កីឡាជាតិ
ជាតិ
Asian Cup ៖ លឹម ពិសុទ្ធ បាត់បង់ឱកាសម្ដងទៀត ខណៈធារី ចន្ថាប៊ិន ត្រូវបានកោះហៅចូលជម្រើសជាតិជាថ្មី
26, May 2022 , 2:22 pm        
រូបភាព
(ឆ្វេង) ធារី ចន្ធាប៊ិន ដែលកំពុងលេងឱ្យក្លិបវិសាខា និង លឹម ពិសុទ្ធ លេងឱ្យក្លិបភ្នំពេញក្រោន
(ឆ្វេង) ធារី ចន្ធាប៊ិន ដែលកំពុងលេងឱ្យក្លិបវិសាខា និង លឹម ពិសុទ្ធ លេងឱ្យក្លិបភ្នំពេញក្រោន
ធារី ចន្ថាប៊ិន ខ្សែបម្រើការពារកណ្ដាលរបស់ក្លិបវិសាខា មានឱកាសហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិជាថ្មី បន្ទាប់ពី ខ្សែបម្រើប្រយុទ្ធរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ ត្រូវសម្រាកព្យាបាលរបួស។ ចន្ថាប៊ិន បង្ហាញការពេញចិត្តសម្រាប់ឱកាសប្រកួតជាថ្មីឱ្យជម្រើសជាតិ ខណៈ ពិសុទ្ធ សោកស្ដាយជាខ្លាំងចំពោះការបាត់បង់ឱកាសបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ AFC Asian Cup វគ្គជម្រុះក្នុងពូល D នៅប្រទេសឥណ្ឌា នាថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២២។


ភ្នំពេញក្រោន បានឈ្នះ ណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួត Cambodian League Cup លទ្ធផល ៣-០ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៣ ខែឧសភា ។ ក្នុងជំនួបនោះ កីឡាករ លឹម ពិសុទ្ធ ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន បានរងរបួសសរសៃពួរកជើងឆ្វេង ដោយបានប៉ះទង្គិចគ្នាជាមួយកីឡាករ ជា សុខម៉េង របស់ណាហ្គាវើលដ៍ នៅនាទី៧៥។ 
 
តាមការបញ្ជាក់ពីក្លិបភ្នំពេញក្រោន កីឡាកររូបនេះ ត្រូវការពេលព្យាបាល និងសម្រាកយ៉ាងហោចណាស់ ៦ ទៅ ៧សប្ដាហ៍។ បញ្ហារបួសនេះ ធ្វើឲ្យ លឹម ពិសុទ្ធ បាត់បង់ឱកាសម្ដងទៀត នៃការប្រកួតនៅប្រទេសឥណ្ឌា ក្នុងវគ្គជម្រុះក្នុងពូលD នៃពានរង្វាន AFC Asian Cup 2022 ។
 
ជុំវិញបញ្ហានៃការខកខានជាលើកទី២នេះ ពិសុទ្ធ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធTelegram ថា៖«ការរបូតឱកាសនេះ ធ្វើឲ្យខ្ញុំមានការសោកស្ដាយជាខ្លាំង។»។
 
ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោនរូបនេះ បានបាត់បង់ឱកាសប្រកួតឲ្យជម្រើសជាតិម្ដងរួចមកហើយ សម្រាប់ព្រឹត្តិការណ៍ AFF U23 Championship នាអំឡុងខែកុម្ភៈ។ កាលណោះ លឹម ពិសុទ្ធ បានរបួសក្នុងពេលហ្វឹកហាត់ត្រៀមប្រកួត AFF U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
ដោយឡែក ធារី ចន្ថាប៊ិន របស់វិសាខា ត្រូវបានកោះហៅចូលហ្វឹកហាត់ជាមួយជម្រើសជាតិជាថ្មី ជំនួស លឹម ពិសុទ្ធ ដែលមានបញ្ហារបួសនេះ។ កីឡាករបារាំង-ខ្មែររូបនេះ បានបង្ហាញពីការត្រេកអរ និងស្មារតីប្រកួតដើម្បីកម្ពុជា តាមហ្វេសប៊ុកដូច្នេះថា៖«ពិតជាមានមោទកភាព និងសប្បាយចិត្ត ដោយត្រលប់មកជាមួយក្រុមជម្រើសជាតិ និងប្រកួតសម្រាប់កម្ពុជា។»។ 
 
កីឡាកររបស់វិសាខារូបនេះ បានបង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជា លើកដំបូងនៅស៊ីហ្គេមលើកទី២៧ នៅមីយ៉ាន់ម៉ា នាឆ្នាំ២០១៣ និងលើកទី២ នៅវគ្គជម្រុះ FIFA World Cup Qualify ២០១៨ ជាមួយ ម៉ាកាវ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥។ 
 
បច្ចុប្បន្នកីឡាករ៣០រូប កំពុងប្រមូលផ្ដុំហ្វឹកហាត់ ក្នុងនោះ កីឡាករ៧រូប នឹងត្រូវជម្រុះចេញ។ កម្ពុជា នឹងបញ្ជូនកីឡាករ២៣រូបទៅប្រកួតវគ្គជម្រុះក្នុងពូលD នៃពានរង្វាន AFC Asian Cup 2022 ។ ការប្រកួតសម្រាប់ជម្រើសជាតិឈុតធំកម្ពុជា ត្រូវប៉ះជាមួយ ឥណ្ឌា នៅថ្ងៃទី៨ ខែមិថុនា, ជួប ហុងកុង ថ្ងៃទី១១ និងប្រកួតជាមួយ អាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែមិថុនា នៅទីក្រុង Kolkata ឬ Calcutta៕
 

Tag:
 បាល់ទាត់
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com