ជាតិ
សេដ្ឋកិច្ច
KOICA ផ្តល់ជំនួយ១០លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ជនបទក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ
10, Jun 2022 , 2:46 pm        
រូបភាព
លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា ។ រូបថត ៖ KOICA ។
លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា ។ រូបថត ៖ KOICA ។
ដោយ ៖ ធន់ សេងហុង 
 
 
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ១០លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោង  «ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ»។ គម្រោងនេះ ដែលរយៈពេល៥ឆ្នាំ ចាប់ពី២០២២-២០២៦នេះ  នឹងត្រូវនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។

 
ពិធីចុះហត្ថលេខាលើកំណត់កំណត់ហេតុ នៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ នេះត្រូវបានធ្វើឡើង នាថ្ងៃទី៩ មិថុនា រវាងលោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ 
 
តាមទំព័រហ្វេសប៊ុករបស់  KOICA គម្រោងដែលមានទឹកប្រាក់ ១០លានដុល្លារនេះ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២២-២០២៦ ជាមួយនឹងសកម្មភាពចម្បងដូចជា កែលម្អជីវភាពរស់នៅជនបទ បង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និង ពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។ 


 ពិធីចុះហត្ថលេខាលើគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះរវាង KOICA និង ក្រសួងអភិវឌ្ឍន៍ជនបទ។ រូបថត ៖ KOICA ។ 

ខេត្តគោលដៅចំនួន ៣ ដែលត្រូវអនុវត្តគម្រោងនេះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិនដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកក្រោយសង្គ្រាម។ បើតាម KOICA គម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ មានគោលបំណងអភិវឌ្ឍតំបន់ភាគពាយ័ព្យ ប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទ ប្រកបដោយបរិយាប័ន្ន។ 
 
គួរកត់សម្គាល់ថា ក្នុងរយៈ៣០ឆ្នាំមកនេះ KOICA បានផ្ដល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាម៉េរិកដល់កម្ពុជា ក្រោមទម្រង់នៃគម្រោងអភិវឌ្ឍន៍ កម្មវិធីបណ្ដុះបណ្ដាល ការប្រឹក្សា អ្នកស្ម័គ្រចិត្តជាដើម ដោយបានបង្កើនចំនួនជាបន្តបន្ទាប់រាល់ឆ្នាំ។ ក្នុងឆ្នាំ២០២២នេះវិញ KOICA បានជំនួយឥតសំណងដល់កម្ពុជា ចំនួន៣០លានដុល្លារ ជាមួយនឹងគម្រោងភាពជាដៃគូប្រចាំប្រទេស ចំនួន១៤ កម្មវិធីភាពជាដៃគូរវាងសាធារណៈ និងឯកជនចំនួន១៨ បណ្ដុះបណ្ដាល (CIAT) កម្មវិធីស្ម័គ្រចិត្តកូរ៉េជាដើម៕
 
 

Tag:
 KOICA
 បាត់ដំបង
  ជនបទ
  ប៉ៃលិន
  បន្ទាយមានជ័យ
  ជំនួយ
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com