ជាតិ
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
12, Jun 2022 , 10:19 am        
រូបភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ មាន១១ជំពូក និង៤៣មាត្រា ដែលផ្ដោតលើក្របខណ្ឌ និងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របនៃម្ហូបអាហារ។


 
ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១១ ឧសភា និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៨ ឧសភា។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលគ្របដណ្ដប់គ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ និងលើអាជីវកម្មម្ហូបអាហារនៅកម្ពុជា។
 
បើតាមព្រះរាជក្រមរបស់ព្រះមហាក្សត្រ ក្រសួងពាណិជ្ជកម្មមានសមត្ថកិច្ចដឹកនាំ សម្របសម្រួលការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។ ជាមួយគ្នានេះ ក្នុងច្បាប់នេះ តម្រូវឱ្យគ្រប់អាជីវកម្មម្ហូបអាហារ ត្រូវមានលិខិតអនុញាត្តពីស្ថាប័នមានសមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 
 
ទន្ទឹមនឹងនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក៏បានហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលមានលក្ខណៈភូតកុហកពង្វាងការពិតផងដែរ។ លើសពីនេះ មន្រ្តីអធិការកិច្ចម្ហូបអាហារ នឹងចុះត្រួតពិនិត្យ និងអង្កេតនៅតាមទីផ្សារ ចំពោះផលិតផលដែលមានហានិភ័យខ្ពស់។
 
ពាក់ព័ន្ធនឹងទណ្ឌកម្ម នៅក្នុងច្បាប់នេះ មានទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ។ ចំពោះទណ្ឌកម្មរដ្ឋបាល គឺព្រមានជាលាយលក្ខណ៍អក្សរ, ការព្យួរ ឬដកហូតលិខិតអនុញាត និងការបិទអាជីវកម្ម។ ដោយទណ្ឌកម្មព្រហ្មទណ្ឌ មានការពិន័យអន្តរការណ៍, ពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ៕

Tag:
 ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com