អន្តរជាតិ
ហេតុអ្វីបានជាប្រទេសជាច្រើនផ្លាស់ប្ដូរទីតាំងរាជធានី/រដ្ឋធានី?
29, May 2022 , 7:30 pm        
រូបភាព
ទិដ្ឋភាពបង្ហាញពីទីតាំងវិមានប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនៅរដ្ឋធានីថ្មី។ រូបថត AFP
ទិដ្ឋភាពបង្ហាញពីទីតាំងវិមានប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនៅរដ្ឋធានីថ្មី។ រូបថត AFP
ក្នុងប្រវត្តិសាស្ត្រ ការតាំងរាជធានី ឬរដ្ឋធានីរបស់ប្រទេសមួយត្រូវបានមើលទៅលើកត្តាមួយ​ចំនួនដូច ជាទីតាំងដែលមានចំនួនប្រជាជនច្រើន មានឥទ្ធិពលនយោបាយខ្ពស់ និងមានសេដ្ឋ​កិច្ច​រឹងមាំ។ យ៉ាង​ណាមិញ ប្រទេសមួយចំនួនបានសម្រេចចិត្តផ្លាស់ប្ដូររាជធានី ឬរដ្ឋធានីរបស់​ខ្លួនទៅ​ទីតាំងមួយផ្សេង ទៀតដោយសារមូលហេតុជាច្រើនខុសៗគ្នា។ ​បញ្ហានយោបាយ ជំនឿសាសនា ជាតិសាសន៍ បរិស្ថាន ​ភាព​រុងរឿង សន្តិភាព សុវត្ថិភាព និងឯកភាពជាតិជាដើម ជាកត្តាត្រូវពិចារណា។ 


ជាធម្មតា រាជធានី ឬរដ្ឋធានី ជាទីតាំងរបស់រដ្ឋាភិបាល ក៏ដូចជាបណ្ដុំក្រសួង ជាតំបន់សេដ្ឋ​កិច្ច​ដ៏ធំ​បង្អស់ដែលចាត់ទុកជាទីតាំងមានឥទ្ធិពលរឹងមាំមួយក្នុងប្រទេស។ ប៉ុន្តែ នៅពេល បញ្ហាណា​មួយ​មិន​អាច​ស្រាយបាន ការផ្លាស់ប្ដូរទីតាំងគឺត្រូវបានលើក​ឡើង​មកពិចារណា។ កន្លងមក រដ្ឋាភិបាល​ប្រទេស​ជាច្រើនបានសម្រេចចិត្តប្ដូរទីតាំងរាជធានី​ខ្លួន ដើម្បីដោះស្រាយបញ្ហា ឬបង្កើនផលប្រយោជន៍​ផ្សេង​ៗ។ 
 
ការផ្លាស់ប្ដូររាជធានី ឬរដ្ឋធានី មិនមែនជារឿងថ្មីឡើយ ហើយហេតុផលខ្លះ ក៏បន្តត្រូវ​បាន​យក​មក​គិត​គូរដដែល ដែលភាគច្រើនកើតឡើង​នៅក្នុងសម័យសង្គ្រាម ដើម្បីការពារសន្ដិសុខ និងសុវត្ថិភាពជាតិ។ ជាក់ស្ដែង ចក្រភពរ៉ូម អេហ្ស៊ីប និងចិនសម័យ​បុរាណសុទ្ធតែបាន​ផ្លាស់ប្ដូររាជធានី​ខ្លួនជារឿយ​ដើម្បី​ការពារខ្លួនពីការ​ឈ្លានពាន ឬសង្រ្គាម។ 
 
ក្នុងសម័យកាលទំនើប ការផ្លាស់ប្ដូរទីតាំងរាជធានី ឬរដ្ឋធានីនៅតែ​មានផងដែរ ដូចជាប្រេស៊ីល បេលី នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ាជាដើម ហើយករណីចុងក្រោយ គឺឥណ្ឌូណេស៊ី។
 
តាមពិត ការផ្លាស់ប្ដូរទីតាំងរាជធានី ឬរដ្ឋធានីបណ្ដាលមកពីកត្តាជាច្រើន ខុសៗគ្នាទៅតាម​ប្រទេស​នីមួយៗ។ ហេតុផលជារួមសម្រាប់ប្រទេសដែលបានប្ដូរទីតាំងរាជធានី ឬរដ្ឋធានីខ្លួន​បានទាក់ទង​នឹ​ង​បញ្ហាដូចជា នយោបាយ ជំនឿសាសនា ជាតិសាសន៍ បញ្ហាបរិស្ថាន ​និងដើម្បីរក្សាភាព​រុងរឿង សន្តិភាព សុវត្ថិភាព និងឯកភាពជាតិជាដើម។ 
 
ជាក់ស្ដែង បេលីបានផ្លាស់ប្ដូររាជធានីខ្លួនដោយសារការបំផ្លាញពីខ្យល់ព្យុះ ខណៈប្រេស៊ីលបាន​សម្រេច​ប្ដូររដ្ឋធានីខ្លួនពី Rio de Janeiro ទៅ​ប្រាស៊ីលីយ៉ា ដោយសារទីតាំងភូមិសាស្ត្រ។ វាស្ថិត​នៅ​ឆ្ងាយ​ពី​រដ្ឋ​ដទៃ​ទៀតខ្លាំង ហើយមានប្រជាជនណែនណាន់ពេក។ ការកសាង​រដ្ឋធានីថ្មីរបស់ប្រេស៊ីល​បាន​ចំណាយអស់ទឹកប្រាក់ប្រមាណ១,៥ពាន់លានដុល្លារ។ 
 
ចំណែក​នីហ្សេរីយ៉ាបានប្ដូររដ្ឋធានី​នៅឆ្នាំ១៩៩១ ​ដោយមូលហេតុអស្ថេរភាពនយោបាយ បញ្ហាសាសនា ទីតាំងមិនសូវអំណោយ​ផល​សម្រាប់ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ។ ឯមីយ៉ាន់ម៉ាវិញ ប្រទេសនេះបានប្ដូរ​រាជធានីខ្លួនពីយ៉ាំងហ្គោន ទៅណៃពិដោ ព្រោះបញ្ហាចំនួនប្រជា​ជនច្រើនពេក និងបញ្ហាស្ទះចរាចរណ៍ រួមជាមួយហេតុផលនយោបាយផងដែរ។ 
 
ឥណ្ឌូណេស៊ី​គឺជាប្រទេសសម្រេចប្ដូររដ្ឋធានី​របស់​ខ្លួន​ចេញពី​ហ្សាការតា ទៅលើកោះកាលី​ម៉ាន់តាន់​ដែ​លមានចម្ងាយប្រហែល ២ពាន់គីឡូម៉ែត្រពីរដ្ឋធានី​ចាស់នេះ។ គម្រោង​ផ្លាស់ប្ដូររដ្ឋធានីនេះត្រូវ​បាន​ប្រកាសដំបូងតាំងពីឆ្នាំ ២០១៩ ដោយប្រធានា​ធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ ហើយ​ទើប​តែត្រូវ​បាន​អនុម័តដោយសភាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ការផ្លាស់ប្ដូរ​រដ្ឋធានី​ជា​ផ្លូវការ​ត្រូវបាន​កំណត់​នៅឆ្នាំ ២០២៤ តែដោយច្បាប់បាន​អនុម័តរួចរាល់ ដំណើរការនៃការផ្លាស់ប្ដូរត្រូវបានអនុញ្ញាត​ជា​បណ្ដើរតាំងពីឆ្នាំ ២០២២ តទៅ។ ​
 
បន្ថែមពីលើចំនួនប្រជាជនដែលហ្សាការតាមិនអាចទ្រាំទ្របាន ប្រទេសអាស៊ី​អាគ្នេយ៍មួយនេះ សម្រេច​​ផ្លាស់ប្តូរ​រដ្ឋធានី​របស់​ខ្លួន​ដោយសារ​តែបញ្ហាបម្រែបម្រួល​អាកាសធាតុផងដែរ។ រដ្ឋធានី​ហ្សាការតា​ ​ជា​ទីក្រុង​ដែលរងគ្រោះពីការបំពុលបរិយា​កាស​ធ្ងន់ធ្ងរ មាន​វិបត្តិទឹកជំនន់ញឹកញាប់ និង​ជាទីក្រុង​ប្រឈម​ហានិភ័យជន់លិចដោយកំណើន​ទឹក​សមុទ្រ។ ការប្ដូររដ្ឋធានីហ្សាការតា គ្រោងនឹងចំណាយលុយ​ប្រមាណជិត៣៥ពាន់លាន​ដុល្លារដែលជា​ទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com