ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតអាម៉េរិក មើលឃើញថា កម្ពុជា អាចទទួលបានប្រយោជន៍ បើឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ
22, May 2022 , 2:39 pm        
រូបភាព
លោក កឹម សុខា ជួបលោក ផាទ្រិក មើហ្វី កន្លងមក (រូបពីធ្វីតធឺរបស់លោក មើហ្វី)
លោក កឹម សុខា ជួបលោក ផាទ្រិក មើហ្វី កន្លងមក (រូបពីធ្វីតធឺរបស់លោក មើហ្វី)
លោក ផាទ្រិក មើលហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បន្តនិយាយអំពីសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ តាមរយៈសារលើបណ្តាញសង្គមធ្វីតធឺ (Twitter) នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ បើពិនិត្យខ្លឹមសារនៃសំណេររបស់លោកឯកអគ្គរដ្ឋទូត គេ អាចដឹងពីចេតនារបស់លោក ដែលចង់ឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ។ 



លោកឯកអគ្គរដ្ឋទូតអាម៉េរិក បានសរសេរដូច្នេះថា៖«យើង នៅតែមិនសប្បាយចិត្តចំពោះការអូសបន្លាយពេលវេលាលើការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ដោយគ្មានដំណោះស្រាយ។ កម្ពុជា នឹងទទួលបានផលប្រយោជន៍ ពីការស្តារសិទ្ធិនយោបាយរបស់គាត់ឡើងវិញ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ការបង្ហោះសាររបស់លោកឯកអគ្គរដ្ឋទូតអាម៉េរិកតាមបណ្តាញសង្គមធ្វីធឺបែបនេះ មិនអាចការពារ និងដោះបន្ទុកឲ្យលោក កឹម សុខា ជាជនជាប់ចោទបានឡើយ។ មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា៖«មិនថាច្បាប់នៅកម្ពុជា ច្បាប់នៅអាម៉េរិក និង [ច្បាប់លើ] សាកលលោក មានតែការចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ហើយការពារខ្លួនតាមផ្លូវច្បាប់ផ្នែកលើមូលដ្ឋានច្បាប់រឹងមាំ អាហ្នឹងបានជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទ»។ 
 
ករណីរបស់លោក កឹម សុខា និងករណីរបស់អ្នកប្រឆាំងផ្សេងទៀត ទើបនឹងត្រូវបានភាគីអាម៉េរិកលើកឡើងចំពោះមុខគណៈប្រតិភូកម្ពុជា នៅពេលគណៈប្រតិភូកម្ពុជា ទៅដល់ទឹកដីអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ 
 
ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា អ្នកស្រី វិនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបង្ហាញក្តីបារម្ភពីដំណើរការកាត់ក្តីលើលោក កឹម សុខា និងការរឹតត្បិតលើថ្នាក់ដឹកនាំសង្គមស៊ីវិល នៅមុនការមកដល់នៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣។
 
ពេលលោក ប្រាក់ សុខុន បន្តចូលជួបលោក អេនតូនី ប្លីងកិន (Antony J. Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អេនតូនី ប្លីងកិន បានទទូចឲ្យកម្ពុជា ទម្លាក់បទចោទចេញពីអ្នកនយោបាយប្រឆាំង ហើយអនុញ្ញាតឲ្យពួកគេ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលនឹងមកដល់នាពេលខាងមុខ។ 

អត្ថបទទាក់ទង

 
លោក ប្រាក់ សុខុន បានលើកយកទិដ្ឋភាពរួមអំពីការបោះឆ្នោត សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ទៅឆ្លើយតបនឹងរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក។ លោក បានលើកឡើងពីការបោះឆ្នោតបែបពហុបក្សយ៉ាងទៀងទាត់នៅកម្ពុជា ចាប់តាំងពីទសវត្សរ៍១៩៩០មក ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិរាប់ម៉ឺននាក់ វាយតម្លៃថា ការបោះឆ្នោតទាំងនេះ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ លោក បន្តថា នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយរាប់រយ ត្រូវបានបង្កើតឡើង ប្រព័ន្ធផ្សព្វផ្សាយសង្គម មានលក្ខណៈទូលំទូលាយ សហជីព បានដំណើរការក្នុងការការពារសិទ្ធិកម្មករ មានអង្គការសង្គមស៊ីវិលរាប់ពាន់ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ប្រជាជន។
 
សូមបញ្ជាក់ថា តុលាការភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា បាន៤០លើកហើយ។ ក្នុង១សប្តាហ៍ តុលាការ បើកសវនការលើសំណុំរឿងរបស់លោក តែ១ព្រឹកប៉ុណ្ណោះ នៅរៀងរាល់ព្រឹកថ្ងៃពុធ។ ក្រុមមេធាវីរបស់លោក កឹម សុខា តែងរអ៊ូជារឿយៗថា ដំណើរការនៃសវនាការ មានភាពយឺតយ៉ាវ ហើយពួកគេ តែងជំរុញឲ្យតុលាការ បង្កើនថ្ងៃក្នុងការបើកសវនាការ ដើម្បីឲ្យសំណុំរឿងនេះ ឆាប់ចប់៕ 
 

Tag:
 កឹម សុខា
  អាម៉េរិក
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com