ជាតិ
សង្គមជាតិ
ម្ចាស់ដេប៉ូប្រេងឥន្ធនៈ១៩កន្លែង ត្រូវបានមន្ត្រីក.ប.ប ពិន័យ​ ក្រោយក្លែងបន្លំគុណភាពនិងបរិមាណ
22, May 2022 , 3:59 pm        
រូបភាព
សកម្មភាពចុះត្រួតពិនិត្យដេប៉ូ ឬស្ថានីយលក់ប្រេងឥន្ធនៈ របស់មន្ត្រីក.ប.ប នៅទីតាំងមួយកន្លែង។ រូបភាពពីទំព័រហ្វេសប៊ុក ក.ប.ប។
សកម្មភាពចុះត្រួតពិនិត្យដេប៉ូ ឬស្ថានីយលក់ប្រេងឥន្ធនៈ របស់មន្ត្រីក.ប.ប នៅទីតាំងមួយកន្លែង។ រូបភាពពីទំព័រហ្វេសប៊ុក ក.ប.ប។
ភ្នំពេញ៖ មន្ត្រីជំនាញ(ក.ប.ប) បន្តរកឃើញស្ថានីយ ឬដេប៉ូ លក់ប្រេងឥន្ធនៈ ១៩ទីតាំងទៀត មិនមានអនុលោមភាព ក្នុងការលក់ប្រេងឥន្ធនៈ ដល់អតិថិជន។ ក្នុងការនោះមានក្លែងបន្លំគុណភាពប្រេងឥន្ធនៈ និងបរិមាណមិនគ្រប់ចំនួនលីត្រជាដើម។  បើតាម ក.ប.ប បន្ទាប់ពីរកឃើញបែបនេះ មន្រ្តីជំនាញរបស់ ក.ប.ប បានពិន័យដល់ម្ចាស់ដេប៉ូប្រេងទាំងនោះ។

 
 
ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម រកឃើញស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈចំនួន១៩ទីតាំងទៀត ដែលកេងបន្លំបរិមាណ និងគ្មានគុណភាពឥន្ធនៈចំពោះអ្នកប្រើប្រាស់។
 
ក.ប.ប បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាដេប៉ូប្រេងឥន្ធនៈទាំង១៩កន្លែង ដែលមន្រ្តីជំនាញ ក.ប.ប រកឃើញមិនមានអនុលោមភាពចំពោះអតិថិជននោះ គឺមាន​នៅរាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង  ពោធិ៍សាត់ ព្រះសីហនុ ព្រៃវែង និងខេត្តបាត់ដំបង។ ​ក្រោយរកឃើញ បែបនេះ មន្ត្រីជំនាញក.ប.ប បានពិន័យអន្តរការណ៍ និងណែនាំឱ្យម្ចាស់ដេប៉ូឱ្យកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
 
ក.ប.ប បានបញ្ជាក់ថា ក្នុងករណីស្ថានីយឬដេប៉ូប្រេងឥន្ធនៈដដែលនៅតែប្រព្រឹត្តិខុស នោះម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈទាំងនោះ នឹងរងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
 
សូមជម្រាបថា បច្ចុប្បន្ន សាំងធម្មតាមានសម្លៃ ៥៦០០រៀលក្នុងមួយលីត្រ ខណៈប្រងម៉ាស៊ូតបានធ្លាក់នៅត្រឹម៥៤០០រៀលវិញក្នុងមួយលីត្រវិញ។ តម្លៃនេះ ក្រសួងពាណិជ្ជកម្ម បានកំណត់ឱ្យម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១ឧសភា រហូតដល់ដំណាច់ខែនេះ៕ 
 

Tag:
 ThmeyThmey
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com