ជាតិ
សង្គមជាតិ
អុកស្វាម និង​Laudes Foundation ដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់កិច្ចគាំពារសង្គមដល់​កម្មករ​​កាត់ដេរ
23, May 2022 , 1:59 pm        
រូបភាព
កម្មការិនីរោងចក្រកាត់ដេរ ប្រើប្រាស់បណ្ណ ប.ស.ស ដែលជាអ្នកផ្នែកមួយនៃ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ រូបភាពផ្តល់ដោយអង្គការអុកស្វាម
កម្មការិនីរោងចក្រកាត់ដេរ ប្រើប្រាស់បណ្ណ ប.ស.ស ដែលជាអ្នកផ្នែកមួយនៃ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ រូបភាពផ្តល់ដោយអង្គការអុកស្វាម
ដោយ៖ វ៉ន ស៊ីចេន
  
អង្គការអុកស្វាម និងមូលនិធិ Laudes Foundation បានដាក់ឱ្យអនុវត្តគម្រោង «កិច្ចគាំពារសង្គម​ប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» (​INSPIRE)។ គម្រោងនេះ មាន​គោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន សម្រាប់កម្មករនិយោជិតក្នុងវិស័យ​កាត់ដេរ។

 
អង្គការអុកស្វាម នឹងអនុវត្តគម្រោងនេះ​ជាមួយអង្គការ​ និងសហជីព-សហភាពកម្មករចំនួន៤​ គឺ​ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), សហភាពការងារកម្ពុជា (CLC), សហព័ន្ធសហជីពកម្ពុជា (CATU), និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​អុកស្វាម ចេញផ្សាយនៅថ្ងៃទី២៣ ឧសភា ដែលបន្តទៀតថា គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
 
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចគាំពារសង្គមសម្រាប់ទាំងអស់ពលរដ្ឋទាំងអស់គ្នា។ ការយកចិត្តទុកដាក់នេះ គឺសបញ្ជាក់ឱឲ្យឃើញ តាមរយៈការផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះ  កម្មករនិយោជិតអាចទទួលបានសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការរងរបួសនៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។
 
របាយការណ៍របស់ ប.ប.ស ឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា កម្មការិនីកាត់ដេរសរុប​៨ ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាល ដែលមានទឹកប្រាក់សរុបប្រមាណ ៧,៩ លានដុល្លារអាម៉េរិក។ បន្ថែមលើនេះទៀត នៅពេលកម្ពុជារងសម្ពាធខ្លាំង ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ការងារ ក៏ត្រូវបានផ្តល់ការគាំទ្រក្នុងទម្រង់ជាសាច់ប្រាក់ផងដែរ។ ទាំង​នេះ​សបញ្ជាក់ឲ្យឃើញថា កម្ពុជា​កំពុង​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ភាព​ធន់ ​និង​សង្គម​មួយប្រកបដោយបរិយាបន្ន។
 
តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោង INSPIRE នេះនឹងជួយពង្រឹង និងពង្រីកគោលនយោបាយ ប.ស.ស និងជួយជ្រោមជ្រោមរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាសេសសល់មួយចំនួនទៀត ក្នុងចំណោមកម្មករនិយោជិត​ជាពិសេស គឺកម្មករនិយោជិតកិច្ចសន្យា​ក្នុងវិស័យកាត់ដេរ។
 
​លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា  អង្គការអុកស្វាម ប្តេជ្ញាធ្វើការជាមួយ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាព ក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ជាពិសេសកម្មករនិយោជិតកិច្ចសន្យា ដែលភាគច្រើនជានារី ដើម្បីធានាលទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានកិច្ចគាំពារសង្គម ប្រកបដោយបរិយាបន្ន។ សម្រាប់លោកស្រី ភាណ សោភ័ណ ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់ សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកលជាដើម​។
 
លោកស្រី Jill Tucker ប្រធានកម្មវិធីសិទ្ធិពលកម្ម របស់មូលនិធិ Laudes Foundation បានបញ្ជាក់ក្នុងប្រកាសព័ត៌មានដដែលថា​ គោលនយោបាយសន្តិសុខសង្គមដូចជា ប.ស.ស បានចូលរួមចំណែក​ពង្រឹងកិច្ចសន្យាសង្គម និងផ្តល់ការការពារជាមូលដ្ឋានដល់កម្មករនិយោជិត ដើម្បីស្នើសុំការគាំទ្រ និងកិច្ចគាំពារពេលពួកគេមានជំងឺ ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចជាដើម។ ការបំពេញតាមកិច្ចសន្យានេះ បានជំរុញឱ្យសំឡេងកម្មករ មានភាពជាតំណាងកាន់តែប្រសើរឡើង និងឆ្លុះបញ្ចាំងនៅក្នុងកិច្ចពិភាក្សា អំពីគោលនយោបាយនានា។ លោកស្រី Jill ថ្លែងដូច្នេះ មុននឹងបន្តថា៖«តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអុកស្វាម លើគម្រោង INSPIRE នេះ យើងខ្ញុំជឿជាក់ថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនឡើងដើម្បីប្រើប្រាស់ និងទទួលបានអត្ថប្រយោជ៍នានាតាមរយៈគោលនយោបាយប.ស.ស»៕
 

Tag:
 កិច្ចគាំពារសង្គម
 INSPIRE
  អុកស្វាម
  កម្មករ
  កាត់ដេរ
  ភាណ សោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com