ជាតិ
សេដ្ឋកិច្ច
CDC ព្រមឱ្យក្រុមហ៊ុន៤ ដែលទុនវិនិយោគជិត ១៦លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា
09, Jun 2022 , 6:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រូបថត៖ CDC
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រូបថត៖ CDC
ដោយ ៖ ធន់ សេងហុង 
 
 
ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា (CDC) នៅដើមខែមិថុនានេះ បានអនុម័តឱ្យក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគសរុបជិត ១៦លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា។ បើតាម CDC ក្រុមហ៊ុនទាំងនេះ បង្កើតការងារដល់ពលរដ្ឋ ជាង ៥ ០០០កន្លែង។

 
បើតាម CDC ក្រុមហ៊ុន OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. ដែលគ្រោងបង្កើតរោងចក្រផលិតស្បែកជើង អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ៩១៤កន្លែង។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅស្រុកពញាឮ ខេត្តកណ្តាល ហើយបោះទុនវិនិយោគប្រមាណ ៦លានដុល្លារ។
 
CDC ក៏អនុញ្ញាតឱ្យក្រុមហ៊ុន CASE SI TRAVEL PRODUCTS CO., LTD ដែលមានទុនវិនិយោគប្រមាណ ៤,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។ ក្រុមហ៊ុននេះនឹងបោះទីតាំងវិនិយោគនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ០២៤កន្លែង។ ចំណែកគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SYHJ GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ត្រូវបាន CDC អនុម័តដែរ ។ ក្រុមហ៊ុននេះ អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ៩៥៨កន្លែង និងមានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារ។ 
 
ក្រៅពីក្រុមហ៊ុនទាំងបីខាងលើ CDC ក៏អនុម័តឱ្យក្រុមហ៊ុន SUNRISE OUTDOORS (CAMBODIA) CO., LTD ដែលបោះទុនវិនិយោគប្រមាណ ២,៣លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅស្រុកសំរោង ខេត្តតាកែវ។ រោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៨៥៧កន្លែង៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com