​
 
ចំពោះកម្ពុជាវិញ មូលនិធិដើម្បីប្រយុទ្ធនឹងបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ គឺមានចំនួនមិនគ្រប់គ្រាន់ទ្បើយដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែកើនទ្បើង។  ផែនទីបង្ហាញផ្លូវជាតិសម្រាប់ឆ្លើយតបនឹងបញ្ហាស្គមស្គាំងរបស់កុមារ​ ត្រូវបានកំណត់តម្លៃថាមានចំនួនសរុបស្មើនឹង ២៥លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការនៃបញ្ហាខ្វះអាហារូបត្ថម្ភនៅក្នុងរយៈពេលបីឆ្នាំខាងមុខ។​ ទោះបីជាយ៉ាងណាក៏ក្ដី ៦៩ភាគរយ (១៧,២ដុល្លារ) នៃមូលនិធិត្រូវការសម្រាប់ការអនុវត្ថពេញលេញនូវផែនការសកម្មភាពនេះ គឺមិនទាន់មានថវិកាគ្រប់គ្រាន់នៅទ្បើយ។
 
ជុំវិញបញ្ហាខាងលើនេះ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ​ បានលើកឡើងថា “អាហារូបត្ថម្ភ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវ័យកុមារតូច និងមានឥទ្ធិពលយ៉ាងសំខាន់លើសមត្ថភាពរបស់កុមារក្នុងការរស់រាន ចម្រើនពេញវ័យ រៀនសូត្រ និងរីកចម្រើន»។
 
លោកស្រីបន្ថែមថា យូនីសេហ្វ​កំពុងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់អាទិភាពលើបញ្ហាស្គមស្គាំងនៅក្នុងគោលនយោបាយ និងថវិកាជាតិ ដើម្បីបិទភ្ជិតគម្លាតនេះ។ យូនីសេហ្វ នឹងស្វែងរកមតិគាំទ្រឲ្យ​មានការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព​ សម្រាប់ធានាឲ្យមានអាហារព្យាបាលផលិតរួចស្រេច (RUTF) ដើម្បីព្យាបាលបញ្ហាខ្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ​ក្នុងវ័យ​កុមារភាព។​
 
ដើម្បីឆ្លើយតបនឹងវិបត្តិសកលនេះ យូនីសេហ្វ ក៏បានស្នើដល់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានានៅជុំវិញពិភពលោក ត្រូវចាត់អាទិភាពលើការផ្ដល់មូលនិធិបន្ទាន់ សម្រាប់អន្តរាគមន៍ផ្តល់អាហារព្យាបាល និងការព្យាបាល សម្រាប់កុមារមានបញ្ហាស្គមស្គាំង និងធានាឲ្យមាននូវមូលនិធិសម្រាប់តម្រូវការរយៈពេលវែង នៃកុមារដែលងាយរងគ្រោះបំផុត៕
 

Tag:
 ThmeyThmey
  បញ្ហាស្គមស្គាំងកុមារ
  Unicef
© រក្សាសិទ្ធិដោយ thmeythmey.com