ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីនេះ ពីនោះ
លោក ស៊ឹម ប៊ុនធឿន ពន្យល់ពីការបាក់រលំដើមឈើ ដែលកំពុងកើតមាននៅទន្លេមេគង្គលើ
11, Jun 2022 , 8:39 pm        
រូបភាព
ស្ទឹងត្រែង៖ បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យរបបទឹកប្រែប្រួល កំពុងជះផលអាក្រក់ បណ្ដាលឱ្យដើមឈើតូចធំបាក់រលំជាបន្តបន្ទាប់។ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ NTEP EP លើកឡើងថា ប្រសិនការបាក់រលំនេះ ក្នុងបរិមាណច្រើននោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជលផល តាមបណ្ដោយដងទន្លេមេគង្គ។


 
តទៅនេះ សូមអញ្ជើញ លោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាងលោក ស៊ុល រ៉វី និង លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ NTEP EP ដូចតទៅ៖

 
 
ប្រសិនបើលោក-អ្នកធ្វើដំណើរតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង លោក-អ្នកនឹងឃើញទិដ្ឋភាព នៃការបាក់រលំដើមឈើលិចទឹកទាំងតូចទាំងធំគួរឱ្យសោកសង្រេង។ ដើមឈើលិចទឹកទាំងនោះ ត្រូវបានពលរដ្ឋក្នុងតំបន់សង្កេតឃើញថា មានការបាក់រលំតាំងពីឆ្នាំ២០០០មកម៉្លេះ។
 
លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ NTEP EP លើកឡើងថា ការបាក់រលំដើមឈើនេះ បណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ ទើបធ្វើឱ្យរបបទឹកប្រែប្រួល។ លោក ស៊ឹម ប៊ុនធឿន អះអាងបែបនេះ នាទស្សនកិច្ចសិក្សា របស់ក្រុមអ្នកសារព័ត៌មាន ទៅកាន់សហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង។
 
«ទីមួយវាផ្អែកលើកត្តាធម្មជាតិ គឺសំដៅរបបទឹកដែលប្រែប្រួល។ ពេលខ្លះរដូវវស្សាដែលទឹកមិនធ្លាប់មានកម្ពស់១២ម៉ែត្រ បែរជាវាមាន១២ម៉ែត្រ ហើយកម្ពស់ទឹក១២ម៉ែត្រ វាអាចមានល្បឿននៃការហូរអាចលឿនជាង អាចខ្លាំងជាង»។ នេះជាការពន្យល់ពីការបាក់រលំដើមឈើរបស់ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ NTEP EP ដោយលោកបន្ថែមថា នៅពេលកម្ពស់ទឹកឡើងខ្ពស់ និងល្បឿនហូរលឿន បណ្ដាលឱ្យច្រោះដី និងដាច់ឫស ដើមឈើទាំងនោះ ជាហេតុធ្វើឱ្យរលំ។
 
បើតាមលោក ប៊ុនធឿន ក្រៅពីរបរទឹកខ្ពស់ និងល្បឿនលឿនប៉ះពាល់ដល់ដើមឈើ កម្ពស់ទឹកទាប នៅរដូវប្រាំងក៏ជាមូលហេតុ នៃការបាក់រលំនេះផងដែរ ដោយសារការទទួលបានរបបទឹកមិនគ្រប់គ្រាន់។ លោក ប៊ុនធឿន បន្ថែមថា ការកសាងទំនប់វារីអគ្គិសនី ក៏ជាផ្នែកមួយ នៃការចូលរួមធ្វើឱ្យបម្រែបម្រួលរបរទឹក ទន្លេមេគង្គកម្ពុជាផងដែរ៕

Tag:
 ការបាក់រលំដើមឈើ
  ទន្លេមេគង្គ
  ស៊ឹម ប៊ុនធឿន
© រក្សាសិទ្ធិដោយ thmeythmey.com