ជាតិ
សេដ្ឋកិច្ច
អាម៉េរិក សម្រេចបន្តលើកលែងពន្ធនាំចូលបន្ទះសូឡា ពីកម្ពុជា
09, Jun 2022 , 7:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ ៖ ធន់ សេងហុង 
 
 
លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រកាសបន្តលើកលែងពន្ធក្នុងការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា(Solar) ពីកម្ពុជា ក្នុងរយៈពេល២ឆ្នាំទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ដោយបញ្ជាក់ថា ក្រៅពីកម្ពុជា ប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម ក៏ទទួលបានអនុគ្រោះពន្ធនេះ​ ផងដែរ។

ដើម្បីជំរុញការផលិត និង ប្រើប្រាស់ថាមពលស្អាត(Clean Energy)នៅក្នុងប្រទេស  លោក ចូ បៃឌិន (Joe Biden)សម្រេចបន្តលើកលែងពន្ធនាំចូលបន្ទះសូឡាពីកម្ពុជា​ វៀតណាម ថៃ និងម៉ាឡេស៊ី នារយៈពេល២ឆ្នាំទៀត។  លោក ចូ បៃឌិន បានថ្លែងបែបនេះ កាលពីថ្ងៃទី៦មិថុនា ឆ្នាំ២០២២។ ការសម្រេចលើកលែងពន្ធនេះ គឺធ្វើឡើងស្របដែលក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងស៊ើបអង្កេតយ៉ាងស៊ីជម្រៅទៅលើក្រុមហ៊ុនចំនួន៨​ ដែលផលិតបន្ទះសូឡានៅប្រទេសទាំង៤នេះ  ដើម្បីគេចវេសពីការបង់ពន្ធ។​
 
 
លោក ចូ បៃឌិន បានបញ្ជាក់ថា គោលដៅនៃការបន្តលើកលែងពន្ធនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡានេះ គឺដើម្បីសម្រួលបណ្តោះអាសន្ននូវការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យ ដោយធានាថាអាម៉េរិកនឹងមានការផ្គត់ផ្គង់ថាមពលព្រះអាទិត្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការផលិតអគ្គិសនីរបស់ខ្លួន ខណៈការផលិតក្នុងស្រុកអាចបង្កើនប្រតិបត្តិការ។ លោកសង្កត់ធ្ងន់ថា៖ «បច្ចេកវិទ្យាថាមពលស្អា តគឺជាផ្នែកមួយដ៏សំខាន់ដូចនឹងឃ្លាំងអាវុធផងដែរ ដែលអាម៉េរិកត្រូវតែប្រើប្រាស់ ដើម្បីកាត់បន្ថយថ្លៃដើមថាមពលសម្រាប់គ្រួសារ,​ កាត់បន្ថយហានិភ័យចំពោះបណ្តាញអគ្គិសនីរបស់ខ្លួន និងដោះស្រាយបន្ទាន់ វិបត្តិនៃការប្រែប្រួលអាកាសធាតុ »។
 
 
ជុំវិញនៃការបន្តលើកលែងពន្ធនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៨មិថុនា ថា បច្ចុប្បន្ន ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជាទៅទីផ្សារអាម៉េរិក​ គឺបង់ពន្ធ ដែលគិតតាមគោលការណ៍MFN (The Most-Favoured-Nations)។  MFN គឺសំដៅលើប្រទេសដែលគួរទទួលបានការអនុគ្រោះពន្ធបំផុត។ MFN ជាប្រភេទនៃប្រព័ន្ធអនុគ្រោះពន្ធមួយដល់ប្រទេសដែលគេមើលឃើញថាគួរតែទទួលបានការអនុគ្រោះព​ន្ធបំផុត។ ប្រទេសទាំងនោះ គឺជាប្រទេសក្រីក្រ សេដ្ឋកិច្ចមិនមានសក្កានុពលខ្លាំងក្លា និងមានការរីកចម្រើន តិចតួច។ 
 
លោក ប៉ែន សុវិជាតិ បាននិយាយដូច្នេះ៖​ «នៅក្នុងតារាងពន្ធ MFN របស់អាម៉េរិក ការនាំចូលបន្ទះសូឡាពីកម្ពុជា​ និងប្រទេស៣ [វៀតណាម ថៃ និងម៉ាឡេស៊ី]ទៀត គឺសូន្យ​។ ការលើកឡើងបែបនេះ ដោយសារតែអាម៉េរិកមានបំណងដាក់ពន្ធ ក្រោយពីមានការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកក្រុមហ៊ុននាំចូលទាំងនោះមានការតវ៉ា និងនាំចូលនៅបរិមាណតិចជាងមុន» ។
 
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ កម្ពុជាជាប្រទេសដែលផលិតតិចតួចនូវបន្ទះសូឡា ដោយភាគច្រើន កម្ពុជាទិញទំនិញពាក់កណ្តាលសម្រេច ដើម្បីមកដំឡើងជាផលិតសម្រេចដើម្បីនាំចេញ ។ 
 
បើយោងតាមរបាយករណ៍របស់ក្រុមហ៊ុន Rystad Energy បានបង្ហាញថា កាលឆ្នាំ២០២១ អាម៉េរិក នាំចូលបន្ទះសូឡា ពីកម្ពុជា​ វៀតណាម ថៃ​ និងម៉ាឡេស៊ី ក្នុងអត្រា៨៥ភាគរយនៃការនាំចូលសមត្ថភាពថាមពលពន្លឺព្រះអាទិត្យសរុប។ ដោយឡែក ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២ អាម៉េរិក នាំចូលបន្ទះសូឡាពីប្រទេសទាំង៤នេះ រហូតដល់ ៩៩ភាគរយ។ 
 
បច្ចុប្បន្ន អាម៉េរិកកំពុងបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យនៅក្នុងស្រុក ឱ្យបានបីដងនៃថាមពលពន្លឺព្រះអាទិត្យ ពី៧៥០០MW (មេកាវ៉ាត់) ឱ្យដល់ចំនួន២២៥០០MW (មេកាវ៉ាត់)នៅត្រឹមឆ្នាំ២០២៤។  ចំនួននេះ គ្រប់គ្រាន់ក្នុងការផ្តល់លទ្ធភាពឱ្យពលរដ្ឋរស់នៅជាង ៣,៣លានខ្នងផ្ទះ អាចប្តូរទៅប្រើថាមពលពន្លឺព្រះអាទិត្យស្អាតជារៀងរាល់ឆ្នាំបាន៕ 
 
 

Tag:
 Solar
  Clean Energy
© រក្សាសិទ្ធិដោយ thmeythmey.com