ជាតិ
សេដ្ឋកិច្ច
ទារកដ្ឋានសហគមន៍ចំនួន៣កន្លែង ត្រូវបានដាក់ឱ្យដំណើរនៅខេត្តកំពង់ស្ពឺ
11, Jun 2022 , 10:43 am        
រូបភាព
ដោយ៖ ធន់ សេងហុង 
 
ទារកដ្ឋានសហគមន៍របស់អង្គការពិភពកុមារ និងអភិវឌ្ឍន៍ចំនួន៣កន្លែង ត្រូវបានដាក់ឱ្យដំណើរការ ក្នុងជំហានដំបូងសម្រាប់ខេត្តកំពង់ស្ពឺ។ ទារកដ្ឋាននេះ នឹងផ្តល់សេវាថែទាំ ទារកចាប់ពី អាយុ៣ខែ ដល់៣ឆ្នាំ​ ដែលមានឪពុកម្តាយ ជាកម្មកររោងចក្រប៉ុណ្ណោះ។

 
អង្គការពិភពកុមារ និងអភិវឌ្ឍន៍បានដាក់ឱ្យដំណើរកា​រ ទារកដ្ឋានសហគមន៍ដំបូងចំនួន៣ ដែលស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការពិភពកុមារ និងអភិវឌ្ឍន៍ នាថ្ងៃទី៣ ខែមិថុនា ការបង្កើតទារកដ្ឋាននេះ គឺបង្កើតការផ្តល់សេវាថែទាំមួយ ប្រកបដោយគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យ ដែលមាននិរន្តរភាព សម្រាប់ទារក និងកុមារតូច ដែលមានឪពុកម្តាយជាកម្មកររោងចក្រ ដោយធានាឱ្យបាននូវការអភិវឌ្ឍនាពេលអនាគត និងសុខុមាលភាពកាន់តែល្អប្រសើរ។ ទារកដ្ឋាននេះ ក៏​ដើម្បីជួយសម្រួលដល់ឪពុកម្តាយ ឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងកាបង្កើនផលិតភាពការងារនៅក្នុងរោង​​ចក្រ តាមរយៈកាត់បន្ថយការលាឈប់ និងអវត្តមានរបស់កម្មករសម្រាប់ថែទាំកូនៗ។
 
លោកស្រី SELLE Stephanie នាយកប្រតិបត្តិអង្គការពិភពកុមារ និងអភិវឌ្ឍន៍ប្រចាំកម្ពុជា បានលើកឡើងថា ៖ «គុណភាពនៃការថែទាំទារក និងកុមារតូច ​គឺជាភាពចាំបាច់សម្រាប់អនាគតកុមារ និងសុខុមាលភាពរបស់ពួកគេ»។  បើតាមអ្នកស្រី គម្រោងនៃការបង្កើតទារកដ្ឋាននេះ ក្រៅពីផ្តោតលើខេត្តកំពង់ស្ពឺហើយនោះ ក៏ផ្តោតសំខាន់នៅខេត្តកណ្តាល និងកំពង់ចាម ផងដែរ។
 
​លោក ម៉ៅ សុភ័ស្ត អ្នកគ្រប់គ្រងគម្រោងអង្គការពិភពកុមារ និងអភិវឌ្ឍន៍ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១០មិថុនាថា គម្រោងទារកដ្ឋានសហគមន៍នេះ ផ្តោតសំខាន់លើសុវត្ថិភាព និងការលូតលាស់ល្អរបស់កុមារ ដោយប្រើឧបករណ៍ ឬប្រដាប់ប្រដាលេងរបស់កុមារណា ដែលជួយដល់ការលូតលាស់របស់កុមារ ជាពិសេសជួយបង្កើនអាហារូបត្ថម្ភ និងលូតលាស់ផ្នែកខួរក្បាលលឿន និងកាត់បន្ថយការលេងទូរស័ព្ទច្រើនរបស់ក្មេង។ សេវាថែទាំទារក ឬកុមារតូចម្នាក់ មានតម្លៃត្រឹម ៤៥ដុល្លារប៉ុណ្ណោះ។ នេះបើតាម លោក ម៉ៅ សុភ័ស្ត​ ដែលបានពន្យល់បន្ថែមពីការជ្រើសរើសខេត្តកំពង់ជាគោលដៅអនុវត្តគម្រោងនេះមុនគេ ដូច្នេះ៖«គម្រោងបានជ្រើសរើសខេត្តកំពង់ស្ពឺ ដើម្បីសាកល្បងមុនគេ ដោយសារខេត្តនេះមានចំនួនកម្មកររោងចក្រច្រើន ហើយឪពុកម្តាយរបស់ក្មេងភាគច្រើនមកធ្វើការនៅពេលព្រឹករួចត្រលប់ទៅផ្ទះវិញនៅពេលល្ងាច ដែលជាហេតុធ្វើឱ្យមានលំបាកដល់ពួកគេក្នុងការថែទាំកូនរបស់ពួកគេ»។
 
គម្រោងបង្កើតទារកដ្ឋានសហគមន៍​ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីមូលនិធិអភិវឌ្ឍសង្គមរបស់ប្រទេសជប៉ុន គ្រប់គ្រងដោយធនាគារពិភពលោក។ ​​ដើម្បីធានាបានគុណភាពនៃការថែទាំ និងសុវត្តិភាពកុមារ អង្គការ​ពិភពកុមា រនិងអភិវឌ្ឍន៍ បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលដើម្បីបណ្តុះបណ្តាល​បុគ្គលិករបស់គម្រោងទារកដ្ឋានសហគមន៍ រយៈពេល១៥ថ្ងៃ លើជំ នាញដែលពាក់ព័ន្ធនឹងការគាំពារ និងការអភិវឌ្ឍកុមារ ការគ្រប់គ្រងទីកន្លែង ប្រដាប់ប្រដា លេង របៀបនៃការថែទាំ វិធីសង្រ្គោះបន្ទាន់ និងការចម្អិនអាហារជាដើម ពីបុគ្គលិកជំនាញប្រចាំអង្គការផ្ទាល់តែម្តង។ 
 
សេចក្តីប្រកាសព័ត៌មានរបស់អង្គការពិភពកុមារ និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ទារកដ្ឋាននីមួយៗ គឺអាចទទួលកុមារ-ទារក បាន២៥នាក់។ តាមផែនការអង្គការ នឹងបង្កើតទារកដ្ឋាន ឱ្យបានចំនួន ១៤កន្លែង ក្នុងនោះមានទារកដ្ឋាន៤កន្លែង កំពុង​សាងសង់ និង៥កន្លែងទៀត  ​បានកំណត់ទីតាំងសាងសង់រួចរាល់៕ 
 

Tag:
 ទារកដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com